ព័ត៌មានជាតិ
មន្រ្តីជំនាញ អំពាវនាវជាពិសេសដល់យុវជន ចូលរួមការពារមេរោគអេដស៍ខណៈការឆ្លងថ្មីក្នុងចំណោមពួកគេមានអត្រាខ្ពស់
អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បណ្ឌិត ឈឹម ឃិនដារ៉េត អំពាវនាវដល់សាធារណជន ជាពិសេសយុវជន ចូលរួមលុបបំបាត់ជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា តាមរយៈការប្រើប្រាស់ស្រោមអនាម័យហើយនៅពេលសង្ស័យថាខ្លួនឆ្លងមេរោគអេដស៍ត្រូវរួសរាន់ធ្វើតេស្ត ដើម្បីទទួលបានការថែទាំព្យាបាលទាន់ពេលវេលា និងបញ្ចៀសការចម្លងមេរោគអេដស៍ទៅដៃគូបន្ថែមទៀត។

ការអំពាវនាវជាថ្មី ខណៈចំនួនឆ្លងថ្មីនៃមេរោគអេដស៍ក្នុងចំណោមមនុស្សពេញវ័យមានប្រមាណ ១ ២០០នាក់ ក្នុងនោះ ៤៤% ជាយុវវ័យមានអាយុពី១៥-២៤ឆ្នាំ។ នេះបើផែ្អកតាមរបាយការណ៍ក្នុងឆ្នាំ ២០២៤។ ការអំពាវនាវនេះ ក៏បន្ទាប់ពីមានការជជែកវែកញែកជុំវិញករណី បុគ្គលមួយរូបជាអ្នកផលិតមាតិកា (Content creator) បានចម្លងមេរោគអេដស៍ ទៅដៃគូម្ខាងទៀតដែលកំពុងបង្កការព្រួយបារម្ភដល់សុខភាពសាធារណៈ។
តាមរយៈកម្ពុជាថ្មី ក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បណ្ឌិត ឈឹម ឃិនដារ៉េត អំពាវនាវដល់ សាធារណជន ជាពិសេសយុវជនថា ៖«អេដស៍មិនទាន់ចប់ អេដស៍នៅជាការគំរាមកំហែងដល់សុខភាពសាធារណៈនៅកម្ពុជា មេរោគអេដស៍នៅក្បែរយើង ដូចស្រមោល ប្រសិនបើយើងប្រហែសតែបន្តិច នោះមេរោគអេដស៍អេដស៍នឹងឆ្លងចូលខ្លួនប្រាណយើងភ្លាម»។ ក្នុងន័យនេះ លោកបណ្ឌិតអំពាវនាវឱ្យចៀសវាងការប្រព្រឹត្តប្រឈមនឹងឆ្លងមេរោគអេដស៍, ចូលរួមលុបបំបាត់ការមាក់ងាយរើសអើង អ្នកផ្ទុកមរោគអេដស៍ ប្រជាជនគន្លឹះ (ក្រុមបុរសរួមភេទជាមួយបុរស, ក្រុមស្ត្រីបំប្លែងភេទ, ក្រុមអ្នកបម្រើសេវាកម្សាន្ត, អ្នកប្រើគ្រឿងញៀន)។
មន្រ្តីជំនាញ ក៏ក្រើនរំឭកដល់យុវជនកុំប្រញាប់ប្រឡូកនឹងការរួមភេទដែលអាចឱ្យប៉ះពាល់សុខភាពផង និងការសិក្សារៀនសូត្រផង និងលើកទឹកចិត្តឱ្យយុវជនស្វែងយល់ពីការអប់រំសុខភាពបន្តពូជ ជាពិសេសអំពីមេរោគអេដស៍និងជំងឺអេដស៍ រួមជាមួយជំងឺកាមរោគនានា ដើម្បីការពារខ្លួនកុំឱ្យឆ្លងមេរោគ។
សូមបញ្ជាក់ថា ការសិក្សាប៉ាន់ប្រមាណអំពីស្ថានភាពមេរោគអេដស៍និងជំងឺអេដស៍នៅប្រទេសកម្ពុជា ត្រូវធ្វើឡើងដោយមានកិច្ចសហការរវាងក្រសួងសុខាភិបាល អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ព្រមទាំងមានការចូលរួមពីអង្គការសង្គមស៊ីវិលធ្វើការងារ្រយុទ្ធនឹងជំងឺអេដស៍។ តាមបែបវិទ្យាសាស្ត្រ ការធ្វើប៉ាន់ប្រមាណ គឺយើងធ្វើតាមរយៈការប្រមូលទិន្នន័យនៅឆ្នាំបន្ទាប់នៃឆ្នាំអនុវត្ត គឺមានន័យថាលទ្ធផលនៃការប៉ាន់ប្រមាណឆ្នាំ២០២៤ យើងត្រូវប្រមូលនិងវិភាគនៅឆ្នាំ២០២៥ ហើយប្រកាសជាផ្លូវការដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាល និងអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២៥។ ដោយឡែក ស្ថានភាពមេរោគអេដស៍និងជំងឺអេដស៍ឆ្នាំ២០២៥ គឺត្រូវប្រមូល វិភាគ និងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០២៦។

បើតាមបណ្ឌិត ឈឹម ឃិនដារ៉េត ដោយមកដល់ពេលនេះ ទិន្នន័យឆ្នាំ២០២៥ នៅមិនទាន់ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនោះទេ។ យ៉ាងណាមិញ ទិន្នន័យឆ្នាំ២០២៤ ចំនួនអ្នកផ្ទុកមេរោគអេដស៍មានប្រមាណ ៧៦ ០០០នាក់ ក្នុងនោះគិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៥ ដែលក្នុងនោះនៅត្រីមាសទី៤ ឆ្នាំ២០២៥ អ្នកផ្ទុកមេរោគអេដស៍ចំនួន ៧២ ០៩៧នាក់បានទទួលសេវាថែទាំព្យាបាលនៅមូលដ្ឋានសុខាភិបាលរដ្ឋ។
ផ្អែកតាមច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ មាត្រា ១៨៖ហាមឃាត់ដាច់ខាតចំពោះអ្នកដែលដឹងថា ខ្លួនមានមេរោគអេដស៍/ជំងឺអេដស៍ (HIV/AIDS) ទៅប្រព្រឹត្តក្នុងចេតនាចម្លងទៅអ្នកដទៃ។ មាត្រា ៥០៖ ជនណាដែលប្រព្រឹត្តផ្ទុយនឹងមាត្រា១៨ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ១៥ (ដប់ប្រាំ) ឆ្នាំ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


