Connect with us

ព័ត៌មានជាតិ

អភិបាលរងរាជធានី ស្នើខណ្ឌសង្កាត់ រៀបចំផែនការ​គម្រោង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ ទៅ​ប្រើ​ឱ្យ​ចំ​គោលដៅ

បានផុស

នៅ

លោកឯក ឃុនដឿន អភិបាលរង​រាជធានីភ្នំពេញ​បាន​ស្នើ​ឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ចេះច្នៃប្រឌិត រៀបចំផែនការ ក្នុង​ការ​យក​ថវិកា ពីគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល យក​ទៅ​ប្រើប្រាស់​ឱ្យ​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព ទៅតាមការចង់បាន​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្នើ​បែប​នេះ​របស់​លោកឯក ឃុនដឿន បានធ្វើឡើង ខណៈ​លោក​អញ្ជើញជា​អធិបតី​តំណាង​លោកឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ ក្នុងអង្គសិក្ខាសាលាសមាហរណកម្ម កម្មវិធី​វិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់សង្កាត់ ខណ្ឌ នាព្រឹកថ្ងៃទី០៨ តុលាឆ្នាំ២០២៥នេះ នៅសាលាខណ្ឌទួលគោក។

លោកឯក ឃុនដឿន បានមានប្រសាសន៍លើឡើងថា អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវចេះច្នៃប្រឌិត ក្នុងការរៀបចំផែនការ ដើម្បីយកថវិកា ពី​គម្រោង​កម្មវិធីវិនិយោគបីឆ្នាំ​រំកិល​ទៅ​ប្រើ​ប្រាស់​ឱ្យ​ចំ​គោលដៅ និងមានប្រសិទ្ធភាព ពិសេសគឺឱ្យចំគោលដៅ ដែលប្រជាពលរដ្ឋចង់បាន។ មិនមែន​ធ្វើឱ្យតែរួចៗខ្លួននោះទេ លោកឯក ឃុនដឿន បានលើក​ជា​ឧទាហរណ៍​ថា យើង​មិន​អាច​យក​ថវិកា ពី​គម្រោង​កម្មវិធី​វិនិយោគបី​ឆ្នាំ​រំកិល ទៅប្រើប្រាស់តែលើការស្ថាបនាផ្លូវតែមួយខ្សែ ហើយ​អស់​ថវិកា​នោះ​ទេ យើង​ត្រូវ​ចេះ​ច្នៃប្រឌិត​ និង​គិតគូរ​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយពីការប្រើប្រាស់ថវិកាទាំងនេះ។មិនមែន​សូម្បីតែ ត្រូវ​ការ​ស្តារ​លូ​រំដោះការលិចលង់នៅក្នុងមូលដ្ឋាន ក៏​យើង​មិន​មាន​ថវិកា​ក្នុង​ការ​ស្តារនោះទេ។

លោកឯក ឃុនដឿន បានមានប្រសាសន៍ទៀត​ថា ការ​រៀបចំ​សិក្ខាសាលា​សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់សង្កាត់ ខណ្ឌនេះឡើង មានគោលបំណង ដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៥ របស់រដ្ឋបាលខណ្ឌ ផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៦ របស់រដ្ឋបាលសង្កាត់ និង​ការ​ស្នើសុំ​ការ​គាំទ្រ​គម្រោង ពីមន្ទីរ អង្គភាពជំនាញ អង្គការដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍របស់សង្កាត់ និងខណ្ឌ។

លោក​បន្ត​ថា ជា​រៀងរាល់​ឆ្នាំ នៅតាមសាលាខណ្ឌនីមួយៗ តែងតែបាន រៀបចំ​សិក្ខាសាលាសមាហរណកម្ម កម្មវិធី​វិនិយោគបីឆ្នាំរំកិលរបស់សង្កាត់ ខណ្ឌ តាម​ការ​ណែនាំ​របស់​ថ្នាក់ជាតិ ហើយឆ្នាំនេះសិក្ខាសាលាសមាហរណកម្មបានចាប់ផ្តើមពី ថ្ងៃទី៦ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅតាមសាលាខណ្ឌនីមួយៗ។

