Connect with us

ព័ត៌មានជាតិ

ដំណាំសក្តានុពលសំខាន់ៗ​របស់កម្ពុជា​ ជា​គោល​​ដៅ​នាំ​ចេញ ​ស្រូបទាញ​ចំណូល​ចូលជាតិ​មួយឆ្នាំៗ​រាប់ពាន់​លានដុល្លារ

បានផុស

នៅ

មន្រ្តី​ក្រសួង​កសិកម្ម​បាន​បង្ហាញ​ពី​ដំណាំ​កសិកម្ម​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា​ សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​បរទេស។

ចូលរួមជាវាគ្មិន​ក្នុងវេទិកាគយ និង​សម្ព័ន្ធសមាគមសហគ្រាស​ធុនតូច និង​មធ្យម លោក ចាយ ជីម ប្រធាន​នាយកដ្ឋាន​កសិ​ឧស្សាហកម្ម​នៃ​ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​ថា កម្ពុជា​មាន​ដំណាំ​កសិកម្ម​សំខាន់ៗ​ជាច្រើន​មុខ​​ ដែលមានសក្តានុពលខ្ពស់​សម្រាប់​នាំ​ចេញ​ទៅក្រៅប្រទេស​។​ ក្នុង​នោះ​លោកបាន​លើកឡើង​ពី​ដំណាំ​សំខាន់ៗ​ក៏​មាន​ស្រូវ​និង​អង្ករ ដែល​​ក្នុង​មួយ​ឆ្នាំៗកម្ពុជា​បាន​នាំ​ចេញ​ប្រមាណ ៦ លានតោន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាយ ជីម ចូលរួមជាវាគ្មិនក្នុងវេទិកាគយ និង​សម្ព័ន្ធ​សមាគមសហគ្រាសធុនតូច និង​មធ្យមកាលពីពេលថ្មីៗកន្លងទៅនេះ

លោកថា ស្រូវជាប្រភេទដំណាំដ៏​មានសក្តានុពល​មួយសម្រាប់ប្រទេសកម្ពុជា ហើយ​ប្រទេសកម្ពុជាមាន​ផលស្រូវសរុបប្រហែល ១៥ លានតោន ដែលក្នុងនោះការនាំចេញស្រូវ ឬអង្ករមានប្រហែលជា ៦ លាន​តោន​ក្នុង​មួយ​ឆ្នាំ។

ដំណាំ​ដ៏​សំខាន់​មួយ​ទៀត​គឺ​ស្វាយចន្ទី។ មន្រ្តី​ក្រសួង​កសិកម្ម​បញ្ជាក់ថា ស្វាយ​ចន្ទី​ក៏​ជា​ដំណាំ​ដ៏​​សំខាន់​​មួយ​ទៀត​សម្រាប់កម្ពុជា​នាំចេញ ខណៈ​ប្រទេស​​កម្ពុជាមានផ្ទៃដីដាំដុះ​ស្វាយចន្ទី​ច្រើន ដោយទទួលបានទិន្នផលយ៉ាង​ហោច​ណាស់ប្រហែល ១ លានតោន

យ៉ាងណាមិញ មន្រ្តីក្រសួង​កសិកម្ម​បញ្ជាក់ថា ការ​កែច្នៃគ្រាប់ស្វាយ​ចន្ទីនៅក្នុងស្រុកនៅមានកម្រិតនៅ​ឡើយ ពោលគឺ​អាច​ស្រូប​យក​ទៅកែច្នៃជា​ផលិតផល​សម្រេចបានត្រឹមតែចន្លោះពី ៥% ទៅ ១០% ប៉ុណ្ណោះ ហើយ​ក្រៅ​ពី​នោះ​ភាគច្រើន​ត្រូវបាន​លក់ជាលក្ខណៈវត្ថុធាតុដើម។

ក្រៅ​ពី​ស្រូវ​អង្ករ និង​ស្វាយ​ចន្ទី មន្រ្តី​ក្រសួង​កសិកម្ម​ក៏​លើក​ពីដំណាំ​ម្រេច​ក៏​ជា​ដំណាំ​ដ៏​សំខាន់​មួយ​ទៀត។

លោក ចាយ ជីម បាន​ឲ្យ​ដឹង​ថា ទីផ្សារ​នាំចេញម្រេច​លំដាប់​លេខមួយ​របស់​កម្ពុជា​គឺ​ទៅកាន់​តំបន់​អឺរ៉ុប ជាពិសេស​ប្រទេស​អាល្លឺម៉ង់។

លោកថា ម្រេចកម្ពុជាមានទាំងប្រភេទម្រេចធម្មតា និងម្រេច​ដែល​មាន​ម៉ាក​សម្គាល់​ភូមិសាស្ត្រ (GI) ដូចជា​ម្រេចកំពត ដែល​មានតម្លៃថ្លៃគួរសម។

ម្រេច​អាច​កែច្នៃ​ជា ម្រេច​ខ្មៅ ម្រេចក្រហម និងម្រេចស។ ប្រសិនបើម្រេចកំពត​ត្រូវបាន​កែច្នៃរហូត​ដល់​ទៅ​​ជាប្រភេទ​ម្រេច​ក្រហម ឬ​ម្រេចសនោះ តម្លៃនាំចេញអាចឡើងរហូតដល់ ៧០ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។ នេះបើតាមលោក ចាយ ជីម។

ដោយឡែក​សម្រាប់​ម្រេច​ខ្មៅ​ដែល​ដាំ​បាន​ល្អ ​នាំចេញទៅ​​ប្រទេស​ជប៉ុន​អាចលក់បា​នតម្លៃ ៧៥ ដុល្លារ ក្នុង​មួយ​គីឡូ​ក្រាម

មៀនប៉ៃលិនក៏​ជា​ដំណាំ​យុទ្ធសាស្រ្ត ដែល​ត្រូវបាន​នាំចេញផ្ទាល់ទៅកាន់​ប្រទេស​ចិន។ ប្រទេស​កម្ពុជា​​​បា​នចុះ​អនុស្សរណៈ​យោគយល់គ្នា (MoU) ជាមួយ​ប្រទេសឡាវ ដើម្បី​សម្រប​សម្រួល​ក្នុង​ការ​នាំចេញ​មៀន​​​ប៉ៃលិន​ទៅកាន់​ប្រទេស​ចិន ​ដោយ​ឆ្លងកាត់តាមប្រទេសឡាវ។

ក្រៅ​ពីនេះ ​ចេកអំបូងលឿង​ក៏​ជាដំណាំដ៏សំខាន់មួយទៀត​ដែលកម្ពុជា​បាន​នាំ​ចេញ ហើយ​ក៏​មាន​ការ​ដាំដុះ​ច្រើន។ ខណៈ​ដូង​ក្រអូប​ក៏​ជាដំណាំដ៏​ពេញនិយមខ្លាំង ហើយ​ក្រសួងកសិកម្ម​​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​នៃការយោគយល់គ្នា (MoU) ជាមួយភាគីចិនដើម្បីនាំចេញទៅកាន់ប្រទេសចិន។

មន្រ្តីក្រសួងកសិកម្ម​បន្ត​ថា ទឹកមាត់ត្រចៀកកាំក៏​ជាផលិតផល​ដ៏មានសក្តានុពលខ្ពស់​សម្រាប់​ការនាំចេញ ស្រប​វិស័យសត្វក៏​មានការនាំចេញ​មួយចំនួន​ប្រភេទជា​អាហារឆ្អិន​។

កម្ពុជា​បានបញ្ចប់​ការ​ចរចា​ និង​ឈានទៅ​​ចុះ​អនុស្សរណៈ​យោគយល់ ​ក្នុង​ការ​ដឹក​កសិផល​ឆ្លងកាត់​តាម​ប្រទេស​ឡាវ​ទៅ​ទីផ្សារ​ចិន។

ថ្លែងក្នុងទិវាមច្ឆជាតិនៅខេត្តស្វាយរៀងកាល​ពី​ម្សិលមិញនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា​បាន​​ឲ្យ​ដឹង​ថា កម្ពុជាបានចរចា​បើក​ផ្លូវដឹកជញ្ចូនទំនិញ​តាមផ្លូវគោកជាលើកដំបូង​ទៅប្រទេសចិន តាមរយៈច្រកប្រទេសឡាវ។

នាយករដ្ឋមន្រ្តី​បាន​បញ្ជាក់ថា «កាលពីមុន​កម្ពុជាដឹកជញ្ជូនទំនិញទៅទីផ្សារប្រទេសចិនតាម​រយៈផ្លូវទឹក​​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​កម្ពុជា​អាច​ដឹក​កសិផលទៅតាមផ្លូវគោក​ឡើងទៅប្រទេសចិនតែម្ដង»។

តាមរយៈច្រក​​ផ្លូវ​ដឹកជញ្ជូន​ថ្មី​នេះ បាន​ធ្វើ​ឱ្យកម្ពុជា​ចំណេញ​ពេល​ដឹក​ជញ្ជូន​ដែល​ជា​ធម្មតា​ត្រូវ​ចំណាយ​ពេល​ពី ១៥​ ទៅ ​២០ ​ថ្ងៃ ឥឡូវ​បង្រួញ​មក​ត្រឹមតែ ១ សប្ដាហ៍​តែ​ប៉ុណ្ណោះ។

លោក ​ឃឹម ​ហ្វីណង់ មន្រ្តី​អ្នកនាំ​ពាក្យ​ក្រសួង​កសិកម្ម​មានប្រសាសន៍ថា កើត​ចេញពី​កិច្ចខិតខំ​ប្រឹងប្រែង ​និង​ការចរចា​យ៉ាង​សកម្ម​ពី​សំណាក់​ថ្នាក់ដឹកនាំ ​និង​មន្ត្រីជំនាញនៃក្រសួងកសិកម្ម កម្ពុជា-ឡាវ បាន​​ឈាន​ទៅ​បើកផ្លូវ និង​សម្របសម្រួល​នីតិវិធីនានា ក្នុងការ​បើកច្រកថ្មី​សម្រាប់​ការដឹក​ជញ្ជូន​ឆ្លង​កាត់​កសិផល​ខ្មែរ​ចំនួន ៦ មុខ​ទៅ​កាន់​ទី​ផ្សារ​ចិន ​ដែលរួមមានចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅ​ដំឡូងមី និង​ទុរេន។

លោក​មើល​ឃើញ​ថា ​នេះ​សញ្ញា​វិជ្ជមាននិង​ជា​កាលានុវត្តភាពថ្មីសន្លាង​សម្រាប់កសិករ ​ក៏ដូចជា​ម្ចាស់​អាជីវកម្មក្នុងវិស័យ​កសិកម្ម​នៅ​កម្ពុជា ​ក្នុងការចាប់​យក​ឱកាស និង​ពង្រីក​សក្តានុពល​កសិផល​ខ្មែរ​នៅ​លើ​ទីផ្សារ​អន្តរជាតិ។

វិស័យកសិកម្មបានរួមចំណែកប្រមាណ ១៦,១% ក្នុងផលិតផលសរុបក្នុងស្រុក (GDP)។ នេះបើតាម​លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែង​នៅ​ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ​២០២៦​។

ជាមួយ​​នឹងកំណើនប្រចាំឆ្នាំ ១,២% ដែលធ្វើឱ្យតម្លៃបន្ថែមសរុបនៃវិស័យនេះកើនឡើងដល់ជាង ៨,៣​ពាន់​​លានដុល្លារអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម