ព័ត៌មានអន្ដរជាតិ
រកឃើញរណ្ដៅល្អាងដ៏ជ្រៅនៅលើភពព្រះចន្ទ ទំនងអាចសង់មូលដ្ឋានអចិន្ត្រៃយ៍សម្រាប់មនុស្ស
ជាលើកដំបូង អ្នកវិទ្យាសាស្ត្របានរកឃើញរណ្ដៅល្អាងដ៏ជ្រៅមួយកន្លែងនៅលើភពព្រះចន្ទ ដែលមានជម្រៅយ៉ាងហោចណាស់ ១០០ម៉ែត្រ ហើយវាអាចក្លាយជាកន្លែងដ៏ល្អសម្រាប់មនុស្សក្នុងការកសាងមូលដ្ឋានអចិន្ត្រៃយ៍នៅទីនោះបាន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ រណ្ដៅដែលទើបរកឃើញថ្មីនេះ គ្រាន់តែជារណ្ដៅមួយប៉ុណ្ណោះក្នុងចំណោមរណ្ដៅរាប់រយកន្លែងទៀត ដែលក្រុមអ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញនៅលើភពព្រះចន្ទ។ អ្នកវិទ្យាសាស្ត្រ២រូបគឺលោក Lorenzo Bruzzone និងលោក Leonardo Carrer នៅសកលវិទ្យាល័យ Trento ប្រទេសអ៊ីតាលី បានប្រើបច្ចេកវិទ្យាប្រព័ន្ធរ៉ាដា Mare Tranquillitatis ក្នុងការវាស់ជម្រៅ និងសណ្ឋានរណ្ដៅល្អាង។
បើតាមពិតទៅ ព្រោះតែមានទំហំធំខ្លាំង រណ្ដៅនេះអាចមើលឃើញដោយភ្នែកទទេពីផែនដី ហើយវាក៏ជាកន្លែងមួយនៅជិតកន្លែងដែលយាន Apollo ទី១១ ធ្លាប់បានចុះចតដែរ កាលពីឆ្នាំ១៩៦៩។ រណ្ដៅនេះទៀតសោត ទំនងជាត្រូវបានបង្កើតឡើងកាលពីរាប់លាន ឬរាប់ពាន់លានឆ្នាំមុន នៅពេលមានកម្អែភ្នំភ្លើងហូរនៅលើភពព្រះចន្ទ ហើយបង្កើតបានជាផ្លូវរូងក្រោមដីយ៉ាងដូច្នេះ។ ឧទាហរណ៍ក្នុងករណីស្រដៀងគ្នាដែលបង្កើតឲ្យមានរណ្ដៅដ៏ជ្រៅបែបនេះនៅលើព្រះចន្ទ គឺរណ្ដៅភ្នំភ្លើងនៅលើកោះ Lanzarote ប្រទេសអេស្ប៉ាញ ដែលក្រុមអ្នកវិទ្យាសាស្ត្របាននាំគ្នាទៅសិក្សានៅទីនោះ ដើម្បីស្វែងយល់បន្ថែមទៀតពីគម្រោងតាំងមូលដ្ឋាននៅលើភពព្រះចន្ទ។
លោកសាស្ត្រចារ្យ Leonardo Carrer បានរៀបរាប់ថា ជីវិតដំបូងនៅលើផែនដីផ្ដើមចេញពីការរស់នៅក្នុងរណ្ដៅល្អាង ហេតុដូច្នោះហើយវាជារឿងសមហេតុផលដែលមនុស្សគួរតែអាចរស់នៅក្នុងរណ្ដៅល្អាងលើភពព្រះចន្ទដូចគ្នា។
កន្លងមក ប្រទេសជាច្រើន កំពុងប្រជែងគ្នា ដើម្បីពាំនាំនូវវត្តមានរបស់មនុស្សទៅតាំងមូលដ្ឋានអចិន្ត្រៃយ៍នៅលើព្រះចន្ទ ខណៈបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះ គឺពួកគេត្រូវការពារអវកាសយានិកពីវិទ្យុសកម្ម បម្រែបម្រួលសីតុណ្ហភាព និងអាកាសធាតុនៅក្នុងលំហ។
អ្នកស្រី Helen Sharman ដែលជាអវកាសយានិកអង់គ្លេសដំបូងគេធ្វើដំណើរទៅកាន់ទីអវកាស បានប្រាប់ BBC ថា រណ្ដៅដែលទើបរកឃើញថ្មី ទំនងជាកន្លែងល្អ អាចយកប្រើប្រាស់សម្រាប់សាងសង់មូលដ្ឋាន។ ទន្ទឹមនោះ អវកាសយានិករូបនេះ បានប៉ាន់ប្រមាណថា មនុស្សអាចទៅរស់នៅក្នុងរណ្ដៅនេះនៅក្នុងរយៈពេល២០ ទៅ៣០ឆ្នាំខាងមុខ។
រណ្ដៅល្អាងនៅលើភពព្រះចន្ទ នឹងផ្ដល់ជាប្រយោជន៍ចំពោះមនុស្សជាតិ ដែលអាចឲ្យយើងដឹងពីប្រវត្តិនៃការកកើតភពព្រះចន្ទ ព្រមទាំងប្រព័ន្ធព្រះអាទិត្យថែមទៀតផង ដោយផ្អែកលើការសិក្សាផ្ទាំងថ្មនៅខាងក្នុងរណ្ដៅល្អាង ដែលមិនធ្លាប់រងការខូចខាត ឬបំផ្លាញដោយសារកត្តាអាកាសធាតុនៅក្នុងលំហនោះទេ ដូច្នេះវាអាចផ្តល់នូវកំណត់ត្រាភូមិសាស្ត្រយ៉ាងទូលំទូលាយដែលមានអាយុកាលរាប់ពាន់លានឆ្នាំ៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


