Connect with us

វប្បធម៌ ជំនឿ

ជំនឿ ៣ ក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលគេជឿថា បណ្តេញឧបទ្រពចង្រៃ នាំលាភសំណាង

បានផុស

នៅ

ពិធីចូលឆ្នាំប្រពៃណីខ្មែរ ជាទំនៀមទម្លាប់ដែលដូនតាខ្មែរតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ អំឡុងខែមេសា ដែលត្រូវនឹងខែចេត្រ ហើយក៏ជាខែប្រមូលទិន្នផលកសិកម្មផងដែរ។ ខណៈ ប្រវត្តិនៃពិធីបុណ្យជាតិដ៏ធំ របស់កម្ពុជាមួយនេះ មានអាយុកាលយូរលង់ណាស់មកហើយ ដែលផ្សារភ្ជាប់ទៅនឹងតំណាលរឿងមួយក្នុងទេវកថា ទាក់ទាងនឹងសិរី ៣ប្រការ។

ប្រភពរូបភាព៖ ក្រសួងអភិវឌ្ឍន៍ជនបទ

បើតាមតំណាលក្នុងទេវកថា ជារៀងរាល់សង្ក្រាន្តឆ្នាំថ្មី អង្គទេវីទាំង ៧អង្គ ដែលត្រូវជាបុត្រីកបិលមហាព្រហ្ម ត្រូវផ្លាស់វេនគ្នាកាន់តំណែងទេវតាសង្ក្រាន្តឆ្នាំថ្មី ដោយដង្ហែព្រះសិរសាព្រះបិតាប្រទក្សិណភ្នំព្រះសុម៉ែរុ ៦០នាទី រួចតម្កល់ទុកនៅកន្លែងដើមវិញ។

ទាំងនេះ ជាជំនឿខ្មែរដែលតជាទំនៀមទម្លាប់រហូតមកដល់សព្វថ្ងៃ។ តួយ៉ាង ជារៀងរាល់ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិម្តងៗ តាមផ្ទះសម្បែងនីមួយៗ តែងមានការរៀបរំតុបតែងដើម្បីទទួលទេវតាឆ្នាំថ្មី។

១. សម្អាតផ្ទះសម្បែង
មុនថ្ងៃចូលឆ្នាំប្រពៃណីជាតិមកដល់ ប្រជាជនខ្មែរតែងរៀបចំសំអាតនិងតុបតែងផ្ទះសម្បែង ខណៈមិនត្រឹមតែ ដើម្បីតែទទួលទេវតាឆ្នាំថ្មីប៉ុណ្ណោះទេ តែក៏មានជំនឿថា នោះជាការលាងជម្រះកម្អែលអព៌មង្គលនៃឆ្នាំចាស់ ផងដែរ។

២. ព្យួរគោមផ្កាយ
ទន្ទឹមនឹងការតុបតែងផ្ទះសម្បែងដើម្បីទទួលទេវតាឆ្នាំថ្មី ប្រជាពលរដ្ឋខ្មែរ ពិសេសអ្នករស់នៅតាមភូមិស្រុក និយមព្យួរគោមផ្កាយលម្អគេហដ្ឋាន ដោយសារគេជឿថា “ពន្លឺគោមផ្កាយ” នឹងនាំមកនូវសិរីសួស្ដី លាភសំណាង និងភាពមានបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. របាំត្រុដិ
ក្រៅពីគោមផ្កាយ នៅមានរបាំត្រុដិមួយទៀត ដែលគេតែងយកមកសម្តែងក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ដើម្បីប្រសិទ្ធសព្វសាធុការជូនដល់ភូមិស្រុកបណ្តេញរាល់គ្រោះចង្រៃ និងដើម្បីសុំទឹកភ្លៀង ឱ្យស្រោចស្រោបបានល្អពេញមួយឆ្នាំ។

ជាក់ស្តែង របាំត្រុដិ ក្នុងទស្សនៈរបស់ជនជាតិខ្មែរ បានកំណត់ថា គឺជាការកាត់ផ្តាច់នៃឆ្នាំនីមួយៗ ជាបុណ្យឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី បណ្តេញរាល់ឧបទ្រពចង្រៃ ហើយនាំយកមកនូវតែភាពសម្បូរណ៍សប្បាយ។ ហេតុនេះហើយ មិនថាតាមបណ្តាក្រុមហ៊ុន ក្រសួង-ស្ថាប័ន ឬទីអារាមនានា តែងមានរៀបចំការសម្តែង របាំប្រពៃណីជាតិមួយនេះ ជារៀងរាល់ឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម