ព័ត៌មានជាតិ
អគារមន្ទីរពេទ្យថ្មីទំនើបកម្ពស់៥ជាន់តម្លៃ១៦លានដុល្លារជាជំនួយរបស់សាធារណរដ្ឋកូរ៉េគ្រោងសាងសង់នៅចុងឆ្នាំនេះ
អគារមន្ទីរពេទ្យថ្មីទំនើបកម្ពស់៥ជាន់មានតម្លៃ១៦លានដុល្លារ ស្ថិតនៅក្នុងមន្ទីរពេទ្យកុមារជាតិ ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ គ្រោងនឹងសាងសង់នៅចុងឆ្នាំ២០២៥ខាងមុខនេះ។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍នៅរសៀលថ្ងៃទី១០វិច្ឆិកានេះថា អគារមន្ទីរពេទ្យថ្មីនេះ មានកម្ពស់៥ជាន់ មានទំហំជាង ៨៣០០ម៉ែត្រការ៉េ ដោយចំណាយថវិកាប្រមាណ ១៦លានដុល្លារ ជាជំនួយរបស់រដ្ឋាភិបាលកូរ៉េ។ ក្នុងនោះ ១១លានដុល្លារ សម្រាប់ចំណាយទៅលើការសាងសង់អគារ និង ៥លានដុល្លារទៀត សម្រាប់បំពាក់បរិក្ខារពេទ្យ និងការតុបតែងអគារដោយប្រើពេលសាងសង់រយៈពេល ៣ឆ្នាំ ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២៥ ដល់ចុងឆ្នាំ២០២៧ ខាងមុខនេះ។

លោកវេជ្ជបណ្ឌិត បានបន្តថា «ឥឡូវនេះយើងកំពុងរង់ចាំដំណឹងពីអង្គការ កូយកា ព្រោះមានក្រុមហ៊ុនបានដេញថ្លៃសាងសង់បានហើយតែអត់ទាន់បានកំណត់ថ្ងៃបុកគ្រឹះ តែមិនយូរទេប្រហែលជានៅចុងឆ្នាំនេះ»។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា អគារថ្មីនេះ អាចដាក់គ្រែបានចំនួន ១៩៦ គ្រែ និងមានកន្លែងសម្រាប់បណ្ដុះបណ្ដាល និងការអនុវត្តផ្ទាល់ដល់ក្រុមគ្រូពេទ្យផ្នែកជំនាញកុមារមកពីតាមបណ្តាខេត្តផ្សេងៗ និងមានផ្នែកពិគ្រោះជំងឺក្រៅតាមឯកទេសនីមួយៗ មានអាហារដ្ឋាន កន្លែងក្មេងលេង និងមានបង្កើតសេវាថ្មីៗ សម្រាប់កុមារដូចជា ជំងឺត្រចៀក ច្រមុះបំពង់ក ភ្នែក តម្រងនោម ក្រពេញក្នុង ម៉ាស៊ីនលាងឈាមផ្នែកកុមារ ជំងឺមហារីកឈាម សួត ក្រពះពោះវៀន ម៉ាស៊ីនថតឆ្លុះក្រពះ ទងសួត និងជំងឺអូទីសឹមជាដើម។

នៅក្នុងកិច្ចប្រជុំទ្វេភាគីកូរ៉េ-កម្ពុជា ឆ្នាំ២០២៥ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ផាក ជុងវ៉ុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សម្រាប់ឆ្នាំ ២០២៥ នេះ រដ្ឋាភិបាលកូរ៉េ នឹងត្រូវផ្តល់ជំនួយប្រមាណ ៣៥០ លានដុល្លារ ដល់កម្ពុជា ដោយផ្តោតលើវិស័យមួយចំនួនដូចជា ការអប់រំ ការគ្រប់គ្រងទឹក សុខភាព និងអនាម័យ វិស័យដឹកជញ្ជូន និងការអភិវឌ្ឍជនបទដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសទទួលជំនួយ ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ច្រើនជាងគេពីប្រទេសកូរ៉េជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោមប្រទេសជាដៃគូ ជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA) ទាំង ៩២។

ជំនួយនេះ នឹងរួមមានកម្ចីសម្បទានចំនួន ២៧ គម្រោង ក្នុងនោះ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងគម្រោងជំនួយឥតសំណងចំនួន ៦២ គម្រោង រួមទាំងគម្រោងកសាងសមត្ថភាពសម្រាប់មន្ទីរពេទ្យកុមារជាតិផងដែរ។
គួរបញ្ជាក់ថាអគារមន្ទីរពេទ្យថ្មីទំនើបកម្ពស់៥ជាន់តម្លៃ១៦លានដុល្លារជាជំនួយរបស់សាធារណរដ្ឋកូរ៉េនេះជាអគារមន្ទីរពេទ្យទី ២ ហើយ ដែលរដ្ឋាភិបាលកូរ៉េជួយសាងសង់ដល់មន្ទីរពេទ្យកុមារជាតិ ខណៈអគារទី ១ មានកម្ពស់ ៣ ជាន់ ដោយបានសាងសង់នៅឆ្នាំ ២០០៧ មានឈ្មោះថា អគារមិត្តភាពកម្ពុជា កូរ៉េ បានដាក់ដំណើរការនៅឆ្នាំ ២០០៩។ បន្ទាប់មកទៀត ដោយសារតម្រូវការរបស់មន្ទីរពេទ្យមានចំនួនអ្នកជំងឺកើនឡើងជាប្រចាំកូរ៉េបានធ្វើការជួសជុល និងពង្រីកឡើងវិញ នៅឆ្នាំ ២០១៣ និងដាក់ដំណើរការនៅឆ្នាំ ២០១៦៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


