ព័ត៌មានជាតិ
ព្រលានតេជោសាងសង់បន្ថែមឃ្លាំងទំនិញ និងចំណតយន្តហោះ ចំណាយទុនប្រមាណ ៥០ លានដុល្លារអាមេរិក
លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន (CAIC) បានប្រកាសពីដំណើរការសាងសង់ឃ្លាំងទំនិញ (Cargo Terminal) ទី ២ និងចំណតយន្តហោះ Cargo បន្ថែម នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយគ្រោយចំណាយទុនវិនិយោគប្រមាណ ៥០ លានដុល្លារ។
ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) នៅព្រឹកនេះ លោកអ្នកឧកញ៉ា ពុង ឃាវសែ បានគូសបញ្ជាក់ថា ការវិនិយោគបន្ថែមនេះគឺយោងទៅតាមកំណើនទំនិញ Cargo និងដើម្បីត្រៀមឲ្យអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន (Logistic Hub) និងការផ្ទេរមធ្យោបាយដឹកជញ្ជូន (Transhipment)។

ក្រៅលើកពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែមក្នុងព្រលាន លោកឧកញ៉ាបានប្រកាសពីផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង ១០ គីឡូម៉ែត្រ ដែលគ្រោងចំណាយទុនវិនិយោគសរុបចំនួន ១០០ លានដុល្លារអាមេរិកតភ្ជាប់ពីបឹងជើងលោងដែលនៅប៉ែកខាងត្បូងព្រលានទៅភ្ជាប់នឹងទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោរហូតដល់ក្រុងកែប ដែលជាច្រកសមុទ្ររបស់ប្រទេសកម្ពុជាដើម្បីឲ្យតំបន់ព្រលានក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។
ក្នុងផែនការអភិវឌ្ឍព្រលានតេជោនៅលើផ្ទៃដីទំហំ ២៦០០ ហិកតា ដែលដំណាក់កាលទី ១ បានចំណាយទុនអស់ប្រមាណ ២ ៣០០ លានដុល្លារ ក្រុមហ៊ុន OCIC ក៏បានចាប់ផ្តើមអភិវឌ្ឍទីក្រុងរណបអាកាសយានដ្ឋានរួមមានការសាងសង់លំនៅដ្ឋានតម្លៃសមរម្យសម្រាប់បុគ្គលិករាប់ពាន់នាក់ និងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្នុងទីក្រុងរណបអាកាសយានដ្ឋាននេះ។

ប្រភពពីមន្រ្តី OCIC បានបញ្ជាក់ថា គម្រោងអភិវឌ្ឍទីក្រុងរណបអាកាសយានដ្ឋាន មានការសាងសង់លំនៅដ្ឋាន តំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលពិពណ៌អន្តរជាតិ រោងចក្រ និងឃ្លាំង រួមមានតំបន់សេដ្ឋកិច្ចពិសេស (SEZ) ដើម្បីលើកកម្ពស់ការផលិត និងការនាំចេញទំនិញតាមរយៈអាកាសយានដ្ឋានដ៏ទំនើបរបស់កម្ពុជា។
អាកាសយានដ្ឋានអន្តរជាតិតេជោអភិវឌ្ឍជា ៣ ដំណាក់កាល ដែលដំណាក់កាលទី ១ មានសមត្ថភាពអាចទទួលអ្នកដំណើរបាន ១៣ លាននាក់ក្នុងមួយឆ្នាំ។ ដំណាក់កាលទី ២ អាចទទួលអ្នកដំណើរបាន ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលទី ៣ អាចទទួលអ្នកដំណើរបាន ៥០ លាននាក់ក្នុងមួយឆ្នាំ។

គោលដៅរួមរបស់ក្រុមហ៊ុនអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ CAIC និងប្រតិបត្តិករអាកាសយានដ្ឋាន គឺធ្វើយ៉ាងណាបង្កើនចំនួនអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិតេជោបង្កើនពី ៥.៣ លាននាក់ ក្នុងឆ្នាំ ២០២៥ ដល់ ១០ លាននាក់ នៅឆ្នាំ ២០៣០។ គោលដៅមួយនេះអាចសម្រេចទៅបានដោយការបង្កើនសមត្ថភាពក្រុមហ៊ុនអាកាសចរណ៍ និងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ថ្មីៗបន្ថែមទៀត។
បើតាមមន្រ្តីអាកាសចរណ៍ស៊ីវិល នៅចុងឆ្នាំ ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោបានប្រកាសស្វាគមន៍ក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន ២ ទៀត គឺ ក្រុមហ៊ុន Etihad Airways ដែលបានហោះហើរជើងទី១ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោកាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៥ និងក្រុមហ៊ុន Turkish Airline ដែលនឹងត្រៀមហោះហើរជើងទី ១ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ដែលក្រុមហ៊ុនអាកាសចរណ៍ទាំងពីរនេះនឹងពង្រឹងការតភ្ជាប់រវាងរាជធានីភ្នំពេញ និងទីក្រុងធំៗនៅមជ្ឈិមបូព៌ា អឺរ៉ុប និងអាហ្វ្រិក៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


