Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តសៀមរាប ៖ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាផ្នែកដ៏សំខាន់មួយ នៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល

បានផុស

នៅ

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប លើកឡើងថា ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ គឺជាផ្នែកដ៏សំខាន់មួយ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល សំដៅធានាឲ្យការគ្រប់គ្រង និង ការប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះក្នុងវគ្គបណ្តុះបណ្តាល និង វិក្រឹតការ ស្ដីពី«គណនេយ្យសាធារណៈ» ជូនរជ្ជទេយ្យករបុរេប្រទាន និង រជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប កំពង់ធំ កំពង់ចាម ឧត្តរមានជ័យ និង ខេត្តព្រះវិហារ ដែលរៀបចំឡើងដោយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៨-២០ ខែឧសភា ឆ្នាំ ២០២៦ នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប។

នាឱកាសនោះ លោក ង៉ូវ សេងកាក់ បន្តថា ការរៀបចំវគ្គបណ្តុះបណ្តាល និង វិក្រឹតការ នាពេលនេះ គឺជាការចាំបាច់ និង ទាន់ពេលវេលា ដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹង និង ពង្រឹងសមត្ថភាពមន្ត្រីអនុវត្តការងារ ឲ្យបំពេញភារកិច្ចបានកាន់តែល្អប្រសើរ ស្របតាមបរិបទ នៃការកែទម្រង់ និង ការវិវត្ត នៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

លោក ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដោយផ្ដល់អាទិភាពខ្ពស់បំផុតលើការអភិវឌ្ឍមូលធនមនុស្សសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០។

លោក ពេជ្រ សម្បត្តិ បញ្ជាក់ថា តាមរយៈបទពិសោធ នៃការអនុវត្តជាអន្តរជាតិ ការអនុវត្តស្ដង់ដារគណនេយ្យអន្តរជាតិសម្រាប់វិស័យសាធារណៈមូលដ្ឋានបង្គរ ផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗ ជាច្រើនដូចជា ៖ របាយការណ៍ហិរញ្ញវត្ថុមូលដ្ឋានបង្គរ ផ្ដល់នូវទិដ្ឋភាពកាន់តែលម្អិតអំពីសមិទ្ធកម្មហិរញ្ញវត្ថុ និង ថ្លៃដើម នៃសកម្មភាពរបស់រដ្ឋាភិបាល តាមរយៈការកត់ត្រាទាំងប្រតិបត្តិការ សាច់ប្រាក់ និង មិនមែនសាច់ប្រាក់ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ជួយឲ្យរដ្ឋាភិបាលដែលជាអ្នកបង្កើតគោលនយោបាយ និង សាធារណជន កាន់តែយកចិត្តទុកដាក់លើការទិញ ការជម្រះចោល និង ការគ្រប់គ្រងទ្រព្យសកម្ម បំណុល និង បំណុលយថាហេតុនានារបស់រដ្ឋាភិបាល។ ផ្តល់រូបភាពពេញលេញអំពីស្ថានភាពហិរញ្ញវត្ថុទាំងមូលរបស់រដ្ឋាភិបាល។ ធ្វើឲ្យប្រសើរឡើងនូវតម្លាភាព តាមរយៈការរួមបញ្ចូលគ្រប់អង្គភាពទាំងអស់ដែលរដ្ឋាភិបាលគ្រប់គ្រង គណនេយ្យភាព ភាពអាចជឿទុកចិត្តបាន និង សុចរិតភាព នៃទិន្នន័យហិរញ្ញវត្ថុរបស់រដ្ឋាភិបាល។ ធ្វើឲ្យប្រសើរឡើង នូវការធ្វើសេចក្ដីសម្រេចចិត្តរបស់រាជរដ្ឋាភិបាល។ ជាពិសេសបង្កើនប្រសិទ្ធភាព និង ស័ក្ដិសិទ្ធិភាព នៃការរាយការណ៍ហិរញ្ញវត្ថុ និង ពង្រឹងភាពអាចប្រៀបធៀបគ្នាបានជាអន្តរជាតិ នៃរបាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋាភិបាល។

លោកបន្ថែមថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តែងតែយកចិត្តទុកដាក់ជានិច្ចលើការកសាង និង ការអភិវឌ្ឍសមត្ថភាពលើជំនាញពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រកសាង និង អភិវឌ្ឍន៍សមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ធ្វើបច្ចុប្បន្នកម្មជាបន្តបន្ទាប់ ដើម្បីតម្រង់ទិសការរៀបចំ និង ការអនុវត្តកម្មវិធីបណ្ដុះបណ្ដាល និង វិក្រឹតការ ជូនដល់មន្ត្រីពាក់ព័ន្ធស្របតាមស្មារតីច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ឆ្នាំ ២០២៣ និង អនុក្រឹត្យស្តីពីគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២៤៕
អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម