Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៥ កុមារ និងស្រីមានផ្ទៃពោះ ១លាន ៤ សែននាក់ទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាកើនឡើង ១៤%

បានផុស

នៅ

ក្នុងឆ្នាំ២០២៥ មានកុមារ និងស្ត្រីមានផ្ទៃពោះប្រមាណជាង ១លាន ៤សែននាក់ បានមកទទួលសេវាពិនិត្យ ព្យាបាល និងសម្រាលកូននៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប ដោយឥតគិតថ្លៃ។

លោក គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងនៅថ្ងៃទី ០៦ ខែមករា ថា ក្នុងឆ្នាំ២០២៥ មានអ្នកជំងឺកុមារ និងស្ត្រីមានផ្ទៃពោះ ដែលបានមកពិនិត្យព្យាបាល និងសម្រាលកូននៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ សរុបចំនួន ១,៤៣០,១០១ នាក់ កើនឡើង ១៤% បើធៀបទៅនឹងឆ្នាំ២០២៤ កន្លងទៅ។ ក្នុងនោះមានអ្នកជំងឺទៅពិគ្រោះជំងឺក្រៅមានចំនួន ១ ០៧១ ៥៣៨ ករណី អ្នកជំងឺសម្រាកពេទ្យចំនួន ២២៩ ៨៩៧ នាក់ ជំងឺគ្រុនឈាមមានចំនួន ១៩ ៤១១នាក់ ស្ត្រីមានផ្ទែពោះទៅពិនិត្យពោះចំនួន ១០៨ ១៣៨ ករណី ស្ត្រីសម្រាលកូនចំនួន ២០ ៥៣៦នាក់ ការវះកាត់ទូទៅចំនួន ៣០ ៩៣២នាក់ វះកាត់ជំងឺបេះដូងពីកំណើតចំនួន ១ ០៥៩ នាក់។

លោកប្រធានមន្ទីរពេទ្យបានបន្តទៀតថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា គឺឥតគិតថ្លៃសម្រាប់មនុស្សគ្រប់រូបដោយគ្មានការរើសអើង។ បច្ចុប្បន្ននេះ មន្ទីរពេទ្យមានគ្រែសរុបចំនួន ២,០៨៧ គ្រែ ក្នុងនោះផ្នែកសម្ភពមាន ២២៧ គ្រែ ហើយមានបុគ្គលិកសរុបចំនួន ២,៧៦៧ នាក់។

ទន្ទឹមនេះលោក គី សន់ទី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិគន្ធបុប្ផាស្វីស Dr.med. Beat Richner និងសប្បុរសជនស្វីស មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ឌបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាស្ថាបនិក និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជានិងសប្បុរសជនគ្រប់លំដាប់ថ្នាក់ ដែលតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា។

គួរ​បញ្ជាក់​ថា ក្នុង​មួយឆ្នាំៗ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​ប្រមាណ ៤៣ លាន​ដុល្លារ​អាមេរិក សម្រាប់​ដំណើរការ​ផ្តល់​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​កម្ពុជា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម