Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ សប្បាយនេសាទត្រី ខណៈត្រីចាប់ផ្ដើមត្រូវ ក្នុងស្ទឹងសង្កែ

បានផុស

នៅ

រយៈពេល​ប៉ុន្មាន​ជាង​មួយ​សប្ដាហ៍​កន្លង​មក​នេះ ស្រប​ពេល​អាកាសធាតុ​ចុះ​ត្រជាក់​ផង​នោះ ស្រាប់តែ​ត្រី​ក្នុង​ស្ទឹង​សង្កែ ចាប់ផ្ដើម​សម្បូរ ឬ ត្រូវ​ច្រើន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយ​រីករាយ​ក្នុង​ការ​ចុះ​នេសាទ​ត្រី ដើម្បី​យក​លក់​ចិញ្ចឹម​ជីវភាព​ប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្មាន​ថ្ងៃនេះ​គេ​សង្កេត​ឃើញ​ថា នៅ​ខាងក្រោម​ទំនប់​ស្ទាក់​ទឹក​សាលា​តា​អន ក្នុង​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង មាន​ប្រជាពលរដ្ឋ​ចុះ​នេសាទ​តាម​ទូក​ពេញ​ស្ទឹង​សង្កែ ដោយសារ​តែ​រដូវរងា​មក​ដល់ ត្រី​ក៏​ចាប់ផ្ដើម​ត្រូវ​ច្រើន ដែល​ភាគច្រើន​ជា​ត្រី​ក្នុង​វែង ត្រី​រៀល ត្រី​លេញ និង​កូន​ត្រី​ឆ្ពិន​ជាដើម។

តាម​ការ​បកស្រាយ​ពី​ស្ត្រី​ម្នាក់​ឈ្មោះ អាម៉ាស់ ឡា​ត់​យ៉ា ជា​ជនជាតិ​ចាម ដែល​អង្គុយ​លក់​ត្រី​តូចៗ ជាច្រើន​កញ្ច្រែង បាន​និយាយ​ថា ប៉ុន្មាន​ថ្ងៃនេះ ត្រី​ត្រូវ​ច្រើន​ណាស់ ដោយ​ស្វាមី​គាត់​ជា​អ្នក​បង់​សំណាញ់​ក្នុង​ស្ទឹង​សង្កែ ក្រោម​ទំនប់​ស្ទាក់​ទឹក​សាលា​តា​អន ហើយ​នៅ​ពេល​បាន​ត្រី គឺ​អ្នកស្រី​ចុះទៅ​យក​មក​លក់​នៅ​ខាងលើ។

ស្ត្រី​ជនជាតិ​រូបនេះ បាន​បន្ត​ថា នៅ​ពេល​ត្រី​ត្រូវ​ច្រើន​ម្ដងៗ លក់​មិន​សូវ​បាន​ថ្លៃ​ប៉ុន្មាន​ទេ ដោយ​ត្រី​សំបូរ​ច្រើន​ពេក គេ​ក៏​លក់ យើង​ក៏​លក់ ដូច្នេះ​បាន​ត្រឹម​មួយ​គីឡូក្រាម ១.៥០០ រៀល តែប៉ុណ្ណោះ នេះ​សម្រាប់​កូន​ត្រី​តូចៗ ដែល​អ្នកទិញ​ហូប​ភាគច្រើន​អាច​យក​ទៅ​ប្រឡាក់​ចៀន ឬក៏ ខ ឲ្យ​ផុយ​ឆ្អឹង​ទើប​ឆ្ងាញ់​ពិសា។

អ្នកស្រី បាន​បន្ថែម​ថា សម្រាប់​ទីតាំង​ទំនប់​សាលា​តា​អន​នេះ ភាគច្រើន​មនុស្សម្នា​មកលេង​ពេល​ល្ងាច ដើម្បី​ពិសា​ចំណី​អាហារ​ដែល​ប្រជាពលរដ្ឋ​ដាក់​លក់​នៅ​តាម​មាត់ច្រាំង​ក្បែរ​ទំនប់ ដោយ​អ្នក​មក​លេង​អាច​ទទួលទាន​ និង​ស្រូប​យក​ខ្យល់អាកាស​នា​ដងស្ទឹង​សង្កែ​ពេល​សាយណ្ហ ហើយ​ខ្លះ​ទៀត​មក​លេង​ផង ក៏​អាច​ឆ្លៀត​ទិញ​ត្រី​យក​ទៅ​ផង ដោយសារ​ត្រី​សំបូរ​បែបនេះ ដូច្នេះ​តម្លៃ​ក៏​ធូរ​ថ្លៃ អាច​ទិញ​យក​ទៅ​ពិសា​បាន ហើយ​ត្រី​ក៏​ត្រូវ​ជាង​មួយ​សប្ដាហ៍​មក​ហើយ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម