Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​ក្រសួង​ការងារ​ថា​កម្ពុជា​នៅ​សល់​ការងារ​រាប់​សិប​ម៉ឺន​កន្លែង​ទៀត​

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ស៊ុន មេសា បាន​លើក​ឡើង​ថា​កម្ពុជា​ឆ្នាំ​២០២៥​មិន​មែន​ជា​កម្ពុជា​កាល​ពី​៣០​ឆ្នាំ​មុន​នោះ​ទេ។ លោក​បញ្ជាក់​ថា​បច្ចុប្បន្ន​កម្ពុជា​នៅ​សល់​កន្លែង​ការងារ​រាប់​សិប​ម៉ឺន​កន្លែង​ទៀត​ដែល​ក្រសួង​កំពុង​ធ្វើ​ការ​ផ្សព្វផ្សាយ​និង​សម្រប​សម្រួល​ពលរដ្ឋ​ឱ្យ​ទទួល​បាន​ការងារ​ធ្វើ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​កម្ពុជា​ថ្មី​កាលពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ២០២៥​ លោក ស៊ុន មេសា បាន​បញ្ជាក់​ថា គ្រាន់​តែ​តួលេខ​ដែល​ក្រុមហ៊ុន​សហគ្រាស​បាន​ចុះ​ជាមួយ​ក្រសួង​ដើម្បី​ប្រកាស​រក​កម្មករ​និយោជិក​ពេល​នេះ​គឺ​នៅ​សល់​ជាង​៧ម៉ឺន៥ពាន់នាក់​ទៀត​ ខណៈ​​ក្នុងរយៈពេល​១០​ខែ​មក​នេះ​មាន​រោង​ចក្រ​សហគ្រាស​ដែល​បាន​គ្រោង​បើក​ថ្មី​នៅ​កម្ពុជា​នា​ឆ្នាំ​បន្ទាប់​ជាង​៥០០រយ​ ដែល​នឹង​បង្កើត​ការងារ​ជូន​ពលរដ្ឋ​ដល់​ទៅ​ជាង​៤០​ម៉ឺន​កន្លែង​បន្ថែម​ទេ។ នេះ​នៅ​មិន​ទាន់​រាប់​ដល់​ការ​រើស​បុគ្គលិក​នៅ​តាម​ហាង​លក់​ដូរ និង​អាជីវកម្ម​នៃ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​ឡើយ​ទេ។

លោក​ថា៖​ «យើង​មិន​ខ្វះ​ការងារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទេ​! កម្ពុជា​ឆ្នាំ​២០២៥​មិន​មែន​ជា​កម្ពុជា​ឆ្នាំ​១៩៨០ ឬ​ឆ្នាំ១៩៩០​ទេ​​ ឱកាស​ការងារ​យើង​ច្រើន​។ អ្វី​ដែល​សំខាន់​មាន​ចំណេះ​ មាន​ជំនាញ និយាយ​ភាសា​សាមញ្ញ​មាន​កម្លាំង​​ នោះ​ការងារ​សំបូរ​បែប​»

ដើម្បី​បំពេញ​តម្រូវ​ការងារ​ក្នុង​ស្រុក ជាពិសេស​ដើម្បី​ជួយ​ដល់​ពលករ​ចំណាក​ស្រុក​ដែល​មកពី​ប្រទេស​ថៃ​នៅ​ក្នុង​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​សៀមរាប ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​៣០​វិច្ឆិកា ក្រសួង​ការងារ​និង​ចុះ​ទៅ​ធ្វើ​ពិព័រណ៍​ការងារ​ក្នុង​ខេត្ត​ទាំង​បី​ដើម្បី​ផ្ដល់​ឱកាស​ការងារ ការ​អប់រំ​បច្ចេកទេស​ និង​វិជ្ជាជីវៈ ព្រម​ទាំង​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម ដល់​ពលរដ្ឋ​ក្នុង​ខេត្ត​ទាំង​បី​នេះ​ទៀត​ផង​ដែរ​។

តាម​គម្រោង​គឺ​នៅ​ថ្ងៃ​ទី​១៦ និង​១៧ ខែ​វិច្ឆិកា រៀបចំ​នៅ​បាត់ដំបង ថ្ងៃ​ទី​២២ និង​២៣​ ខែ​វិច្ឆិកា រៀបចំ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ថ្ងៃ​ទី​២៩ និង​៣០ រៀបចំ​នៅ​ខេត្ត​សៀមរាប។

អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ស៊ុន មេសា បាន​​អំពាវ​នាវ​ដល់​ពលរដ្ឋ​ឱ្យ​ចូលរួម​ឱ្យ​បាន​កុះ​ករ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ពី​ការងារ ការ​យល់ដឹង​ពី​សេវា​របប​សន្ដិសុខសង្គម និង​ធ្វើ​សម្ភាសន៍​ផ្ទាល់​នៅ​ទី​នោះ​តែ​ម្ដង។ លោក​សុំ​ឱ្យ​ពលរដ្ឋ​ត្រៀម​តែ​អត្តសញ្ញាណប័ណ្ណ ឬ​លិខិត​បញ្ជាក់​កំណើត​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា៖ «អ្វី​ដែល​យើង​ត្រូវ​ការ​ពី​បងប្អូន​ទាំង​អស់​គ្នា​សុំ​តែ​បងប្អូន​ចូលរួម! អ្វីៗ​គឺ​ថ្នាក់​ក្រសួង​ អាជ្ញាធរ​មូលដ្ឋាន អ្នក​ពាក់ព័ន្ធ​ទាំង​អស់​បាន​ត្រៀម​រួច​ជា​ស្រេច​ហើយ​បាទ»

លោក​បន្ថែម​ថា​៖ «ជា​ទឹក​ចិត្ត​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​ចង់​ឱ្យ​បងប្អូន​យើង​មាន​ការងារ​ធ្វើ បងប្អូន​អាច​រស់​បាន​កាន់​តែ​ប្រសើរ​​​​ មាន​ជំនាញ​ដែល​បង​ប្អូន​អាច​រស់​បាន​ ពេល​នោះ​ហើយ​ជីវភាព​បងប្អូន​ក៏​រីក​ចម្រើន​ សេដ្ឋកិច្ច​កម្ពុជា​​ក៏​រីក​ចម្រើន​បន្ថែម​ទៀត។ ខ្ញុំ​អាច​និយាយ​បាន​ថា​បងប្អូន​គឺ​ជា​ដុំ​មាស​របស់​កម្ពុជា​ហើយ​ពេល​នេះ​ដុំ​មាស​នេះ​បាន​វិល​ត្រលប់​មក​កម្ពុជា​វិញ​ហើយ​ យើង​ត្រូវ​តែ​កែ​ច្នៃ​ដុំ​មាស​នោះ​ឱ្យ​មាន​តម្លៃ​ ព្រោះ​គាត់​មាន​ជំនាញ​ គាត់​ជា​កម្លាំង​ពលកម្ម​ពេញ​វ័យ គាត់​គឺ​ជា​អ្នក​រួម​ចំណែក​កសាង​សង្គម​ជាតិ​របស់​យើង»

បើ​តាម​លោក ស៊ុន មេសា យុទ្ធនាការ​ផ្សព្វផ្សាយ​ឱកាស​ការងារ​នេះ​បាន​រៀបចំ​តាំង​ពី​ខែ​មិថុនា​មក​ម្ល៉េះ​ដែល​រួម​មាន​ទាំង​ការ​តាំង​ពិព័រណ៍​ផង ការ​ចុះ​ទៅ​តាម​ភូមិ​ឃុំ​ផង​ដែរ។ លោក​ថា​យន្តការ​នេះ​មិន​មែន​ជា​យន្ត​ការ​ភ្លើង​ចំបើង​នោះ​ទេ គឺ​ជា​យន្ត​ការ​ភ្លៀង​រលឹម​ដែល​ធ្វើ​រហូត​ជាមួយ​នឹង​ផែនការ​ច្បាស់លាស់៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម