Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតីនឹងទៅចូលរួមកិច្ចប្រជុំអាស៊ាន នៅម៉ាឡេស៊ី ជាមួយនឹងការគ្រោងចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយថៃ

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ជាមួយនឹងការគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយភាគីថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរចូលរួមកិច្ចប្រជុំនេះ តបតាមការអញ្ជើញរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ទៅម៉ាឡេស៊ី រួមមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស រួមជាមួយឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងតំណាងធុរកិច្ចមកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។

ក្រោមមូលបទ «បរិយាបន្ន និងចីរភាព» កិច្ចប្រជុំកំពូលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចក្ខុវិស័យនៃសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលផ្ដោតលើអនាគតរួមគ្នារបស់អាស៊ាន ការពង្រឹងមជ្ឈភាពអាស៊ាន ការជំរុញកិច្ចប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយបណ្តាដៃគូខាងក្រៅ ការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងពិភពលោក សំដៅឆ្ពោះទៅរកគោលដៅរួមនៃសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក។

នៅទីក្រុងគូឡាឡាំពួ ជាទីដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ សម្តេចធិបតី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួនផងដែរដើម្បីពង្រឹងនូវទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដែលមានផលប្រយោជន៍ទៅវិញទៅមក និងក្តីកង្វល់រួម។

ជាមួយនឹងវត្តមានចូលរួមកិច្ចប្រជុំកំពូលខាងលើ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏ត្រៀមនឹងមានការចុះកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងកម្ពុជា និងថៃ ផងដែរ។ ប្រសិនបើមិនមានការប្រែប្រួលទេ កម្ពុជា-ថៃ នឹងចុះហត្ថលេខាលើកិច្ចព្រៀងសន្តិភាព នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមជាសាក្សីពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម