ព័ត៌មានជាតិ
យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ជួបប្រជុំក្រៅផ្លូវការដោះស្រាយបញ្ហាកម្រិតមូលដ្ឋាន
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលរួមមានយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានជួបប្រជុំក្រៅផ្លូវ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការ (RBC ) ថៃ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតា។

ក្នុងបរិបទនេះ កិច្ចប្រជុំថ្នាក់យោធភូមិភាគនេះ ត្រូវបានមើលឃើញថាជាវេទិកាសំខាន់មួយក្នុងការបន្តការពិភាក្សា និងសម្របសម្រួល ដើម្បីទប់ស្កាត់ហានិភ័យនៃការកើនឡើងភាពតានតឹង និងរក្សាសន្តិភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារពេញលេញនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហាកម្រិតមូលដ្ឋានក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ។
ក្រសួងការពារជាតិកម្ពុជា គូសបញ្ជាក់សាជាថ្មីយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

កិច្ចប្រជុំក្រៅផ្លូវការនាពេលនេះ បានកើតឡើងក្នុងបរិបទដែលកម្ពុជា-ថៃ កំពុងអនុវត្តបទឈប់បាញ់ និងខិតខំរក្សាស្ថិរភាពតាមបណ្ដោយព្រំដែន។ ទោះជាយ៉ាងណា ភាគីកម្ពុជាបានកត់សម្គាល់អំពីសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់បង្កឡើងដោយកម្លាំងប្រដាប់អាវុធថៃចូលក្នុងទឹកដីកម្ពុជា។
ជាពិសេស ថ្មីៗនេះ អាជ្ញាធរថៃបានអនុញ្ញាតឱ្យពលរដ្ឋរាប់រយនាក់រៀបចំពិធីសែនព្រេននៅប្រាសាទក្របី និងតំបន់ជុំវិញ ដែលកម្ពុជាចាត់ទុកថាជាតំបន់មានជម្លោះ និងស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួន។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានចេញមុខតវ៉ាយ៉ាងម៉ឺងម៉ាត់ ដោយបញ្ជាក់ការមិនទទួលស្គាល់ចំពោះវត្តមាន និងសកម្មភាពរបស់ភាគីថៃ ដោយចាត់ទុកថាជាការរំលោភលើដែនអធិបតេយ្យ និងបូរណភាពទឹកដី។

សូមរំឭកថា លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានធ្វើឡើងនៅច្រកទ្វារព្រំដែនអន្តរជាតិ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា)- បានប៉ាក់កាដ (ខេត្តច័ន្ទបុរី ប្រទេសថៃ) កាលពីខែធ្នូ ឆ្នាំ ២០២៥ ភាគីទាំងពីរឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់។ ភាគីទាំងពីរត្រូវចៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុ ឬធ្វើសកម្មភាពរុលទៅមុខ ចល័តកម្លាំងទៅលើទីតាំង ឬកងកម្លាំងរបស់ភាគីម្ខាងទៀត៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


