Connect with us

សន្តិសុខសង្គម

បង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនបរទេស ១០៤ នាក់ នៅអគារ A និង អគារ B នៃមជ្ឈមណ្ឌលព្រីសន៍ផ្លាហ្សា ក្នុងខណ្ឌចំការមន

បានផុស

នៅ

កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បន្តប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅខុនដូរ អគារ A និង អគារ B នៃមជ្ឈមណ្ឌល ព្រីសន៍ផ្លាហ្សា មហាវិថីព្រះនរោត្តម ក្បែរស្ពានអាកាសក្បាលថ្នល់ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់បានជនបរទេសចំនួន ១០៤ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំអនុវត្តការបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ដោយបានការសម្របសម្រួលផ្លូវច្បាប់ពី លោក សេង ហៀង ព្រះរាជអាជ្ញារង ត្រួតពិនិត្យទីតាំងសង្ស័យមានលួចលាក់ប្រព្រឹត្តបទល្មើសបង្ខាំងមនុស្សខុសច្បាប់។

ជាលទ្ធផល នៃប្រតិបត្តិការបង្ក្រាប កម្លាំងសមត្ថកិច្ចត្រួតពិនិត្យជាក់ស្តែងទីតាំងខាងលើនេះឃាត់ខ្លួនជនបរទេសសរុបចំនួន ១០៤ នាក់ (ស្រី ៧ នាក់) មាន ៦ សញ្ជាតិ ដូចខាងក្រោម ៖ ទី១.ជនបរទេសសរុបចំនួន ៨៣ នាក់ (ស្រី ៥ នាក់) មាន ២ សញ្ជាតិ (ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams) រួមមាន ៖ ជនជាតិចិនចំនួន ៨២ នាក់ (ស្រី ៤ នាក់) និង ជនជាតិវៀតណាមចំនួន ១ នាក់ (ស្រី)។ និង ទី២.ជនបរទេសសរុបចំនួន ២១ នាក់ (ស្រី ២ នាក់) មាន ៥ សញ្ជាតិ (ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់)។

សម្ភារៈវត្ថុតាងសរុបរួមមាន ៖ កុំព្យូទ័រលើតុ (All In One) ចំនួន ៧៧ គ្រឿង , កុំព្យូទ័រយួរដៃ (LAPTOP) ចំនួន ៣៦ គ្រឿង , IPAD ចំនួន ៥ គ្រឿង , ម៉ូនីទ័រ (MONITOR) ចំនួន ៤ គ្រឿង , ទូរស័ព្ទដៃ ចំនួន ៨០០ គ្រឿង
និង ធុង CPU ចំនួន ៦ គ្រឿង។

បច្ចុប្បន្នចំពោះជនបរទេសចំនួន ១០៤ នាក់ និង សម្ភារៈវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕
អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម