Connect with us

ព័ត៌មានជាតិ

ខេត្ត​តាកែវ ជំរុញយុទ្ធនាការ «Green Season» ប្រែក្លាយរដូវភ្ញៀវតិច ទៅជារដូវទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ

បានផុស

នៅ

រដ្ឋបាលខេត្តតាកែវ សហការជាមួយក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ និងជំរុញយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season)» ដើម្បីលើកកម្ពស់សក្តានុពលទេសចរណ៍ធម្មជាតិ និងបង្វែរផ្នត់គំនិតភ្ញៀវទេសចរ ពីការយល់ឃើញថា រដូវវស្សាគឺជារដូវស្ងាត់ភ្ញៀវ មកជារដូវកាលដ៏ស្រស់បំព្រង និងមានភាពទាក់ទាញសម្រាប់ការកម្សាន្តបែបធម្មជាតិវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តតាកែវ ក្រោមអធិបតីភាពលោក ប្រាក់ ចន្ទ័តារា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ងិន ងិនដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ជាច្រើនរូប។

ថ្លែងក្នុងកិច្ចប្រជុំ លោក ប្រាក់ ចន្ទ័តារា បានជំរុញឱ្យមន្ទីរទេសចរណ៍ខេត្ត និងស្ថាប័នពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ខេត្តតាកែវ ឱ្យកាន់តែទូលំទូលាយ ជាពិសេសតំបន់ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ និងទីកន្លែងមានទេសភាពបៃតងស្រស់បំព្រងក្នុងរដូវវស្សា ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តកាន់តែច្រើន។

លោកបានលើកឡើងថា យុទ្ធនាការ «Green Season» មិនត្រឹមតែជាការផ្សព្វផ្សាយទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូរទស្សនៈ និងផ្នត់គំនិតរបស់ភ្ញៀវទេសចរ ឱ្យមើលឃើញពីសម្រស់ធម្មជាតិ និងបរិយាកាសស្រស់ស្រាយនៅរដូវវស្សា ដែលជាពេលវេលាដ៏ល្អសម្រាប់ការសម្រាកលំហែកាយ ទស្សនាទេសភាពបៃតង និងស្វែងយល់ពីជីវភាពរស់នៅតាមសហគមន៍មូលដ្ឋាន។

ខេត្តនេះមានតំបន់ទេសចរណ៍ល្បីៗជាច្រើន ដូចជា រមណីយដ្ឋានភ្នំដា តំបន់បុរាណវិទ្យាអង្គរបុរី ភ្នំតាម៉ៅ និងរមណីយដ្ឋានធម្មជាតិជាច្រើនទៀត ដែលមានទេសភាពស្រស់ស្អាតជាពិសេសនៅរដូវភ្លៀងធ្លាក់ បង្កើតបានជាបរិយាកាសត្រជាក់ស្រួល និងពោរពេញដោយពណ៌បៃតងខ្ចី។

មន្ត្រីជំនាញក្នុងវិស័យទេសចរណ៍ បានលើកឡើងដែរថា ការជំរុញយុទ្ធនាការ «Green Season» គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យវិស័យទេសចរណ៍មានចលនាពេញមួយឆ្នាំ កាត់បន្ថយភាពខុសគ្នារវាងរដូវភ្ញៀវច្រើន និងរដូវភ្ញៀវតិច ព្រមទាំងជួយលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន បង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដែលប្រកបរបរពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ ជាមួយគ្នានេះ អាជ្ញាធរខេត្ត និងមន្ទីរទេសចរណ៍ ក៏ត្រៀមជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធ កែលម្អបរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ និងគុណភាពសេវាកម្មទេសចរណ៍ ឱ្យកាន់តែល្អប្រសើរ ដើម្បីបង្កើនភាពជឿជាក់ និងផ្តល់បទពិសោធន៍ល្អដល់ភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្តក្នុងខេត្តតាកែវ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម