Connect with us

សុខភាព

កុំចាំ ដល់ចេញរោគសញ្ញា! ពេទ្យជំនាញ ជំរុញឱ្យពិនិត្យសុខភាពតម្រងនោមជាប្រចាំ ដើម្បីបង្ការហានិភ័យធ្ងន់ធ្ងរ

បានផុស

នៅ

ជំងឺតម្រងនោមរុំារ៉ៃ បានក្លាយទៅជាបញ្ហាប្រឈមសុខភាពរបស់សាធារណជនដ៏គួរឱ្យព្រួយបារម្ភមួយ ខណៈអ្នកជំងឺជាច្រើនមិនបានដឹងពីស្ថានភាពរបស់ខ្លួនរហូតដល់ជំងឺឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ ដូចនេះ ដើម្បីទប់ស្កាត់ និងស្វែងរកហានិភ័យបានទាន់ពេលវេលានោះ ក្រុមគ្រូពេទ្យជំនាញនៃ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើការពិនិត្យតាមដានមុខងារតម្រងនោមជាប្រចាំ ដោយស្របតាមស្ថានភាពសុខភាពរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុកគ្រូពេទ្យជំនាញ នៃមន្ទីពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសម: ផ្នែកតម្រងនោម បញ្ជាក់ថា ការពិនិត្យតម្រងនោមជាទូទៅត្រូវធ្វើឡើងតាមរយ:ការពិនិត្យឈាម(ដើម្បីមើលកម្រិត Creatinine និង eGFR) និង ការ ពិនិត្យទឹកនោម ដើម្បីមើលកម្រិត ប្រូតេអ៊ីន រឺអាល់ប៊ុយមីន។ ការតាមដានមុខងារតម្រងនោមញឹកញាប់ប៉ុនណានោះ គឺអាស្រ័យទៅលើស្ថានភាពរបស់សុខភាពបុគ្គលម្នាក់ៗ ខណៈជាទូទៅ គេអាចបែងចែកជាករណីដូចខាងក្រោម៖

១. សម្រាប់បុគ្គលដែលគ្មានរោគសញ្ញា ឬគ្មានជំងឺប្រចាំកាយ ៖ គួរតែធ្វើការពិនិត្យមុខងារតម្រងនោមយ៉ាងហោចណាស់ ១ ដងក្នុងមួយឆ្នាំ។ ឯការពិនិត្យនេះ គួរតែធ្វើឡើងជាផ្នែកមួយនៃការពិនិត្យសុខភាពទូទៅ (Annual Check-up) ដើម្បីដឹងពីស្ថានភាពសុខភាពទូទៅ និងបង្ការបញ្ហានានាជាមុន។

២. សម្រាប់អ្នកដែលមានហានិភ័យខ្ពស់ ៖ ប្រសិនបើអ្នកមានជំងឺ ឬស្ថានភាពដូចជា ជំងឺទឹកនោមផ្អែម, លើសឈាម, ជំងឺបេះដូង ឬមានប្រវត្តិគ្រួសារមានជំងឺតម្រងនោម គួរតែទៅពិនិត្យយ៉ាងតិច ១ ទៅ ២ ដងក្នុងមួយឆ្នាំ (ឬតាមការកំណត់របស់គ្រូពេទ្យ) ក្នុងន័យដើម្បីតាមដាន និងទប់ស្កាត់ការវិវត្តទៅជាជំងឺតម្រងនោមរុំារ៉ៃ។

៣. សម្រាប់អ្នកដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃ (CKD) ៖ ប្រសិនបើត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺតម្រងនោមហើយ នោះការពិនិត្យគឺអាស្រ័យលើដំណាក់កាលនៃជំងឺ៖
– ដំណាក់កាលដំបូង (Stage 1-2) ៖ ១ ទៅ ២ ដងក្នុងមួយឆ្នាំ។
– ដំណាក់កាលមធ្យម (Stage 3) ៖ ២ ទៅ ៣ ដងក្នុងមួយឆ្នាំ។
– ដំណាក់កាលធ្ងន់ធ្ងរ (Stage 4-5) ៖ ត្រូវពិនិត្យយ៉ាងហោចណាស់ ៤ ដង ឬច្រើនជាងនេះក្នុងមួយឆ្នាំ ពោលគឺរៀងរាល់ ១ ទៅ ៣ ខែម្តង តាមការណែនាំយ៉ាងជិតស្និទ្ធរបស់គ្រូពេទ្យជំនាញ។

ក្រុមគ្រូពេទ្យជំនាញនៃមន្ទីពេទ្យកម្ពុជា-ចិន ព្រះកុសុម: ផ្នែកតម្រងនោម សង្កត់ធ្ងន់ដែរថា ជំងឺតម្រងនោមនៅដំណាក់កាលដំបូងភាគច្រើនមិនបង្ហាញរោគសញ្ញាច្បាស់លាស់នោះទេ។ ហេតុនេះ ការពិនិត្យឈាម និងទឹកនោមជាប្រចាំ គឺជាវិធានការសំខាន់បំផុតក្នុងការរកឃើញបញ្ហាបានឆាប់រហ័ស និងជួយទប់ស្កាត់ ឬពន្យារពេលការវិវត្តទៅរកការខូចតម្រងនោមដល់ដំណាក់ចុងក្រោយ បានយ៉ាងមានប្រសិទ្ធភាព (ការយកចិត្តទុកដាក់លើសុខភាពតម្រងនោមតាំងពីពេលនេះ គឺជាការវិនិយោគដ៏មានតម្លៃសម្រាប់គុណភាពជីវិតនាពេលអនាគត)៕ ដោយ ៖ ជុំ សុជាតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម