Connect with us

ព័ត៌មានជាតិ

​ក្នុង​តំបន់​អង្គរ មាន​រៀបចំ​ចំណត​​យានយន្ត​តាមប្រាសាទធំៗ បញ្ចៀស​​ចត​​យានយន្ត​ពាសវាល​ពាសកាល​

បានផុស

នៅ

ចំណតយានយន្តត្រូវបានរៀបចំនៅ​តាមទីតាំងប្រាសាទ​សំខាន់ៗ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ ដើម្បី​ឆ្លើយតប​តាម​​តម្រូវការ​​ជាក់ស្តែង ហើយ​ការ​សាងសង់​នេះ​ក៏​ត្រូវ​​ឆ្លង​កាត់​ការពិភាក្សា និង​ការ​សួរ​ដេញដោល​ពី​​​មន្រ្តីជំនាញជាពិសេស​ស្ថាប័ន ICC អង្គរ។ នេះ​បើ​តាម​លោក ទេស សុធី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌​នៃ​អាជ្ញាធរ​ជាតិ​អប្សរា។

​​ខណៈ​រមណីយដ្ឋានអង្គរមាន​វិសាលភាពគ្រប​ដណ្តប់លើផ្ទៃដី​​ទំហំ ៤០១ គីឡូម៉ែត្រក្រឡា ​ការ​សាងសង់​​​ចំណត​យានយន្តសម្រួលការ​ចត​យានយន្ត​ផ្សេងៗ​​ក្នុង​តំបន់អង្គរ​ក៏​មិន​អាច​សាងសង់ច្រើនពេកដែរ​ ដើម្បីកុំ​ឲ្យប៉ះពាល់ដល់តម្លៃ​នៃ​សម្បត្តិបេតិកភណ្ឌពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទេស សុធី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​គូស​បញ្ជាក់ តាំងពីឆ្នាំ ២០១០ អាជ្ញាធរ​បានរៀបចំ​ចំណត​​យានយន្ត​នៅ​ប្រាសាទ​បន្ទាយស្រី​​មុន​គេ ដែល​មានលក្ខណៈស្តង់ដា​អន្តរជាតិ សម្រាប់បម្រើដល់វិស័យទេសចរណ៍ ខណៈ​នៅ​​ខាង​មុខប្រាសាទ​អង្គរវត្ត ទើប​តែ​បាន​​រៀបចំ​​ឲ្យ​មាន​ចំណត ​និង​បើកដំណើរការផ្លូវការប្រហែល ៤ ឆ្នាំ​នេះ​ប៉ុណ្ណោះ។

ចំណតនៅតាមប្រាសាទផ្សេងៗទៀត មានដូចជានៅប្រាសាទព្រះខ័ន តាសោម និងតាព្រហ្ម សុទ្ធតែត្រូវបានរៀបចំឡើងតាមស្តង់ដា និងទទួលបានការឯកភាពពីអាជ្ញាធរជាតិអប្សរា ព្រមទាំងអ្នកជំនាញការអន្តរជាតិដែលបានចុះមកពិនិត្យផ្ទាល់។

នៅខ្លោងទ្វារជ័យវិញ​​ អាជ្ញាធរ​បាន​រៀបចំចំណត​និង​បាន​ចុះ​ដាក់​ស្លាក​សញ្ញា ផ្ទាំងប៉ាណូ​ព័ត៌មាន បន្ទប់ទឹក កន្លែង​អង្គុយ​សម្រាក ភោជនីយដ្ឋាន និង​ហាង​លក់​វត្ថុអនុស្សាវរីយ៍​ផង​ដែរ។

លោក ទេស សុធី បានបញ្ជាក់ថា ការរៀបចំចំណត​នៅ​ខ្លោង​ទ្វារ​ជ័យ​​ដើម្បីបង្កើតជាខ្សែទស្សនកិច្ចមួយ ដែលភ្ញៀវអាចចតរថយន្ត សម្រាកលំហែ ហើយ​ដើរ​ទស្សនា​​តាម​លំដាប់លំដោយ​ចាប់​ផ្តើម​ពីទស្សនា​ប្រាសាទធម្មនន្ទ បន្ត​ទៅ​លាន​បណ្ដុះ​កូន​ឈើ មើលស្ពាន​ប្រាសាទ​តាកែវ ហើយ​បក​មកមើលប្រាសាទ​ចៅសាយទេវតា ​រួចទើបត្រឡប់មកចំណតវិញ។ លោក ទេស សុធី បន្ថែម។

បើតាម​មន្រ្តីទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍ​ន៍ទេសចរណ៍ និង​វប្បធម៌​​រូបនេះ​បញ្ជាក់ថា​ ការរៀបចំសណ្តាប់ធ្នាប់និងហេដ្ឋារចនាសម្ព័ន្ធនេះ​គឺដើម្បីផ្តល់នូវផលិតផល​ទេសចរណ៍​​ចម្រុះ​ដល់ភ្ញៀវ។ អាជ្ញាធរមិនចង់ឲ្យភ្ញៀវទេសចរមកទស្សនាមានអារម្មណ៍ថាពួកគេមកមើល​តែថ្ម ឬមើលតែប្រាសាទមួយមុខនោះទេ ប៉ុន្តែចង់ឲ្យពួកគេ​អាច​ទស្សនា​ស្វែងយល់​ពីរមណីយដ្ឋាន​ទាំងមូល ទទួលបានបទពិសោធន៍ថ្មីៗ​និងត្រលប់ទៅវិញប្រកបដោយ​ភាព​សប្បាយ​រីករាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម