Connect with us

ចរាចរណ៍

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ធំ

បានផុស

នៅ

លោក ជុំ សុភមករា អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅលើផ្លូវជាតិលេខ៦A ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់បឋមពីលោកវរសេនីយ៍ឯក ព្រំ ចាន់ថុល នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី១មិថុនា នេះថា ករណីនេះកើតឡើងរវាងរថយន្ដម៉ាក Ford​ ជាមួយរថយន្ដដឹកទំនិញធន់ធំវ៉េអង ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

លោកវរសេនីយ៍ឯក ព្រំ ចាន់ថុល បញ្ជាក់បន្ថែមថា ការដែលបង្កជាគ្រោះថ្នាក់នេះកើតឡើង គឺដោយសាររថយន្ដធន់ធំវ៉េអងបើកគេចពីម៉ូតូមួយគ្រឿងដែលជិះចេញហាងមួយកន្លែង ទើបធ្វើឲ្យរថយន្ដជ្រុលទៅបុករថយន្ដម៉ាក Ford​ របស់លោក ជុំ សុភមករា ដែលកំពុងធ្វើដំណើរនៅផ្លូវផ្នែកម្ខាងទៀតបណ្ដាលរថយន្ដ Ford រងការខូចខាតធ្ងន់ធ្ងរ និងបណ្ដាលឲ្យអ្នកបើករថយន្ដ Ford ស្លាប់នៅកន្លែងកើតហេតុតែម្ដង។

នាយការិយាល័យនគរបាលចរាចរណ៍ខេត្តកំពង់ធំ បន្ថែមថា ក្នុងហេតុការណ៍នេះ គឺមានតែជនរងគ្រោះដែលជាអ្នកបើករថយន្ដម៉ាក Ford តែម្នាក់ប៉ុណ្ណោះ ខណៈអ្នកបើករថយន្ដធន់ធំវ៉េអង បានចុះរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចទៅដល់។ ចំពោះវត្ថុតាងរថយន្ដទាំងពីរគ្រឿង ត្រូវបានកម្លាំងជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីរង់ចាំដោះស្រាយបន្ត៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម