សុខភាព
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
មន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល បានឱ្យដឹងថា ថ្នាំចាក់ដែលអាចបង្ការមេរោគអេដស៍ហៅថា«ថ្នាំកាបូតេត្រាវៀ» គ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងអំឡុងខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។

លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល បានឱ្យដឹងនៅថ្ងៃទី ២១ មេសា នេះថា ថ្នាំចាក់បង្ការមេរោគអេដស៍គ្រោងនឹងដាក់ឱ្យដំណើរការប្រហែលជានៅក្នុងអំឡុងខែឧសភា ខាងមុខនេះ។

លោកវេជ្ជបណ្ឌិត បានបន្តថា ការនាំយកថ្នាំចាក់មកកម្ពុជានេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺអេដស៍នៅប្រទេសកម្ពុជា ខណៈការឆ្លងថ្មី នៃមេរោគអេដស៍ហាក់មានការកើនឡើងគួរឱ្យព្រួយបារម្ភ។

លោកវេជ្ជបណ្ឌិត បន្តទៀតថា ថ្នាំចាក់នេះអាចការពារមេរោគអេដស៍បានរយៈពេល ២ ខែ ខណៈបច្ចុប្បន្ន កម្ពុជា មានថ្នាំប្រឹពសម្រាប់លេបប្រចាំថ្ងៃមុនពេលរួមភេទ និងប្រឹពសម្រាប់លេបក្រោយរួមភេទ ៧២ ម៉ោង នៅពេលរួមភេទដោយមិនមានសុវត្ថិភាពដូចជា ស្រោមអនាម័យដាច់រហែក និងភ្លេចពាក់ស្រោមអនាម័យជាដើម។

លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា ជាជំហានដំបូងនឹងជ្រើសរើសមនុស្ស ៧ ០០០ នាក់ ដែលមានដៃគូច្រើនជាមុនសិន ព្រោះថាពួកគេប្រឈមនឹងការឆ្លងមេរោគអេដស៍ ដោយត្រូវចាក់ ១ ខែ ម្តង បន្ទាប់មកទៀត ចាក់ ២ ខែ ម្តង នៅតាមគ្លីនិកចំនួន ៣ នៅរាជធានីភ្នំពេញ រួមមាន គ្លីនិកបង្ការ ថែទាំ និងព្យាបាលបន្ត គ្លីនិកឈូកស និងគ្លីនិករបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ។
លោកវេជ្ជបណ្ឌិត បន្ថែមថា ថ្នាំកាបូតេត្រាវៀនេះ ចាក់នៅត្រគាក និងសាច់ដុំ ហើយមិនមានផលប៉ះពាល់ដល់អ្នកចាក់ទេ និងអាចបង្ការបានតែជំងឺអេដស៍ប៉ុណ្ណោះ។ ចំពោះជំងឺស្វាយ និងជំងឺកាមរោគផ្សេងទៀត មិនអាចការពារបានទេ។ ប៉ុន្តែមុននឹងដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលនឹងរៀបចំជាគោលការណ៍ណែនាំ និងលក្ខខណ្ឌមួយចំនួនថាតើបុគ្គលណាខ្លះដែលអាចចាក់មុននឹងដាក់ជូនក្រសួងសុខាភិបាលសម្រេចចុងក្រោយ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា «អ្វីដែលយើងមានការព្រួយបារម្ភនោះគឺថាខ្លាចអ្នកចាក់ហើយមិនមកចាក់ទៀងទាត់។ អីចឹងពេលដាក់ប្រើប្រាស់នាពេលខាងមុខ យើងនឹងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យអ្នកដែលធ្លាប់ប្រើថ្នាំលេបប្រចាំថ្ងៃងាកមកប្រើថ្នាំចាក់ដែលអាចការពារការឆ្លងមេរោគអេដស៍បាន ២ ខែ»។
លោកវេជ្ជបណ្ឌិត បន្តទៀតថា តាមការប៉ាន់ស្មាន ឆ្នាំ ២០២៤ កម្ពុជា មានចំនួនអ្នករស់នៅជាមួយមេរោគអេដស៍ប្រមាណ ៧៦ ០០០ នាក់ ក្នុងនោះមានអ្នកជំងឺអេដស៍សកម្មដែលកំពុងទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ទាំង ៧៤ កន្លែង ចំនួន ៦៩ ៩៩៤ នាក់ ហើយប្រហែលនៅសល់អ្នករស់នៅជាមួយមេរោគអេដស៍ ៦ ០០០ នាក់ ទៅ ៧ ០០០ នាក់ នៅមិនទាន់បានដឹងខ្លួន និងមិនទាន់បានធ្វើតេស្ត និងទទួលសេវាព្យាបាលនៅឡើយទេ ខណៈក្នុង ១ ឆ្នាំៗ មានអ្នកឆ្លងថ្មី នៃមេរោគអេដស៍ប្រមាណ ១ ២០០ នាក់ និងស្លាប់ប្រមាណ ១ ១០០ នាក់៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក