Connect with us

ព័ត៌មានអន្ដរជាតិ

បាក់ស្រុតស្ពានអាកាស នៅ​ក្រុង​សេអ៊ូល ស្លាប់​មនុស្ស ២នាក់ និង​របួស ៤នាក់

បានផុស

នៅ

អាជ្ញាធរទីក្រុង និងមន្ត្រីពន្លត់អគ្គិភ័យនៃប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា ផ្នែកមួយនៃស្ពានអាកាស ដែលកំពុងស្ថិតក្នុងដំណើរការរុះរើ នា​ទីក្រុងសេអ៊ូល បានដួលរលំ​នា​ថ្ងៃអង្គារ ទី​២៦ ខែ​ឧសភា នេះ ដោយបណ្តាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត និងយ៉ាងហោចណាស់ ៤នាក់ផ្សេងទៀតបានរងរបួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ Reuters រូបភាពវីដេអូពីស្ថានីយទូរទស្សន៍ក្នុង​ស្រុក​ បានបង្ហាញពីសកម្មភាពយ៉ាងមមាញឹករបស់ក្រុមសង្គ្រោះបន្ទាន់ ក្នុងការស្វែងរកជនរងគ្រោះ នៅត្រង់ចំណុចសំណង់ស្ពានដ៏វែងមួយខ្សែ ដែល​បាក់ធ្លាក់សង្កត់ផ្លូវថ្នល់នៅខាងក្រោម ស្ថិតនៅជិតផ្លូវប្រសព្វរថភ្លើងមួយកន្លែង ចំ​កណ្ដាល​ទីក្រុងសេអ៊ូល។ មន្ត្រីរដ្ឋបាលក្រុងសេអ៊ូលម្នាក់ បានឱ្យដឹងថា ក្រុមកម្មករ បានរកឃើញសញ្ញាមិនប្រក្រតី និងភាពមិនរឹងមាំនៃរចនាសម្ព័ន្ធស្ពាននេះ តាំងពីយប់មិញមក​ម៉្លេះ ហើយក៏បានសម្រេចចិត្តផ្អាកសកម្មភាពរុះរើជាបណ្តោះអាសន្ន នៅព្រឹកព្រលឹមថ្ងៃអង្គារ ដើម្បីធ្វើការត្រួតពិនិត្យផ្នែកសុវត្ថិភាពឡើងវិញ។

ប៉ុន្តែជាអកុសល នៅពេលរសៀលថ្ងៃដដែល ខណៈដែលក្រុមអ្នកជំនាញត្រួតពិនិត្យសុវត្ថិភាព កំពុងស្ថិតនៅខាងក្នុងរចនាសម្ព័ន្ធទ្រទ្រង់ស្ពាន កំណាត់ស្ពាននោះ ក៏បានបាក់ស្រុតចុះមកតែម្តង។

គួរជម្រាបផងដែរថា ស្ពានអាកាសមួយខ្សែនេះ ត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ ១៩៦៦។ មូលហេតុ ដែលអាជ្ញាធរសម្រេចចិត្តវាយកម្ទេចវាចោលនៅពេលនេះ គឺដោយសារតែសំណង់មានអាយុកាលចំណាស់ពេក និងមានលេចចេញនូវលក្ខណៈខូចខាតជាច្រើន ដែលមិនអាចធានាសុវត្ថិភាព ក្នុងការប្រើប្រាស់តទៅទៀតបានឡើយ៕

(រូបថត៖ Yonhap)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម