សុខភាព
តើកាហ្វេ ពិតជាអាចប៉ះពាល់ដល់សុខភាពតម្រងនោមមែនទេ?
យោងតាមការចែករំលែកពី ទំព័រហ្វេសប៊ុកផ្លូវការ ផ្នែកតម្រងនោម នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានបង្ហាញថា កាហ្វេមិនមែនជាមូលហេតុផ្ទាល់ដែលធ្វើឱ្យខូចតម្រងនោមនោះទេ ប៉ុន្តែការទទួលទានមិនត្រឹមត្រូវ ឬច្រើនហួសប្រមាណ អាចបង្កហានិភ័យដល់សុខភាពតម្រងនោមបាន ជាពិសេសចំពោះអ្នកមានជំងឺប្រចាំកាយស្រាប់ ពិសេស អ្នកជំងឺតម្រងនោម និងអ្នកលើសសម្ពាធឈាម។
១. ហានិភ័យដែលអាចកើតឡើងពីការទទួលទានកាហ្វេ
– ស្ករ និងទឹកដោះគោខាប់ ៖ ជាតិស្ករ និងខ្លាញ់ពីទឹកដោះគោខាប់ អាចបង្កឱ្យមានជំងឺទឹកនោមផ្អែម និងធាត់ ដែលជាដើមហេតុចម្បងនាំឱ្យខូចតម្រងនោម (មិនមែនខូចដោយសារកាហ្វេផ្ទាល់ទេ គឺខូចដោយសារគ្រឿងផ្សំ)។ ករណីនេះ សម្រាប់អ្នកមានជំងឺតម្រងនោម ដាច់ខាតត្រូវពិភាក្សាជាមួយគ្រូពេទ្យជាមុន ថាតើអាចញ៉ាំបានកម្រិតណា។
– កើនសម្ពាធឈាម (បណ្តោះអាសន្ន) ៖ សារធាតុកាហ្វេអុីន (Caffeine) អាចធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់មួយរយៈពេលខ្លីក្រោយពេលទទួលទាន។ ប្រសិនបើអ្នកមានជំងឺលើសឈាមស្រាប់ ទទួលទានញ៉ាំកាហ្វេច្រើនហួសប្រមាណ វាអាចផ្តល់សម្ពាធដល់សរសៃឈាមក្នុងតម្រងនោម និងធ្វើឱ្យខ្សោយតម្រងនោមបាន។
– គ្រួសក្នុងតម្រងនោម ៖ កាហ្វេខ្លះមានផ្ទុកសារធាតុម្យ៉ាងហៅថា អុកសាឡាត (Oxalate) ។ ប្រសិនបើទទួលទានច្រើនពេក ហើយមិនសូវផឹកទឹក វាអាចទៅផ្សំជាមួយកាល់ស្យូមនៅក្នុងទឹកនោម បង្កើតទៅជា «គ្រួសតម្រងនោមប្រភេទ Calcium Oxalate»។
⛔️ ប្រភេទកាហ្វេដែរមានផ្ទុកសារធាតុ អុកសាឡាត (Oxalate)ខ្ពស់ រួមមាន កាហ្វេកញ្ចប់/កាហ្វេកិនស្រាប់ (Instant Coffee), កាហ្វេលីងកម្រិតស្រាល (Light Roast Coffee) និង កាហ្វេប្រភេទ Robusta ។
– ជាតិប៉ូតាស្យូម (ចំពោះអ្នកជំងឺតម្រងនោមធ្ងន់ធ្ងរ) ៖ កាហ្វេខ្មៅមានផ្ទុកជាតិប៉ូតាស្យូម (Potassium) ដែរ។ សម្រាប់មនុស្សទូទៅ គឺមិនអីទេ ប៉ុន្តែសម្រាប់អ្នកដែលមានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃដំណាក់កាលចុងក្រោយ តម្រងនោមមិនអាចចម្រោះជាតិប៉ូតាស្យូមចេញបានល្អឡើយ ដែលការញ៉ាំកាហ្វេច្រើនអាចធ្វើឱ្យជាតិប៉ូតាស្យូមក្នុងឈាមឡើងខ្ពស់ គ្រោះថ្នាក់ដល់បេះដូង។
– សកម្មភាពជំរុញទឹកនោម ៖ កាហ្វេអុីនមានឥទ្ធិពលជម្រុញឱ្យនោមញឹក (Diuretic)។ បើសិនទទួលទានកាហ្វេហើយ មិនបានញ៉ាំទឹកស្អាតបំពេញបន្ថែមទេ វាអាចធ្វើឱ្យរាងកាយខ្សោះជាតិទឹក ដែលធ្វើឱ្យតម្រងនោមពិបាកបំពេញការងារផងដែរ។

២. ផលល្អ នៃកាហ្វេលើតម្រងនោម
ប្រភពដដែលបញ្ជាក់ថា បើតាមការសិក្សាស្រាវជ្រាវវេជ្ជសាស្ត្រជាច្រើន បានបង្ហាញថា សម្រាប់មនុស្សទូទៅដែលមានសុខភាពល្អ នឹងទទួលផលវិជ្ជមានមកវិញប្រសិនបើទទួលទានបានត្រឹមត្រូវ។
– កាហ្វេនឹងជួយកាត់បន្ថយហានិភ័យជំងឺតម្រងនោមរ៉ាំរ៉ៃ (CKD) ៖ ការទទួលទានកាហ្វេក្នុងកម្រិតល្មម (១ ទៅ ២ ពែងក្នុងមួយថ្ងៃ) អាចជួយកាត់បន្ថយហានិភ័យ នៃការកើតជំងឺខ្សោយតម្រងនោមបាន ដោយសារកាហ្វេមានសារធាតុប្រឆាំងអុកស៊ីតកម្ម (Antioxidants) ខ្ពស់ ដែលជួយការពារកោសិកាតម្រងនោមពីការរលាក។
– កាត់បន្ថយហានិភ័យខ្សោយតម្រងនោមស្រួចស្រាវ (AKI) ៖ ការសិក្សាមួយចំនួនបង្ហាញថា អ្នកទទួលទានកាហ្វេរាល់ថ្ងៃ មានអត្រាកើតជំងឺខ្សោយតម្រងនោមស្រួចស្រាវ ទាបជាងអ្នកមិនទទួលទាន។
ក្នុងនោះ ប្រភពដដែលក៏បានណែនាំដែរថា មនុស្សទូទៅ មិនគួរទទួលទានកាហ្វេអ៊ីនលើសពី ៤០០ មីលីក្រាមក្នុងមួយថ្ងៃ (ប្រហែល ៣ ទៅ ៤ ពែង)។ គួរផឹកទឹកស្អាតបន្ថែម ១ ទៅ ២ កែវ រាល់ពេលញ៉ាំកាហ្វេ អ្នកមានជំងឺតម្រងនោម គួរពិភាក្សាជាមួយគ្រូពេទ្យមុនទទួលទានកាហ្វេជាប្រចាំ។
សរុបមក កាហ្វេមិនមែនជាសត្រូវរបស់តម្រងនោមនោះទេ ប៉ុន្តែការទទួលទានឱ្យត្រឹមត្រូវ និងមានតុល្យភាព ទើបជាចំណុចសំខាន់បំផុតសម្រាប់ការពារសុខភាព៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


