Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ក្រើនរម្លឹកដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន ក្រោយរកឃើញកូវីដ-១៩ បំប្លែងថ្មី NB.1.8.1 ១ករណី

បានផុស

នៅ

ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ បានក្រើនរម្លឹកដល់ពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីបង្ការនូវការចម្លងជំងឺផ្ដាសាយ និងជំងឺកូវីដ-១៩ គ្រប់ទម្រង់ ជាពិសេសជំងឺកូវីដ-១៩ បំប្លែងថ្មី NB.1.8.1។ ការក្រើនរម្លឹកនេះ បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមាន ជំងឺកូវីដ-១៩ បំប្លែងថ្មី NB.1.8.1 ចំនួន ១ករណី កាលពីថ្ងៃទី១៨ ខែឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្តីប្រកាស ក្រសួងបានបញ្ជាក់ថា ប្រទេសកម្ពុជា កន្លងមកធ្លាប់បានរកឃើញ វីរុស NB.1.8.1 នៅចន្លោះ ខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២៥។ ចាប់តាំងពីដើមឆ្នាំ២០២៦ មក ប្រព័ន្ធតាមដានជំងឺឆ្លងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានចំនួន ១ករណី កាលពីថ្ងៃទី១៨ ខែឧសភា នៅក្នុងចំណោម អ្នកជំងឺដែលកមកទទួលសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យ។

ក្រសួងបានឱ្យដឹងទៀតថា ក្នុងពេលថ្មីៗនេះ ប្រទេសមួយចំនួននៅលើសកលលោក មានការកើនឡើងនៃការចម្លងជំងឺកូវីដ-១៩ បំប្លែងថ្មី NB.1.8.1 ជាពិសេសនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច រួមមាន សាធារណរដ្ឋប្រជាមានិតចិន សិង្ហបុរី និងហុងកុង ដែលកំពុងមានការចរាចរ និងការឆ្លងរាលដាលនៃវីរុសនេះ។

បើតាមក្រសួងសុខាភិបាល វីរុសបំប្លែងថ្មី NB.1.8.1 គឺជាពូជកូនចៅដែលវិវត្ត ចេញពីពូជអូមីក្រុង(Omicron) ខ្សែស្រឡាយ JN.1។ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ អង្គការសុខភាព ពិភពលោក (WHO) បានចាត់ថ្នាក់វីរុសនេះជា «វីរុសបំប្លែងខ្លួនដែលស្ថិតក្រោមការតាមដាន» បន្ទាប់ពីសង្កេត ឃើញការកើនឡើងយ៉ាងឆាប់ពីទិន្នន័យវិភាគលម្អិតហ្សែន (Virus Sequencing) នៅលើសកលលោក ជាពិសេស នៅអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងលិច។ បច្ចុប្បន្ននេះ មិនទាន់មានភស្តុតាងវិទ្យាសាស្ត្រណាមួយ បញ្ជាក់ថា វីរុស NB.1.8.1 បង្កឱ្យមានស្ថានភាពជំងឺធ្ងន់ធ្ងរ ការសម្រាកពេទ្យកើនឡើង ឬអត្រាស្លាប់ខ្ពស់ជាងពូជអូមីក្រុង ដែលបានចរាចរពីមុននោះទេ។

ដើម្បីបង្ការនូវការចម្លងជំងឺផ្ដាសាយ និងជំងឺកូវីដ-១៩ គ្រប់ទម្រង់ ជាយថាហេតុ ត្រូវអនុវត្តនូវវិធានការបង្ការ ដូចជា អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការបង្ការការចម្លងគឺ ពាក់ម៉ាស លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ឬជែលលាងដៃ។ ត្រូវខ្ទប់មាត់ និងច្រមុះពេលក្អក កណ្ដាស់ ដោយប្រើផ្នត់កែងដៃ ម៉ាស ក្រម៉ា កន្សែង ឬក្រដាសអនាម័យ រួចខ្ចប់បោះចោលក្នុងធុងសម្រាបបិទជិត។

ប្រសិនបើមានរោគសញ្ញាគ្រុនក្តៅ ក្អក ឈឺក្បាល ហៀរសំបោរ ឬពិបាកដកដង្ហើម សូមស្វែងរកការ ពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឱ្យបានទាន់ពេលវេលា។ ទន្ទឹមនេះ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តទៅទទួលវ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជម្រុញ នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរៀងៗខ្លួន ឱ្យបានសមស្របដើម្បី បង្ការការឆ្លងកូវីដ-១៩ គ្រប់ទម្រង់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម