Connect with us

ព័ត៌មានជាតិ

កម្ពុជា-ថៃ ជជែកគ្នាលើការពិនិត្យតំបន់សាកល្បងតាមព្រំដែននៃឃុំអូរបីជាន់ ដើម្បីដោះមីនមនុស្សធម៌

បានផុស

នៅ

ក្រុមការងារមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានជួបប្រជុំជាមួយក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដើម្បីពិភាក្សាគ្នាលើការពិនិត្យតំបន់សាកល្បងតាមព្រំដែនក្នុងឃុំអូរបីជាន់ពាក់ព័ន្ធទៅនឹងការងារដោះមីនមនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា កិច្ចប្រជុំពិភាក្សាដែលធ្វើឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១២:០៥នាទីថ្ងៃត្រង់នេះ គឺរៀបចំឡើងស្របតាមការសម្រេចរបស់ក្រុមការងារសម្របសម្រួលចម្រុះ JCTF លើការងារដោះមីនមនុស្សធម៌ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥កន្លងទៅ។

លោកស្រីអ្នកនាំពាក្យ បញ្ជាក់ថា ក្រុមការងារសម្របសម្រួលចម្រុះ JCTF កម្ពុជា-ថៃ បានប្រគល់ភារកិច្ចឱ្យក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ជួបប្រជុំពិភាក្សាការងារបច្ចេកទេស ដើម្បីពិនិត្យតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន ដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របស់កម្ពុជា ទល់មុខឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ របស់ថៃ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីតាមដាន និងផ្ទៀងផ្ទាត់។

ជាការគូសបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ការជួបប្រជុំពិភាក្សា និងការអនុវត្តការងារត្រូវតែគោរពតាមគោលការណ៍ និងនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែលក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៃប្រទេសទាំងពីរបានឯកភាពគ្នា។

ជាមួយគ្នានេះ ការងារដោះមីនមនុស្សធម៌នេះត្រូវគោរពតាមគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំងឈរលើស្មារតីគោរពគ្នាទៅវិញទៅមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម