ព័ត៌មានជាតិ
កម្ពុជា ស្នើសហគមន៍អន្តរជាតិចូលរួម និងជំរុញឱ្យមានការស៊ើបអង្កេតលើករណីទាហានថៃបាញ់ពលរដ្ឋខ្មែរស្លាប់-របួស ៤ នាក់
តំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើសហគមន៍អន្តរជាតិចូលរួម និងជំរុញឱ្យមានការស៊ើបអង្កេតលើករណីទាហានថៃបាញ់ពលរដ្ឋខ្មែរម្នាក់ស្លាប់ និងរងរបួស៣នាក់ផ្សេងទៀតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការស្នើនេះ ធ្វើឡើងដោយលោក ស៊្រាង ចិន្តា តំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅក្នុងកិច្ចប្រជុំពិសេសលើកទី៤ ឆ្នាំ២០២៥របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) កាលពីថ្ងៃទី១០-១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី។

នៅក្នុងកិច្ចប្រជុំនោះ លោក ស្រ៊ាង ចិន្តា បានជម្រាបដល់អង្គប្រជុំអំពីហេតុការណ៍ដែលទាហានថៃបានបើកការវាយប្រហារដោយគ្មានមូលហេតុចំនួនពីរលើកមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានបណ្តាលឱ្យមានអ្នករងរបួសធ្ងន់ធ្ងរចំនួន៣រូប និងបាត់បង់ជីវិតចំនួន១រូប។ ចំណែក ប្រជាពលរដ្ឋប្រមាណជាជាង៣០០គ្រួសារ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងទាំងយប់ទៅកាន់ជំរំជនភៀសសឹក។

តំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ពីការថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតរបស់អាយឆាកម្ពុជាចំពោះទង្វើដ៏ព្រៃផ្សៃនេះ ហើយក៏ជាទង្វើដែលរំលោភទាំងស្រុងលើច្បាប់អន្តរជាតិ ទាំងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ និងជាពិសេសសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដែលបានចុះហត្ថលេខានាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមទាំងកិច្ចព្រមព្រៀងជាច្រើនទៀត។ ជាមួយនឹងការបញ្ជាក់ពីការថ្កោលទោស លោក ស្រ៊ាង ចិន្តា ក៏បានស្នើដល់សហគមន៍ តំបន់ និងអន្តរជាតិឱ្យចូលរួមនិងជំរុញឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ និងមិនលម្អៀងលើករណីនេះ ដើម្បីរកឱ្យឃើញពីការពិត ព្រមទាំង ផ្តល់យុត្តិធម៌ និងការជួសជុសការខូតខាតនានាដល់ជនរងគ្រោះ។

បន្ថែមពីលើបញ្ហានេះ តំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានលើកឡើងពីបញ្ហាដែលថៃបន្តឃុំខ្លួនទាហានកម្ពុជាទាំង១៨រូបឱ្យអង្គគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា)បានដឹងផងដែរ។ លោក ស៊្រាង ចិន្តា បានប្រាប់អង្គប្រជុំអាយឆាថា គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺមានរយៈពេលចំនួន១០៨ថ្ងៃហើយ ដែលទាហានកម្ពុជាត្រូវបានទាហានថៃចាប់ឃុំខ្លួន បន្ទាប់ពីបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ចូលជាធរមាន។ លោកថា អាយឆាកម្ពុជា ស្នើដល់ភាគីថៃឱ្យដោះលែងទាហានទាំង១៨រូប ភ្លាមៗ និងដោយឥតលក្ខខណ្ឌផ្អែកលើគោលការណ៍នៃច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។
អាយឆាកម្ពុជា អះអាងជាថ្មីអំពីគោលជំហរឥតងាកររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយវិវាទនេះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងកិច្ចព្រមព្រៀងជាធរមានផ្សេងៗទៀត។ ទន្ទឹមនេះ ក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស កម្ពុជាមិនធ្លាប់បានប្រើ ហើយដាច់ខាតនឹងមិនប្រើគ្រាប់មីនថ្មីឡើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោក ស្រ៊ាង ចិន្តា នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី៤ ឆ្នាំ២០២៥របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


