Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បង្កើនការតាមដានលើអ្នកដំណើរ ដើម្បីបង្ការ ទប់ស្កាត់ការនាំចូល ជំងឺអេបូឡា និងជំងឺឆ្លងផ្សេងៗ

បានផុស

នៅ

ស្របពេលដែលការរាតត្បាតជំងឺអេបូឡា នៅសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ កាន់តែអាក្រក់ទៅៗ ដោយករណីសង្ស័យឆ្លងជំងឺនេះ បានហក់ឡើងជាបន្តបន្ទាប់ ក្រសួងសុខាភិបាលកម្ពុជា បានបង្កើនការតាមដានយ៉ាងយកចិត្តទុកដាក់លើអ្នកដំណើរ​ ដើម្បីបង្ការ ទប់ស្កាត់ការនាំចូល ជំងឺអេបូឡា និងជំងឺឆ្លងផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការទទួលបន្ទុកការងារជំងឺឆ្លង នៃក្រសួងសុខាភិបា បានដឹកនាំប្រតិភូពិនិត្យមើលការអនុវត្តការងារចត្តាឡីស័ក ដើម្បីពង្រឹងលើការបង្ការ និងទប់ស្កាត់ការនាំចូល នៃជំងឺអេបូឡា (Ebola) និងជំងឺឆ្លងផ្សេងៗ នៅអាកាសយានដ្ឋានអន្តរជាតិ តេជោ។

ក្នុងឱកាសចុះពិនិត្យនេះ លោកស្រីរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីចត្តាឡីស័ក និងក្រុមការងារពាក់ព័ន្ធទាំងអស់ បង្កើនការតាមដានយ៉ាងយកចិត្តទុកដាក់ និងម៉ត់ចត់បំផុតលើម៉ាស៊ីនវាស់កំដៅ ពិសេសចំពោះជើងហោះហើរដែលមានអ្នកដំណើរមកពី​ប្រទេស​ដែល​មានហានិភយ័​ខ្ពស់​។ ចំពោះ​ជើង​ហោះហើរ​ មកពី​តំបន់​ប្រឈម​ ត្រូវ​អនុវត្ត​យន្តការវាស់កំដៅទ្វេដង ដោយគ្រប់អ្នកដំណើរទាំងអស់ត្រូវតែឆ្លងកាត់ការវាស់កំដៅពីរដំណាក់កាល ១) ស្កែនកំដៅពីចម្ងាយតាមរយៈម៉ាស៊ីន (Thermal Scanner) និង ២) វាស់កំដៅដោយផ្ទាល់បន្ថែម ដើម្បីធានាភាពច្បាស់លាស់។

­បន្ថែមពីនេះ ត្រូវរៀបចំដាក់ដបអាកុលសម្រាប់លាងដៃនៅគ្រប់ចំណុចត្រួតពិនិត្យ និងត្រូវដាក់តាំងបង្ហាញរូបភាពអប់រំដល់អ្នកដំណើរ និងអ្នកពាក់ព័ន្ធនៅក្នុងព្រលាន។ ក្នុងករណីរកឃើញមានកំដៅចាប់ពី ៣៨អង្សាសេ ត្រូវបញ្ជូនទៅកាន់បន្ទប់ដាច់ដោយឡែកដែលបានកំណត់ ដើម្បីបំពេញកម្រងសំណួរ ពិនិត្យរករោគសញ្ញាបន្ថែម ឬចាត់ចែងបញ្ជូនបន្តទៅតាមករណីជាក់ស្តែង។ លើសពីនេះ ត្រូវរៀបចំទីតាំងជាក់លាក់ដែលមានសុវត្ថិភាពសម្រាប់ការ​យក​សំណាក​ ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពិសោធន៍ និងចាត់ចែងការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណដែលពាក់ព័ន្ធ ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស សុខាភិបាល។

ឆ្លៀតក្នុងឱកាសនេះ លោកស្រីរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីពាក់ព័ន្ធ និងមន្ត្រីចត្តាឡីស័កទាំងអស់ ដែលកំពុងបំពេញភារកិច្ច និងត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់៕



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម