ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងប្រឈមរឿងនយោបាយក្តៅជាច្រើននៅថ្ងៃសុក្រនេះ
តុលាការធម្មនុញ្ញធម្មនុញ្ញនៃប្រទេសកូរ៉េខាងត្បូងគ្រោងនឹងបើកសវនាការត្រៀមលើកដំបូងនៅរសៀលថ្ងៃសុក្រនេះ ខណៈរដ្ឋសភាក៏គ្រោងនឹងដំណើរការបោះឆ្នោតចោទប្រកាន់ទម្លាក់ប្រធានាធិបតីស្តីទី ដោយសារតែការបដិសេធសំណើររបស់សភាក្នុងការចេញក្រឹត្យតែងតាំង។
ការបើកសវនាការរបស់តុលាការធម្មនុញ្ញគឺដើម្បីត្រួតពិនិត្យដំណើរការលើសវនាដែលស្របតាមលក្ខខណ្ឌច្បាប់សម្រាប់ការចោទប្រកាន់ទម្លាក់អំណាចដែលដាក់ពាក្យបណ្តឹងដោយរដ្ឋសភាប្រឆាំងលោកប្រធានាធិបតី Yoon Suk Yeol ជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់គាត់។

តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Yonhap សវនាការដំណើរការអង្គសេចក្តីលើកដំបូង ត្រូវគ្រោងធ្វើឡើងនៅម៉ោង២រសៀលថ្ងៃសុក្រនេះ ដោយមានការចូលរួមដោយតំណាងផ្លូវច្បាប់របស់ប្រធានាធិបតី Yoon និងតំណាងរដ្ឋសភាមកប្រជុំគ្នា ដើម្បីដោះស្រាយសំណុំរឿង បង្ហាញបញ្ជីសាក្សី និងភស្តុតាង និងសម្របសម្រួលកាលបរិច្ឆេទនៃដំណើរការនីតិវិធីនាពេលខាងមុខ។
នៅថ្ងៃសុក្រនេះដែរ រដ្ឋសភាកូរ៉េខាងត្បូងដែលគណបក្សប្រជាធិបតេយ្យគ្រប់គ្រងស្ទើរទាំងស្រុង ក៏នឹងដំណើរការបោះឆ្នោតទម្លាក់លោក Han Duck-soo នាយករដ្ឋមន្ត្រី និងជាប្រធានាធិបតីស្តីទី ដែលបដិសេធមិនចេញក្រឹត្យតែងតាំងក្រុមស៊ើបអង្កេតពិសេសបង្កើតឡើងដោយសភា ក៏ដូចជាការតែងតាំងចៅក្រមនៃតុលាការធម្មនុញ្ញ៣រូបសម្រាប់កៅអីដែលនៅទំនេរ។
ចៅក្រមពីររូបនៃតុលាការធម្មនុញ្ញ គឺចៅក្រម Lee Mi-son និង Cheong Hyung-sik ដែលជាចៅក្រមដែលត្រូវបានចាត់តាំងសម្រាប់ដំណើរការរៀបចំនឹងធ្វើជាអធិបតីក្នុងសវនាការ។ តុលាការធម្មនុញ្ញនៃប្រទេសកូរ៉េខាងត្បូងកំពុងស្ថិតនៅក្នុងស្ថានភាពចម្រូងចម្រាសនៅឡើយ ដោយសាតែក្រុមប្រឹក្សានៃតុលាការនេះបច្ចុប្បន្នមានសមាជិកត្រឹម៦រូបនៃសមាជិកសរុប៩រូប ព្រោះសមាជិក៣រូបផ្សេងទៀតផុតអាណត្តិ នឹងមិនត្រូវបានតែងតាំងទាន់ពេល ដោយសារតែជម្លោះរវាងសភានិងប្រធានាធិបតី។
រហូតមកដល់ព្រឹកថ្ងៃសុក្រនេះ ប្រធានាធិបតី Yoon បានបដិសេធមិនទទួលយកឯកសារដែលទាក់ទងនឹងការកាត់ក្តីក្នុងសំណុំរឿងរបស់គាត់ទេ ហើយក៏បានខកខានក្នុងការតែងតាំងក្រុមមេធាវីការពារក្តីឱ្យដោះស្រាយសំណុំរឿងនេះដែរ។
ទោះជាយ៉ាងណាក៏ដោយ នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ អ្នកតំណាងរបស់ប្រធានាធិបតី បានប្រកាសចាត់តាំងក្រុមដែលដឹកនាំដោយអតីតគណៈកម្មការទំនាក់ទំនងកូរ៉េ លោក Kim Hong-il និងរួមទាំងមេធាវី Bae Bo-yoon និង Yun Gap-geun ។
ពួកគេបាននិយាយថា ក្រុមមេធាវីនឹងដាក់សេចក្តីជូនដំណឹងនៃការណាត់ជួបនិងចូលរួមក្នុងសវនាការនៅថ្ងៃក្រោយ ខណៈដែលរដ្ឋសភានឹងត្រូវតំណាងដោយតំណាងរាស្រ្ត Jung Chung-rae ប្រធានគណៈកម្មាធិការនីតិកម្ម និងតុលាការក្នុងចំណោមអ្នកដទៃទៀត។
ប្រធានាធិបតី Yoon Suk Yeol បានបដិសេធការចោទប្រកាន់ដែលគាត់បានញុះញង់ឱ្យមានការបះបោរដោយការប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ខែធ្នូដោយលើកហេតុផលថាវាជា «កិច្ចការនៃអភិបាលកិច្ច» និងការព្រមានប្រឆាំងនឹងអ្វីដែលគាត់បានពិពណ៌នាថាជាការរំលោភអំណាចនីតិបញ្ញត្តិដោយគណបក្សប្រជាធិបតេយ្យប្រឆាំងដ៏ធំនោះ។
ប្រធានាធិបតីដែលរដ្ឋសភាបោះឆ្នោតព្យួរអំណាចនេះ ក៏ខកខានក្នុងការចូលឆ្លើយបំភ្លឺដោយខ្លួនឯងឬចាត់តំណាង ចំពោះការកោះហៅយ៉ាងហោចណាស់២ដងរួចមកហើយ ដោយក្រុមស៊ើបអង្កេតពិសេសមួយបង្កើតឡើងដោយរដ្ឋសភា ដើម្បីសាកសួរលើការចោទប្រកាន់ពីការបះបោរ។
តុលាការធម្មនុញ្ញកូរ៉េមានពេល១៨០ថ្ងៃក្នុងការសម្រេចថាតើត្រូវរក្សាការចោទប្រកាន់ ឬត្រូវលើកលែងការចោទប្រកាន់ពីថ្ងៃដែលខ្លួនបានទទួលសំណុំរឿងនេះនៅថ្ងៃទី១៤ខែធ្នូ។
ប្រសិនបើការចោទប្រកាន់ត្រូវបានបន្ត លោក Yoon នឹងត្រូវដកចេញពីតំណែង ដែលតម្រូវវឱ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងរយៈពេល៦០ថ្ងៃ។ ក្នុងករណីដែលសាលដីកាតុលាការធម្មនុញ្ញច្រានចោលពាក្យបណ្តឹងសភា នោះអំណាចប្រធានាធិបតីរបស់លោក Yoon នឹងត្រូវបានស្តារឡើងវិញ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


