Connect with us

ព័ត៌មានជាតិ

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ស្នើឱ្យយោធិនចូលនិវត្តន៍បន្តសាមគ្គីភាពក្នុងជួរមុខ និងជួរក្រោយ

បានផុស

នៅ

កោះកុង ៖ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានស្នើដល់យោធិនចូលនិវត្តន៍បន្តរួបរួមសាមគ្គីភាពគ្នាក្នុងជួរមុខ និងជួរក្រោយ ដើម្បីថែរក្សាការពារដែនដីកម្ពុជាកាន់តែរឹងមាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើឡើងរបស់លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាកងរាជអាវុធហត្ថខេត្តកោះកុង ធ្វើឡើងក្នុងពិធីសំណេះសំណាលអតីត:យោធិនចូលនិវត្ត និងគ្រួសារយោធិនចូលនិវត្តន៍ ពលី មរណៈ ចំនួន ១៤នាក់។

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង គូសបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានគិតគូរពីសុខទុក្ខរបស់យោធិនចូលនិវត្តន៍គ្រប់ពេលវេលា ដោយមិនបោះបង់ចោលនោះទេ គឺគាំទ្រលើកទឹកចិត្ត និងផ្តល់អំណោយស្បៀងអាហារថវិកា សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅដូចពលរដ្ឋទូទៅ។

លោកបញ្ជាកងរាជអាវុធហត្ថខេត្តកោះកុង សង្កត់ធ្ងន់ដែរថា ទោះបីជាយោធិនចូលនិវត្តន៍ ក៏ពួកគាត់នៅតែមានភាពអង់អាច និងគំរូវីរភាពដល់អ្នកបន្តវេនជំនាន់ក្រោយ ដែលមិនអាចបំភ្លេចបានឡើយ។ ទន្ទឹមនោះលោកក៏បានលើកសរសើរពលីកម្មគ្រប់បែបយ៉ាងជូនជាតិមាតុភូមិកន្លងមករបស់យោធិន ត្បិតបានយោធិនចូលនិវត្តហើយក៏ដោយ។

ក្នុងនាមលោកជាមេបញ្ជាការ គឺលោកគាំទ្រពេញទំហឹងរាល់តម្រូវការនានារបស់យោធិនដែលចូលនិវត្តន៍ចំពោះការកង្វះខាត ដោយមិនដាក់យោធិនទាំងនោះមានភាពឯកោនោះទេ។ នៅពេលយោធិនទទួលមរណៈភាព នឹងទទួលបានប្រាក់មូលនិធិឧបត្ថម្ភ និងប្រាក់ឧបត្ថម្ភផ្សេងៗ ទៀត។ ចំណែកឯកងទ័ពជំនាន់ក្រោយ លោកស្នើឲ្យត្រូវប្រឹងប្រែងសិក្សារៀនសូត្រ គោរពបទបញ្ជាវិន័យ ថែរក្សាសុខភាព ហើយត្រៀមបទបញ្ជានានាពីថ្នាក់ដឹកនាំចេញប្រតិបត្តិការអន្តរាគមន៍ទាន់ហេតុការណ៍។

មេបញ្ជាការកងរាជវុធហត្ថខេត្តកោះកុង បានជូនជាអំណោយឧបត្ថម្ភក្នុងមួយនាក់ទទួលបានអង្ករ ៣០គីឡូ ត្រីខកំប៉ុង០១យួរ ទឹកក្រូច០១កេស មីខ្លាឃ្មុំក្រហម០១កេះ ទឹកសុទ្ធ០១កេះ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ អំបុក០១កញ្ចប់ បាយក្ដាំង០១កញ្ចប់ នំកងទ័ព០១កញ្ចប់ និងថវិកា ១០ម៉ឺនរៀល៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម