Connect with us

សន្តិសុខសង្គម

ថ្ងៃទី២៤មិថុនា កម្លាំងជំនាញរកឃើញបទល្មើស​ONLINE SCAMS ១ករណី និងបទល្មើសគ្រឿងញៀន១ករណី

បានផុស

នៅ

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះបាន
រកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ១ករណី ស្ថិតនៅបុរីជីបម៉ុង ៥០ម៉ែត្រ ខណ្ឌដង្កោដោយឃាត់ខ្លួនជនសង្ស័យបានចំនួន២៤នាក់។ បន្ថែមពីនេះ ក្រុមការងារក៏បានចុះត្រួតពិនិត្យរកឃើញទីតាំងប្រព្រឹត្តបទល្មើសប្រើប្រាស់ និងជួញដូរគ្រឿងញៀន១ករណីទៀត នៅខណ្ឌសែនសុខផងដែរ ដោយបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ២នាក់ និងដកហូតគ្រឿងញៀនមូយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាថ្ងៃទី២៥មិថុនានេះថា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ម្សិលមិញនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ នៅតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន ១០១ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៣៤១នាក់ (ស្រី ១១៨នាក់) គ្មានលិខិតឆ្លងដែន ២០នាក់។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ក្នុងចំណោមទីតាំងទាំង ១០១នេះ ក្រុមការងារបានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ១ករណី ស្ថិតនៅបុរីជីបម៉ុង ៥០ម៉ែត្រ ភូមិគ្រឹះលេខ១១ ផ្លូវP០៤ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ២៤នាក់ (ស្រី ១នាក់) ក្នុងនោះមានជនជាតិចិន ២៣នាក់ និងជនជាតិម៉ាឡេស៊ី ១នាក់ (ស្រី) ព្រមទាំងដកហូតសម្ភារមួយចំនួនរួមមាន៖ ម៉ូនីទ័រ ២គ្រឿង ធុងCPU ១គ្រឿង កុំព្យូទ័រយួរដៃ ២២គ្រឿង ទូរស័ព្ទ ៦៩១គ្រឿង Router WiFi ១គ្រឿង ដុំបំបែកអ៊ីនធឺណែត (Wireless Access Point) ១០គ្រឿង ដុំសាកទូរស័ព្ទ ១០គ្រឿង និងម៉ាស៊ីន DVR ១គ្រឿង។

តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញថាជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោមរូបភាពបញ្ចុះបញ្ចូលអូសទាញជនរងគ្រោះឱ្យចូលរួមវិនិយោគភាគហ៊ុនតាមប្រព័ន្ធបច្ចេកវិទ្យា និងមានគោលដៅទៅប្រទេសម៉ាឡេស៊ី។

លោកស្រី ដោ សម្ផស្ស បន្តថា ដោយឡែកក្នុងប្រតិបត្តិការនេះដែរ រដ្ឋបាលខណ្ឌសែនសុខបានចុះត្រួតពិនិត្យរកឃើញទីតាំងប្រព្រឹត្តបទល្មើសប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ចំនួន ១ករណី ស្ថិតនៅខុនដូរ អេចសែនសុខ ជាន់ទី២៥ បន្ទប់A២ ស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ២នាក់ (ប្រុស) ព្រមទាំងដកហូតសម្ភាររួមមាន៖ គ្រឿងញៀន ៥កញ្ចប់ និងដបទឹកកែច្នៃសម្រាប់ប្រើប្រាស់គ្រឿង ៤ដប។

បច្ចុប្បន្នជនសង្ស័យ និងសម្ភារទាំងអស់ដែលពាក់ព័ន្ធនឹងបទល្មើសទាំងពីរត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម