Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល បន្តអប់រំយុវជនកុំឲ្យប្រើប្រាស់បារីអេឡិចត្រូនិក

បានផុស

នៅ

ថ្លែង​បើក​យុទ្ធនាការ​អប់រំ និង​ផ្សព្វផ្សាយ​អំពី​បញ្ហា​គ្រឿងញៀន នៅ​ខេត្ត​សៀមរាប នា​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នេះ លោក កៅ អ៉ី​ម​រ៉ន រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​ជំរុញ លោកគ្រូ អ្នកគ្រូ និង​អាណាព្យាបាល បន្ត​ផ្សព្វផ្សាយ អប់រំ និង​ណែនាំ​យ៉ាង​ទូលំទូលាយ​ដល់​សិស្សានុសិស្ស ជា​ពិសេស​យុវជន កុំ​ឲ្យ​ប្រើប្រាស់​បារី​អេឡិចត្រូនិក (Vape) និង​ស៊ី​ហ្សា ដែល​អាច​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​ប្រព័ន្ធ​ប្រសាទ​របស់​យុវវ័យ​ជា​ទំពាំង​ស្នង​ឫស្សី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កៅ អ៉ី​ម​រ៉ន បាន​បញ្ជាក់​ថា សម្រាប់​យុទ្ធនាការ​ដ៏​មាន​សារៈសំខាន់​នេះ រៀបចំ​ឡើង​ក្នុង​គោល​បំណង​បំផុស​ចលនា​ឲ្យ​សកម្ម​ក្នុង​សហគមន៍​ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​អប់រំ បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន។ យុទ្ធនាការ​នេះ​ដែរ ក៏​ជា​ការ​ជំរុញ​ស្មារតី និង​ចលនា​ជាតិ​តែមួយ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ អប់រំ ឲ្យ​បាន​សកម្ម​គ្រប់​មជ្ឈដ្ឋាន អំពី​ផល​ប៉ះពាល់ នៃ​គ្រឿងញៀន ដោយ​ម្នាក់ៗ មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន។

លោក​រដ្ឋលេខាធិការ ក៏បាន​ណែនាំ​ដល់​គ្រប់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​គ្រប់រូប ជាពិសេស​យុវជន ចូលរួម​ទាញ​យក និង​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ដៃ NoDrug សម្រាប់​ជា​បណ្ដុំ នៃ​មេរៀន​សំខាន់ៗ និង​ជា​មធ្យោបាយ​រាយការណ៍​ដ៏​សម្ងាត់​បំផុត​អំពី​ករណី​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​ដ៏​មាន​ប្រសិទ្ធភាព។ ជាពិសេស​ជាង​នេះ​ទៀត ការ​បន្ត​ចូលរួម​ទប់ស្កាត់​ខ្សែរយៈ​ចែក​ចាយ​ទៅ​ក្នុង​សហគមន៍ និង​ជនបទ ដោយ​ឈរ​លើ​គោលការណ៍ ៣ កុំ ១ រាយការណ៍ គឺ កុំ​ពាក់ព័ន្ធ កុំ​អន្តរាគមន៍ កុំ​លើកលែង និង​ត្រូវ​រាយការណ៍។

លោក ក៏បាន​លើកទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន​ក្នុង​មូលដ្ឋាន ចូលរួម​ឲ្យ​បាន​ផុសផុល​លើ​ការងារ​លើក​កម្ពស់ ការ​ផ្សព្វផ្សាយ​អប់រំ​អំពី​បញ្ហា​គ្រឿងញៀន តាម​គ្រប់​មធ្យោបាយ និង​គ្រប់​រូបភាព។ ក្នុង​នោះ មាតាបិតា អាណាព្យាបាល និង​លោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ ត្រូវ​បន្ត​ពន្យល់ អប់រំ ណែនាំ​ជារឿយៗ ជាប់​ជាប្រចាំ​ដល់​កូនៗ សមាជិក​គ្រួសារ និង​សិស្សានុសិស្ស ឲ្យ​យល់ដឹង​កាន់តែ​ច្បាស់​អំពី​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​របស់​គ្រឿងញៀន ចំពោះ​ខ្លួនឯង គ្រួសារ និង​សង្គមជាតិ។

ជាមួយ​នេះ លោក​ឧត្ដមសេនីយ៍​ឯក លឹម តុងហួត ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​អប់រំ និង​ទំនាក់ទំនង​សាធារណៈ នៃ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​អំពាវនាវ​ដល់​អ្នកចូលរួម​ទាំងអស់ បន្ត​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​ដល់​ក្រុម​គ្រួសារ មិត្តភ័ក្ដិ និង​មនុស្ស​ជា​ទី​ស្រឡាញ់​ទាំងអស់ ដើម្បី​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន រាយការណ៍​យក​គ្រឿងញៀន​ចេញពី​សហគមន៍។ ក្នុង​នោះ សូម​ឲ្យ​សាធារណជន​ទូទៅ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ដៃ ឬ​ហៅថា APP ដែល​មាន​ឈ្មោះថា NO DRUGS ដើម្បី​រួមគ្នា​ពង្រឹង និង​ពង្រីក​វិសាលភាព នៃ​ការ​ផ្សព្វផ្សាយ​អប់រំ ឲ្យ​បាន​ទៅ​ដល់​ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​អ្នក​មាន​ទូរស័ព្ទ​ដៃ​ប្រើ មិន​ថា ចាស់ ឬ​ក្មេង នៅ​ទីប្រជុំជន នៅ​ជនបទ ឬ​នៅ​ក្រៅ​ប្រទេស​ឡើយ។

បើ​តាម លោក ឌី រ៉ាដូ អភិបាល​រង​ខេត្ត បាន​ឲ្យ​ដឹង​ថា រយៈពេល ៩ ខែ ឆ្នាំ ២០២៥ ក្រោម​កិច្ច​សហ​ប្រតិបត្តិការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​ផ្សព្វផ្សាយ និង​អប់រំ​អំពី​ខ្លឹមសារ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​ចំនួន ៦ ០៤៤ លើក អ្នកចូលរួម​សរុប ៣៩៨ ៦៩៧ នាក់។

លោក​ក៏បាន​សំណូមពរ​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ រដ្ឋបាល​ក្រុង​ស្រុក ឃុំ​សង្កាត់ និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ វិស័យ​ឯកជន​នានា សហការ និង​ចូលរួម​ចំណែក​ដល់​ការ​អនុវត្ត​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឲ្យ​បាន​ព្រមៗ គ្នា ដើម្បី​ជីវិត និង​សហគមន៍​គ្មាន​គ្រឿងញៀន៕

អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម