Connect with us

ព័ត៌មានអន្ដរជាតិ

​កូរ៉េខាងជើង​​ផ្លាស់ប្តូរសារនយោបាយ និង​ ​ពង្រឹង​បន្ទាត់​ព្រំដែនជាមួយកូរ៉េខាងត្បូង

បានផុស

នៅ

មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដាក់ចេញបញ្ជាដាច់ខាតឲ្យកងទ័ព​របស់ខ្លួន​ ពង្រឹងកងឯកភាពជួរមុខ និងបំប្លែងខ្សែបន្ទាត់ព្រំដែនជាប់កូរ៉េខាងត្បូង ឲ្យទៅជា «បន្ទាយការពារមិនអាចវាយលុកបាន» ដើម្បីពង្រឹងសមត្ថភាពទប់ស្កាត់សង្គ្រាមឲ្យកាន់តែមានប្រសិទ្ធភាព ។

មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន(រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍នេះបានកើតឡើង​នៅក្នុងកិច្ចប្រជុំពិសេសមួយកាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ រវាងលោក គីម ជុងអ៊ុន និងមេបញ្ជាការកងពលតូច និងកងពលធំមកពីទូទាំងប្រទេស ដែលត្រូវបានកត់ត្រាថាជាជំនួបជាមួយមេបញ្ជាការថ្នាក់ក្រោមលើកដំបូងបំផុត ចាប់តាំងពីលោកបានឡើងកាន់អំណាច។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters

ចំពោះមូលហេតុចម្បង ដែលនាំឲ្យមានការសម្រេចចិត្តយ៉ាងតក់ក្រហល់នាពេលនេះ គឺផ្តើមចេញពីការផ្លាស់ប្តូរទស្សនៈនយោបាយយ៉ាងគំហុករបស់ទីក្រុងព្យុងយ៉ាង ដែលបានលុបចោលរាល់ឃ្លាឃ្លោងនិយាយពី «ការបង្រួបបង្រួមជាតិ» នៅក្នុងរដ្ឋធម្មនុញ្ញ និងបានកែប្រែមកចាត់ទុកកូរ៉េខាងត្បូងជា «រដ្ឋដាច់ដោយឡែកមួយ» ព្រមទាំងជា «សត្រូវសួរពូជ» ដ៏ចម្បងបំផុត ។

ការប្រកាសកាត់ផ្តាច់ទំនាក់ទំនងនេះ តម្រូវឲ្យកូរ៉េខាងជើងត្រូវតែសម្រុកសាងសង់ជញ្ជាំង រនាំងការពារ និងបិទច្រកព្រំដែនគោកយ៉ាងណែនក្រាស់តាំងពីខែមីនាមកម្ល៉េះ។

ទន្ទឹមនឹងនេះ បញ្ជារបស់លោកក៏ជាការទាញយកមេរៀនយ៉ាងសំខាន់ពី «សង្គ្រាមទំនើប» ដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា ។ តាមការវិភាគរបស់ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានកូរ៉េសម្រាប់ការបង្រួបបង្រួមជាតិ (KINU) បានបង្ហាញថា ទីក្រុងព្យុងយ៉ាងកំពុងផ្ដោតខ្លាំងលើការកែប្រែប្រព័ន្ធហ្វឹកហ្វឺន ដើម្បីបង្កើតខែលការពារខ្លួនពីបច្ចេកវិទ្យាយោធាថ្មីៗ ជាអាទិ៍ការវាយប្រហារដោយដ្រូន , មីស៊ីលនាំផ្លូវច្បាស់លាស់ និងសង្គ្រាមអេឡិចត្រូនិក។

ជាងនេះទៅទៀត សកម្មភាពពង្រឹងបន្ទាយសឹកនេះ បានធ្វើឡើងចំពេលដែលកងទ័ពកូរ៉េខាងត្បូងចាប់ផ្តើមធ្វើសមយុទ្ធយោធារយៈពេល ៥ថ្ងៃ តាមប្រព័ន្ធកុំព្យូទ័រ ដើម្បីត្រៀមលក្ខណៈឆ្លើយតបនឹងការគំរាមកំហែងនានា ។ ក្រៅពីការរៀបចំបន្ទាយការពារនៅលើដីគោក ក្រុមអ្នកជំនាញយោធាក៏បានព្រមានផងដែរថា កូរ៉េខាងជើងអាចនឹងពង្រីកឥទ្ធិពល និងបង្កើនវត្តមានយោធាយ៉ាងខ្លាំងក្លានៅលើ «ដែនទឹកជម្លោះ» នៅភាគខាងលិច ដើម្បីកាត់ផ្តាច់ការជ្រៀតចូល និងទំនាក់ទំនងពីភាគីខាងត្បូងទាំងស្រុង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

លោក គីម ជុងអ៊ុន បញ្ជាឲ្យ​​ប្រែក្លាយ​ព្រំដែនជាប់កូរ៉េខាងត្បូង ទៅជា «បន្ទាយការពារដ៏រឹងមាំ​»
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម