សុខភាព
មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ៖ ៣ឆ្នាំចុងក្រោយ កុមារ៣នាក់ស្លាប់ដោយសារជំងឺទឹកនោមផ្អែម
ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានរកឃើញកុមារចំនួន ៣ នាក់ ស្លាប់ដោយសារជំងឺទឹកនោមផ្អែម ខណៈកុមារជាង ៤០០ទៀត ដែលមានជំងឺមិនឆ្លងនេះ កំពុងទទួលការព្យាបាល។ នេះបើតាមការអះអាងរបស់ លោកស្រីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត អ៊ីវ ម៉ាឡែន អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។
ស្ថិតិទាំងនេះ គិតត្រឹមក្នុងក្របខណ្ឌមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញប៉ុណ្ណោះ នៅមានកុមារដែលកើតជំងឺទឹកនោមផ្អែមជាច្រើននាក់ទៀត ត្រូវបានបញ្ជូនទៅពិនិត្យ និងព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន។

លោកស្រីវេជ្ជបណ្ឌិត អ៊ីវ ម៉ាឡែន បានប្រាប់កម្ពុជាថ្មីថា អត្រាកុមារស្លាប់ដោយសារជំងឺទឹកនោមផ្អែមមានចំនួន ០៣ នាក់ គិតត្រឹមរយៈពេល ៣ឆ្នាំចុងក្រោយនេះ ខណៈជំងឺនេះមានការកើនឡើងជាលំដាប់លើកុមារ។ លោកស្រីបញ្ជាក់ថា៖«អត្រាកុមារស្លាប់ដោយសារជំងឺទឹកនោមផ្អែមមាន ៣នាក់ គិតពីឆ្នាំ ២០២២-២០២៤ ប៉ុន្តែមិនមែនស្លាប់នៅក្នុងមន្ទីរពេទ្យទេ។ គឺទទួលបានព័ត៌មានពីក្រុមគ្រួសារដោយសារអត់ឃើញមកបើកថ្នាំ ក្នុងនោះ ២០២០ ស្លាប់ ២នាក់ និង ២០២៣ ស្លាប់១នាក់ ហើយ ២០២៤ អត់មានស្លាប់ទេ» ។
បើតាមលោកស្រីវេជ្ជៈបណ្ឌិត បច្ចុប្បន្ន មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ កំពុងតាមដានអ្នកជំងឺទឹកនោមផ្អែម ចំនួន៤០៦នាក់ ដោយក្នុងចំណោមអ្នកជំងឺទាំងនោះ កុមារប្រហែល១០នាក់លើសសម្ពាធឈាម ហើយ ២នាក់ ប៉ះពាល់ទៅលើភ្នែក។

កំណត់ត្រារបស់មន្ទីរពេទ្យបង្ហាញថា ចាប់តាំងពីដើមឆ្នាំ ២០២៤ មក មានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលថ្មីចំនួន ៦១ករណី សម្រាប់ជំងឺទឹកនោមផ្អែមចំពោះកុមារ។ ភាគច្រើននៃករណីទាំងនេះពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែមប្រភេទទី ១ ដែលតម្រូវឱ្យមានការព្យាបាលអាំងស៊ុយលីន។ មូលហេតុពិតប្រាកដនៅតែមិនច្បាស់លាស់ ប៉ុន្តែអាចជាប់ទាក់ទងនឹងកត្តាហ្សែន និងបរិស្ថាន។
ដោយឡែកុមារដែលកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ គឺជាប់ទាក់ទងពពួកធាត់ជ្រុលដែលមានកុមារប្រហែល ៥ភាគរយ ពាក់ព័ន្ធសំខាន់ទៅលើរបបអាហារដែលមិនមានសុខភាព ទទួលទានមិនត្រឹមត្រូវ ជាពិសេសភេសជ្ជៈផ្អែម ឬភេសជ្ជៈប៉ូវកម្លាំង ដែលជាកត្តាហានិភ័យគួរឱ្យព្រួយបារម្ភ។ នេះបើតាមបញ្ជាក់បន្ថែមរបស់លោកស្រី អ៊ីវ ម៉ាឡែន។
កុមារ និងក្មេងវ័យជំទង់អាចកើតជំងឺទឹកនោមផ្អែមគ្រប់វ័យសម្រាប់ប្រភេទទី ១ ហើយវ័យដែលកើតច្រើនជាងគេគួរឱ្យកត់សម្គាល់អាយុចន្លោះពី ៤ ទៅ ៩ឆ្នាំ។ នេះបើយោងតាមទិន្នន័យកុមារដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ ចំពោះរោគសញ្ញាសំខាន់ៗពាក់ព័ន្ធជាមួយនឹងទឹកនោមផ្អែមប្រភេទទី១ ឃើញថាមាននោមញឹក ហូបទឹកច្រើនប៉ុន្តែស្រកគីឡូ។ ក្រៅពីនេះមានរោគសញ្ញាបន្ថែមដូចជាអស់កម្លាំង ស្រវាំងភ្នែកជាដើម ដែលរោគសញ្ញាទាំងអស់នេះបង្ហាញថាកុមារតម្រង់ទៅរកកើតជំងឺទឹកនោមផ្អែម។

បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងគួរឱ្យកត់សម្គាល់នៃជំងឺមិនឆ្លង ជាពិសេសទឹកនោមផ្អែម ពាក់ព័ន្ធការបរិភោគ និងការទទួលទានអាហារដែលមិនមានសុខភាពដែលធ្វើឱ្យមានផលប៉ះពាល់ខ្លាំងទៅដល់សង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូល។
មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ចាប់ផ្តើមព្យាបាលជំងឺទឹកនោមផ្អែមកុមារ តាំងពីឆ្នាំ ១៩៩៧ ហើយចំនួនអ្នកជំងឺមានកើនឡើងជាលំដាប់។ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០២០មក មន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជូនអ្នកជំងឺមួយចំនួនដែលមានអាយុ ២០ឆ្នាំឡើង ទៅរកគ្រូពេទ្យជំនាញផ្នែកជំងឺចាស់៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


