Connect with us

KPT+

ដើមស្រឡៅរលំ ផុសចេញចម្លាក់ក្បាលនាគ រចនាប័ទ្មបាយ័ន ក្នុងតំបន់អតីត រាជធានីអង្គរធំ

បានផុស

នៅ

នៅថ្ងៃនេះ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មានការប្រទះឃើញដោយចៃដន្យនូវក្បាលនាគចំនួន១ ធ្វើពីថ្មភក់ ស្ថិតក្នុងរចនាបថបាយ័ន នៅពេលដើមស្រឡៅធំមួយដើមបានដួលរលំ បណ្តាលឱ្យបំណែកក្បាលនាគដែលកប់ក្នុងដីជាយូរឆ្នាំហើយ ត្រូវបានផុសឡើងតាមឬសឈើ នៅក្នុងបរិវេណវត្តទេពប្រណម្យ អតីតរាជធានីអង្គរធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈូក សុម៉ាឡា ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា បំណែកក្បាលនាគនេះ បានកប់ក្នុងដីជម្រៅប្រមាណកន្លះម៉ែត្រ ហើយជាក់ស្តែង ដើមស្រឡៅដែលដុះពីលើមិនមានឬសកែវធំៗ ទើបពេលភ្លៀងជោគជាំ ដីជ្រាយ ធ្វើឱ្យដួលរលំ និងផុសក្បាលនាគដែលឬសឈើដុះចាក់ស្រេះមកជាមួយតែម្តង។

លោក សុម៉ាឡា មានប្រសាសន៍បន្តថា៖ “បំណែកក្បាលនាគនេះ មានត្រឹមតែកនាគមកក្បាលខាងលើដែលមាន បណ្តោយ ១,២ ម៉ែត្រ ទទឹង ១ ម៉ែត្រ និងកម្រាស់ ០,៣ ម៉ែត្រ បំណែកសត្វគ្រុឌជិះលើក្បាលនាគ ស្ថានភាពមុខនាគខាងមុខមានការខូចខាតច្រើនដោយអន្លើរ ដោយបាក់បែកមុខនាគ និងជុំវិញសងខាង។ រីឯសត្វគ្រុឌវិញ ត្រូវបានបាក់ច្រមុះ និងដៃផ្នែកនៅខាងលើ រួមទាំងផ្នែកខ្លះនៃក្បាល”។

លោក ឈូក សុម៉ាឡា សន្និដ្ឋានថា បំណែកក្បាលនាគនេះអាចយកចេញពីប្រាសាទបាយ័ន តែមិនដឹងថា យកមកទីតាំងនេះក្នុងគោលបំណងអ្វី និងពេលណានោះទេ។ លោកបន្ថែមទៀតថា រូបចម្លាក់បែបនេះច្រើនឃើញនៅរចនាបថបាយ័ន ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានយកនាគ និងគ្រុឌដែលជាសត្រូវនឹងគ្នាមកបញ្ចូលក្នុងសិល្បៈតែមួយ។

លោក ឈូក សុម៉ាឡា មានប្រសាសន៍ថា៖ “អាចជាព្រះអង្គចង់បង្ហាញពីទស្សនៈបង្រួបបង្រួមសាសនារវាងព្រហ្មណ៍សាសនា និងព្រះពុទ្ធសាសនា ទើបព្រះអង្គឱ្យស្ថាបត្យករបញ្ចូលនាគ និងគ្រុឌនៅជាមួយគ្នា ហើយដាក់បង្ហាញលើសំណង់នានារបស់ទ្រង់”។

ដើម្បីរក្សាសុវត្ថិភាពនូវបំណែកក្បាលនាគនេះ ទើបអាជ្ញាធរជាតិអប្សរា សហការជាមួយនគរបាលការពារបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍ ធ្វើកំណត់ហេតុ ប្រគល់ទទួលបំណែកចម្លាក់ខាងលើ យកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដើម្បីចុះបញ្ជីទុកជាឯកសារ លាងសម្អាត រក្សាទុកទៅតាមបច្ចេកទេស និងស្វែងរកទិន្នន័យផ្សេងទៀតផងទាក់ទងនឹងបំណែកក្បាលនាគនេះ ងាយស្រួលយកទៅដាក់នៅទីតាំងដើមវិញ បើមានការជួសជុលនៅទីតាំងដែលបានបាត់បង់នោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម