Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេស​ជាប់​ព្រំដែន​រុស្ស៊ី កំពុង​​ប្រើ​យុទ្ធសាស្ត្រ​វាលភក់ ត្រៀម​ទប់ទល់​ការ​ឈ្លានពាន​ពី​​​ក្រុង​មូស្គូ

បានផុស

នៅ

បណ្តាប្រទេសនៅអឺរ៉ុប កំពុងបង្កើនការត្រៀមលក្ខណៈសម្រាប់លទ្ធភាពនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ី ដោយរដ្ឋាភិបាលនានាបាន​បង្កើត​​វាលភក់​ជារនាំង​ការពារធម្មជាតិ ស្តុកទុកការផ្គត់ផ្គង់សំខាន់ៗ និង​ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា។ វិធានការ​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំង​ឡើង​ដែល​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន អាច​កំណត់​គោលដៅ​ដល់​ប្រទេស​សមាជិក​ណាតូ និង​សហភាព​អឺរ៉ុប ប្រសិនបើ​យុទ្ធនាការ​របស់​លោក​នៅ​អ៊ុយក្រែន​បង្ហាញ​ឲ្យ​ឃើញ​ពី​​ជោគជ័យ។

វាលភក់​នៅ​ប៉ូឡូញ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសជាច្រើន រួមទាំងប៉ូឡូញ ហ្វាំងឡង់ និងបារាំង បានចាត់វិធានការមិនធម្មតាដើម្បីរៀបចំសម្រាប់វិបត្តិ។ ក្រសួងការពារជាតិក្នុងប្រទេសប៉ូឡូញ និងហ្វាំងឡង់ កំពុងបង្កើត​ឡើង​វិញនូវបឹង និងវាលភក់នៅតាមបណ្តោយព្រំដែនភាគខាងកើតរបស់ពួកគេ ដើម្បី​ជា​ការត្រៀម​រារាំង​រថក្រោះរុស្ស៊ី​មិន​ឲ្យ​អាច​បរ​ចូល​ទឹកដី​ពួក​គេ​បាន។ យុទ្ធសាស្ត្រនេះ ធ្វើ​​តាម​អ៊ុយក្រែន ដែល​កាល​​ឆ្នាំ​២០២២ បង្កើត​ជា​ដីសណ្ត​ទន្លេ Irpin ដែលបណ្តាល​ឲ្យ​រថពាសដែករុស្ស៊ីជាប់គាំងនៅក្នុងភក់ភាគខាងជើងនៃទីក្រុង​កៀវ។

ប្រទេសប៉ូឡូញក៏បានចាប់ផ្តើមកម្មវិធី «Eastern Shield» ដែលមានតម្លៃ ១,៩​ពាន់លានផោនផងដែរ ដោយពង្រីកវាលភក់ និងព្រៃឈើ ខណៈពេលដែល​ដំឡើងវាលមីនការពារនៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី និងបេឡារុស។ ប៉ូឡូញ​មានបំណងបង្កើនកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនពី ១៩០ ០០០​នាក់ ទៅ ៣០០ ០០០​នាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

រថក្រោះ​រុស្ស៊ី​ដែល​ជាប់​នៅ​វាលភក់​អ៊ុយក្រែន​កាល​ពី​ឆ្នាំ​២០២២ (រូបថត៖ Getty)

ប្រទេសហ្វាំងឡង់ដែលបានចូលរួមជាមួយអង្គការណាតូក្នុងឆ្នាំ​២០២៣ កំពុងពិចារណាលើគម្រោងបង្កើត​ដី​លិច​ទឹក​ឡើង​​វិញ​ទ្រង់ទ្រាយធំនៅក្នុងតំបន់ព្រៃឈើ​ជិតព្រំដែនជាមួយប្រទេសរុស្ស៊ី។

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានព្រមាន​ថា មហិច្ឆតារបស់លោក ពូទីន លាតសន្ធឹងហួសពីអ៊ុយក្រែន។ លោក Merz បាននិយាយថា «ផែនការចក្រពត្តិនិយមរបស់គាត់នឹងមិនបញ្ចប់ដោយការ​គ្រប់គ្រង​អ៊ុយក្រែន​ទេ ប៉ុន្តែគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ» ដោយបន្ថែមថា រុស្ស៊ីកំពុងបង្កើន«ការវាយប្រហារបែប​កូន​កាត់ (Hybrid Attacks)»ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធអឺរ៉ុប។

សហភាពអឺរ៉ុបបានដាក់ចេញនូវ«យុទ្ធសាស្ត្រស្តុកទុក» ដើម្បីធានាថា ប្រជាពលរដ្ឋមានលទ្ធភាពទទួលបានអាហារ ទឹក និងថ្នាំពេទ្យក្នុងអំឡុងពេលមានវិបត្តិដែលអាចកើតមានរាប់​ចាប់ពីជំងឺរាតត្បាតដល់ជម្លោះប្រដាប់អាវុធ។ អឺរ៉ុប​ក៏កំពុងជំរុញ​ឲ្យ​ពលរដ្ឋ​រៀបចំឧបករណ៍រស់នៅ​ចាំបាច់​​ប្រើប្រាស់​​សម្រាប់​រយៈពេល៣​ថ្ងៃជាមួយនឹងដបទឹក ឈើគូស ឯកសារអត្តសញ្ញាណ ពិល និងដុំ​ផ្ទុក​​ថាមពល ជាដើម។

ប្រទេសបារាំងបានណែនាំមន្ទីរពេទ្យ​ឲ្យ​រៀបចំសម្រាប់លំហូរចូលនៃជនរងគ្រោះដោយយោធានៅត្រឹម​ខែមីនាឆ្នាំ​២០២៦ ខណៈដែលស៊ុយអែតបានចែកចាយខិត្តប័ណ្ណរាប់លានរួចហើយអំពីការត្រៀមខ្លួនក្នុងសម័យសង្រ្គាមដល់ប្រជាជនរបស់ខ្លួន។

រដ្ឋបាល់ទិកកំពុងពង្រឹងព្រំដែនរបស់ពួកគេជាមួយរុស្ស៊ី និងបេឡារុស។ ប្រទេសលីទុយអានីកំពុងសាងសង់ខ្សែ​ការពារដែលមានទទឹង ៣០​ម៉ាយ ជាមួយនឹងវាលមីន ប្រឡាយប្រឆាំងរថក្រោះ និងរបាំង​ថ្ម ជា​ដើម​។ អេស្តូនីបានអនុម័តកញ្ចប់​ការពារជាតិចំនួន ២,៨​ពាន់លានអឺរ៉ូ ដោយជំរុញការចំណាយលើវិស័យការពារជាតិរបស់ខ្លួនដល់ ៥,៤ភាគរយនៃផលិតផលក្នុងស្រុកសរុបរហូតដល់ឆ្នាំ​២០២៩ ដែលជាចំនួនខ្ពស់បំផុតនៅក្នុងអង្គការណាតូ។

ជញ្ជាំង​ព្រំដែន​លីទុយអានី (រូបថត៖ Getty)

អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់កាលពីខែកក្កដា ដោយស្នើថា រុស្ស៊ី និងចិនអាចបើកការវាយលុកក្នុងពេលដំណាលគ្នា ដោយទីក្រុងមូស្គូបានវាយលុកតំបន់ភាគខាងកើតរបស់អង្គការណាតូ នៅពេលដែលទីក្រុងប៉េកាំងធ្វើចលនាប្រឆាំងនឹងតៃវ៉ាន់។ លោក Rutte បាននិយាយថា «ការវាយប្រហាររួមបញ្ចូលគ្នាបែបនេះនឹងនាំពិភពលោកទៅកាន់គែមនៃ​ជម្លោះ​ដ៏​មហន្តរាយ និង​ទីបញ្ចប់​នៃ​ពិភពលោក»។

ទន្ទឹមនឹងនេះ ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានព្រមានថា លោក ពូទីន អាចវាយប្រហារប្រទេសណាតូក្នុងរយៈពេល​៥​ឆ្នាំ ដោយជំរុញ​ឲ្យ​សម្ព័ន្ធមិត្តពន្លឿនការចំណាយលើវិស័យការពារជាតិ។

សម្រាប់​រដ្ឋាភិបាល​អឺរ៉ុប​ជា​ច្រើន ការ​គំរាម​កំហែង​ពេល​នេះ​គឺ​ធំ​ពេក​មិន​អាច​មិន​​អើពើ​បានទេ។ ដូចដែលលោក Merz បានប្រាប់អ្នកការទូតអាល្លឺម៉ង់ថា «យើងមានភារកិច្ចជាប្រវត្តិសាស្ត្រ គឺ​កសាងស្ថាបត្យកម្មសន្តិសុខថ្មីដែលអាច​មានអាយុកាល​រាប់​ទសវត្សរ៍ទៅ​មុខ»៕

ដោយ៖​ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម