ព័ត៌មានជាតិ
កម្ពុជា-អង់គ្លេស ពិភាក្សាជំហានបន្ទាប់លើកិច្ចសហការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃអត្រារីករាលដាលបទល្មើសឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យា កម្ពុជា-អង់គ្លេស បានពិភាក្សាអំពីជំហានបន្ទាប់សម្រាប់កិច្ចសហប្រតិបត្តិការ និងការកសាងសមត្ថភាព ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដែលជាក្តីកង្វល់រួម។
កិច្ចពិភាក្សានេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងលោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ក្នុងជំនួបនោះ លោក ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តមុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតាមរយៈការបង្កើតយន្តការ គ.ប.ឆ.ប បន្ថែមលើយន្តការដែលមានស្រាប់ សំដៅធ្វើយ៉ាងណាសម្របសម្រួលអាជ្ញាធរថ្នាក់ក្រោមជាតិយកចិត្តទុកដាក់បោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីមូលដ្ឋានរបស់ខ្លួន។ ទន្ទឹមនេះ លោកបានជម្រាបជូនពីលទ្ធផលនៃសកម្មភាពប្រតិបត្តិការនាពេលកន្លងទៅ និងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ តាមរយៈការចូលរួមស៊ើបអង្កេត ចែករំលែកព័ត៌មាន និងបទពិសោធ ដើម្បីបង្កាទប់ស្កាត់ និងស្រាវជ្រាវរកមេក្លោងនិងបណ្តាញអង្គការចាត់តាំងឱ្យបានម៉ឺងម៉ាត់។
ជាកិច្ចឆ្លើយតប ឯកអគ្គរាជទូត Dominic Williams បានសម្តែងនូវការពេញចិត្ត និងកោតសរសើដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឡើង។ ឯកអគ្គរាជទូតបានគូសបញ្ជាក់អំពីការពេញចិត្តចំពោះទំនាក់ទំនងកាន់តែជិតស្និទជាមួយកម្ពុជា និងបង្ហាញពីបំណងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជួយឱ្យកម្ពុជាកាន់តែមានការអភិវឌ្ឍ និងរឹងមាំ។ ទន្ទឹមនេះ លោកក៏មានបំណងភ្ជាប់ទំនាក់ទំនងជាមួយគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកលើការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
តាមរយៈជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីជំហានបន្ទាប់ក្នុងកិច្ចសហប្រតិបត្តិការ និងការកសាងសមត្ថភាព សំដៅរួមគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាកង្វល់រួមឱ្យកាន់មានប្រសិទ្ធភាពនិងប្រសិទ្ធផល។

កាលពីថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០២៥ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធនាការ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសង្កត់ធ្ងន់ថា «អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់ និងដោយការទទួលខុសត្រូវ។ ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្តក្នុងរូបភាពណាមួយត្រូវជាកម្មវត្ថុនៃការវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្ដូរ ឬបញ្ចប់មុខតំណែង»។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


