Connect with us

ព័ត៌មានអន្ដរជាតិ

ថៃប្រកាស​ថា​នឹង​មិន​រុះរើ​របង​លួស​តាម​ព្រំដែនឡើយ ទុក​ការពារ​ប្រជាជនខ្លួន

បានផុស

នៅ

រដ្ឋាភិបាល​ថៃ ​បាន​បញ្ជាក់​ជាថ្មី​ពី​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​កិច្ច​ព្រមព្រៀង​​ឈប់​បាញ់​ជាមួយ​កម្ពុជា តែទន្ទឹម​គ្នានោះ ក៏​ប្រកាស​ដែរ​ថា​ ខ្លួន​នឹង​មិន​រុះរើ​របង​លួស​បន្លា​លួស​តាម​ព្រំដែនជា​ដាច់​ខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹក​ថ្ងៃ​ទី​១៩​ខែ​សីហា​ឆ្នាំ​២០២៥ លោក Jirayu Huangsap អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី​ថៃ និងជាសមាជិកនៃមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពព្រំដែនកម្ពុជា-ថៃ (TCAS) បាន​ប្រាប់​ថា «ប្រទេសថៃនៅតែប្តេជ្ញារក្សាកិច្ចព្រមព្រៀងឈប់បាញ់ចាប់​ពី​ពាក់កណ្តាលអធ្រាត្រថ្ងៃទី​២៨​ខែកក្កដាមក។ យើងនឹងរក្សាកន្លែងដែលយើងនៅ និងបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី»។ យ៉ាង​ណាមិញ លោក​បាន​បន្ថែម​ថា របង​លួស​បន្លា​នឹង​មិន​ត្រូវ​រុះរើ​ទេ ដោយ​លើក​ហេតុ​ផល​ថា​ដើម្បី​រក្សា​អធិបតេយ្យភាព​របស់​ប្រទេស និង​ការពារ​សុវត្ថិភាព​ពលរដ្ឋ​ថៃ​នៅ​ក្នុង​តំបន់។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​នាំពាក្យ​រូប​នេះ ក៏​បាន​រាយការណ៍​ថា ស្ថានភាព​ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តទាំង៧​របស់​ខ្លួន​ មាន​លក្ខណៈ​ស្ងប់ស្ងាត់ធម្មតា ខណៈ​យោធា​ថៃ​នៅ​តែ​បន្ត​ឈរ​ជើង​នៅ​តាម​មូលដ្ឋាន​ចំនួន​១១។

សូម​ជម្រាប​ថា កន្លងមក គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) ធ្លាប់​បានចេញសេចក្ដីថ្លែងការណ៍តវ៉ាប្រឆាំងចំពោះសកម្មភាពរំលោភបំពាន​របស់យោធាថៃ ដែលបានពង្រាយលួសបន្លាឈ្លានពានលើដីកម្ពុជា។ គណៈកម្មការ JBC របស់កម្ពុជា ចាត់ទុកទង្វើ​នេះ​ថា​ជាសកម្មភាពទន្ទ្រានកាន់កាប់យកដី ជាឯកតោភាគីរបស់យោធាថៃ ហើយជាសកម្មភាពដែលរំលោភទៅលើស្មារតីនៃ MOU ឆ្នាំ២០០០ និងច្បាប់អន្តរជាតិ។ JBC របស់កម្ពុជា បន្តថា សកម្មភាពនេះ ក៏រំលោភលើសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC នៃប្រទេសទាំងពីរផងដែរ រាប់ទាំងការបំផ្លាញដល់លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក និងដំណើរការនៃការចរចារបស់JBC៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម