ព័ត៌មានជាតិ
BREAKING! អាជ្ញាធរកម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះការសង់របងព្រំដែនពីភាគីថៃ ដើម្បីធានាថាមិនបំពានទឹកដីកម្ពុជា
មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយរូប បានអះអាងប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះថា អាជ្ញាធរជំនាញផ្នែកព្រំដែនកម្ពុជាកំពុងបន្តតាមដាន និងពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតចំពោះការសាងសង់របងព្រំដែនពីភាគីថៃនៅជាប់ខេត្តបាត់ដំបងរបស់កម្ពុជា ដើម្បីធានាថា ការសាងសង់របងនោះ គឺធ្វើឡើងដោយមិនបំពានមកលើបូរណភាពទឹកដី និងអធិបតេយ្យរបស់កម្ពុជា។ ការអះអាងនេះ គឺបន្ទាប់ពីសារព័ត៌មានថៃនៅថ្ងៃចន្ទនេះ បានផ្សាយព័ត៌មានពីរបងព្រំដែនថ្មីមួយដែលកងទ័ពថៃកំពុងសាងសង់នៅព្រំដែនខេត្តច័ន្ទបុរីរបស់ថៃ ជាប់ខេត្តបាត់ដំបងរបស់កម្ពុជា។

ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានលើកឡើង៣ចំណុចឆ្លើយតបទៅនឹងការសាងសង់របងព្រំដែនរបស់ភាគីថៃនៅតំបន់ព្រំដែនជាប់ខេត្តបាត់ដំបង៖
១- កំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង គឺកន្លងមកភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពគ្នាទាំងទីតាំងបង្គោលព្រំដែន ទាំងខ្សែព្រំដែនតាំងពីខែមីនា ឆ្នាំ២០០៨ (ដែលខ្សែព្រំដែននៅកំណាត់នេះ គឺជាខ្សែបន្ទាត់ត្រង់) ហើយកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមបច្ចេកទេសចម្រុះនៃភាគីទាំងពីរ បានចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្នបន្ថែមនៅចន្លោះបង្គោលព្រំដែននីមួយៗ ដែលបង្គោលបណ្តោះអាសន្ននីមួយៗ មានគម្លាតពីគ្នា៥០ម៉ែត្រមួយៗ ដើម្បីបង្ហាញ និងបញ្ជាក់ពីភាពច្បាស់លាស់នៃខ្សែព្រំដែនលើដីជាក់ស្តែង។
២- ចំពោះការសាងសង់របងដែលត្រូវបានលើកឡើងនោះ អាជ្ញាធរជំនាញផ្នែកព្រំដែនកម្ពុជាកំពុងបន្តតាមដាន និងពិនិត្យករណីនេះយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីធានាថា ការសាងសង់របងនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៤ នេះ គឺធ្វើឡើងដោយមិនបំពានមកលើបូរណភាពទឹកដី និងអធិបតេយ្យរបស់កម្ពុជា។
៣-សូមបញ្ជាក់ជូនដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងជំនួបត្រីភាគីរវាងកម្ពុជា ហ្វីលីពីន និងថៃ កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៦ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន អំពីសារសំខាន់ចាំបាច់នៃការអនុវត្តឱ្យបានពេញលេញភ្លាមៗ និងទាំងស្រុង នូវចំណុចទី៣នៃសេចក្តីប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ដោយត្រូវចុះវាស់វែងភ្លាមៗនៅលើដីជាក់ស្តែងដោយមិនពន្យារពេលទៀតឡើយ។

សូមបញ្ជាក់ថា កងទ័ពថៃកំពុងសាងសង់របងព្រំដែនថ្មីមួយនៅតាមបណ្ដោយព្រំដែនថៃ-កម្ពុជា ក្នុងខេត្តច័ន្ទបុរីជាប់ខេត្តបាត់ដំបងរបស់កម្ពុជា។ បើតាមសារព័ត៌មានថៃ Khaosod English ការសាងសង់របងព្រំដែននេះ ក្នុងគោលបំណងពង្រឹងសន្តិសុខព្រំដែន និងលើកកម្ពស់សុវត្ថិភាពសម្រាប់អ្នកស្រុកក្នុងតំបន់។ ការសាងសង់នេះ នៅចន្លោះបង្គោលព្រំដែនលេខ ៥២ និង៥៤ ដែលមានចម្ងាយប្រហែល១,៣១០ម៉ែត្រ។ សារព័ត៌មានថៃ បានបញ្ជាក់ថា តំបន់សាងសង់របងព្រំដែនភាគច្រើន គឺជាដីរាបស្មើដែលមានបន្ទាត់ព្រំដែនខណ្ឌសីមាយ៉ាងច្បាស់លាស់ ហើយទាំងខាងភាគីថៃ និងកម្ពុជា សុទ្ធតែមានផ្លូវល្បាតដែលរត់តាមបណ្ដោយព្រំដែនរួចជាស្រេចហើយ។ Khaosod English បានរាយការណ៍ថា ការសាងសង់របងព្រំដែននេះ បានចាប់ផ្ដើមតាំងពីចុងខែមេសាមកម្ល៉េះ ហើយត្រូវបានរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល៤៥ ថ្ងៃ៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