លោកឯក ឃុនដឿន បន្តថា ការ​អនុវត្តគម្រោងនៅមូលដ្ឋាន​ពិត​ជា​ត្រូវ​ការ​ការ​ចូល​រួម​ដោយ​ខ្វះ​មិន​បាន​ពី​តួអង្គសង្គមពាក់ព័ន្ធនានា ដែលរួមមាន មន្ទីរជំនាញ, សមាគម-អង្គការសង្គមស៊ីវិល ដៃ​គូអភិវឌ្ឍ វិស័យឯកជន ក៏ដូចជាសប្បុរសជនផងដែរ។

លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក ក្នុងឱកាសនោះ ក៏​បាន​មាន​ប្រសាសន៍​លើក​ឡើង​ដែរ​ថា សិក្ខាសាលាសមាហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៦-២០២៨ របស់សង្កាត់ ខណ្ឌ បានរៀបចំឡើង ស្របតាមផែនការអភិវឌ្ឍន៍៥ឆ្នាំ ទាំងរបស់សង្កាត់ និងខណ្ឌ ដែល​ចាំ​បាច់​ត្រូវ​មាន​ការ​ចូលរួមគាំទ្រពី សំណាក់ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា ដើម្បីឱ្យគម្រោងដែលបានរៀបចំ ឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋាន។

ការរៀបចំគម្រោងផែនការអភិវឌ្ឍន៍ ខណ្ឌ និងសង្កាត់ ទទួលបានជោគជ័យ លុះត្រាតែមានការចូលរួម និងគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន មន្ទីរ អង្គភាពជំនាញ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា។

គួរ​បញ្ជាក់​ថា ការ​អនុវត្តគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខណ្ឌទួលគោក ដែលទទួលបានការគាំទ្រក្នុងសិក្ខាសាលាសមាហរណកម្មឆ្នាំ២០២៤ ដែលបានអនុវត្តឆ្នាំ២០២៥នេះ និងគម្រោងជា អាទិភាពសម្រាប់ឆ្នាំ២០២៦ ទទួលបានការគាំទ្រសរុបចំនួន ៨៥ គម្រោង អនុវត្តសម្រេចបាន ៨៣គម្រោងស្មើ៩៧,៦% ក្នុងនោះរួមមាន៖ ផ្នែកសេដ្ឋកិច្ចចំនួន ២០ គម្រោង លើ ២១គម្រោង។

ផ្នែកសង្គមកិច្ចចំនួន ២៩ គម្រោង លើ ២៩គម្រោង។

ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ចំនួន១៤ គម្រោង លើ ១៥ គម្រោង។

ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

ចំនួន២០គម្រោង លើ២០គម្រោង។

គម្រោងជាអាទិភាព ឆ្នាំ២០២៦ មានចំនួន ៨៥គម្រោង ក្នុងនោះរដ្ឋបាលខណ្ឌមានថវិកាគាំទ្រ ចំនួន ២៤គម្រោង និងគម្រោងដែលត្រូវដាក់ស្នើសុំការគាំទ្រនៅក្នុងសិក្ខាសាលាសមាហរណកម្មនាពេលនេះ មានចំនួន៥៩គម្រោង ក្នុងនោះរួមមាន៖ ផ្នែកសេដ្ឋកិច្ចចំនួន២២ គម្រោង,ផ្នែកសង្គមកិច្ចចំនួន ២៨គម្រោង,ផ្នែកគ្រប់គ្រងដីធ្លីធនធានធម្មជាតិបរិស្ថានចំនួន ១៦គម្រោង,ផ្នែកសេវាកម្ម រដ្ឋបាល និងសន្តិសុខចំនួន ១៩គម្រោង៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម