Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍ជំរុញឲ្យអ្នកពាក់ព័ន្ធរួមគ្នាភ្ជាប់តំបន់ទេសចរណ៍បេតិកភណ្ឌសៀមរាបអង្គរ ទៅកាន់តំបន់ឆ្នេរសមុទ្រទាំងបួននៅកម្ពុជា

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ រួមមានអាជ្ញាធរ សមាគម និងអ្នកផ្តល់សេវាទេសចរណ៍ទាំងអស់ រួមគ្នាធ្វើពិពិធកម្មទេសចរណ៍ និងតភ្ជាប់ពីគោលដៅមួយទៅមួយ ពិសេសពីតំបន់បេតិកភណ្ឌសៀមរាបអង្គរ ទៅកាន់តំបន់សមុទ្យទាំងបួនរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការតភ្ជាប់ទេសចរណ៍បេតិភណ្ឌសៀមរាប-អង្គ ទៅកាន់តំបន់ឆ្នេរកាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋានគារសង្គហមិត្តខេត្តកែប លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា សក្កានុពលទេសចរណ៍កម្ពុជាមានលក្ខណៈល្អឯក និងសម្បូរបែប ប៉ុន្តែហាក់ដូចជាខ្វះការរៀបចំដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យដើរកម្សាន្តបានច្រើនគោលដៅ សម្រាកបានយូរ និងចាយលុយច្រើន។ លោកបានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ រួមមានអាជ្ញាធរ សមាគម និងអ្នកផ្តល់សេវាទេសចរណ៍ទាំងអស់ រួមគ្នាធ្វើពិពិធកម្មទេសចរណ៍ និងតភ្ជាប់ពីគោលដៅមួយទៅមួយ ពិសេសពីតំបន់បេតិកភណ្ឌសៀមរាបអង្គរ ទៅកាន់តំបន់ឆ្នេរ និងកោះ។

លោក ហួត ហាក់ បានលើកឡើងបន្ថែមថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលអាណត្តិមុនចាត់ទុកជាមាសបៃតង ខណៈដែលអាណត្តិទី៧នេះ បន្តចាត់ទុកជាវិស័យអាទិភាព ជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ ហើយពីមួយឆ្នាំ ទៅមួយឆ្នាំ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិកើនឡើងជាលំដាប់ ប៉ុន្តែយ៉ាងណាក៏ដោយ គុណភាព និងបរិមាណភ្ញៀវ ហាក់ដូចនៅមានគម្លាតឆ្ងាយពីគ្នា មានន័យថា ចំនួនភ្ញៀវច្រើន ប៉ុន្តែការស្នាក់នៅ និងការចំណាយនៅកម្រិតទាប ដែលនេះទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នា ធ្វើពិពិធកម្មទេសចរណ៍ និងជំរុញការតភ្ជាប់ពីតំបន់គោលដៅមួយទៅមួយទៀត  ពិសេសពីតំបន់សៀមរាបអង្គរ ទៅកាន់ខេត្តតំបន់ឆ្នេរ។

លោករដ្ឋមន្ត្រីក៏បានស្នើដល់សមាគមសណ្ឋាគារកម្ពុជា ដែលមានលោកឧកញ៉ា ហ៊ី សុធា ជាប្រធាន និងសាខារបស់សមាគមទាំងអស់ សូមជួយធ្វើការតាមដាន ត្រួតពិនិត្យ វាយតម្លៃ លើការជំរុញការតភ្ជាប់កញ្ចប់ទស្សនកិច្ច ពីតំបន់បេតិកភណ្ឌសៀមរាមអង្គរ មកកាន់តំបន់ឆ្នេរ ដោយបញ្ជាក់អំពីលទ្ធផលចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងដំណោះស្រាយ រាយការណ៍មកក្រសួងទេសចរណ៍ ដើម្បីមានមូលដ្ឋាន ក្នុងការដាក់ចេញនូវវិធានការ គោលនយោបាយ ឲ្យបានចំគោលដៅ និងទាន់ពេលវេលា។

លោកក៏បានលើកទឹកចិត្តឲ្យសមាគម បន្តរៀបចំសិក្ខាសាលាជួបជុំ ចែករំលែកបច្ចុប្បន្នភាព ព័ត៍មានពីគោលដៅទេសចរណ៍ឲ្យបានច្រើន នូវកម្រិតបច្ចេកទេស ដើម្បីបង្កើតបានជាបណ្តាញ បង្កលក្ខណៈងាយស្រួលបន្ថែមទៀត ក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ ប្រកបដោយភាពច្នៃប្រឌិត និងសំបូរបែប ពិសេសរួមគ្នាធ្វើពិពិធកម្មទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម