Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបក្មេងទំនើងបាន២១ករណី ក្នុងរយៈពេលមួយសប្ដាហ៍ ដោយបញ្ជូនទៅតុលាការ

បានផុស

នៅ

រយៈពេល៧ថ្ងៃ ឆ្នាំ២០២៦ គិតពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា កម្លាំងនគរបាលជាតិបានបង្ក្រាបក្មេងទំនើង២១ករណី ដោយឃាត់ខ្លួនមនុស្សចំនួន៧០នាក់ ហើយត្រូវបានបញ្ជូនទៅតុលាការ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ខណៈជាមួយគ្នានេះករណីល្បែងស៊ីសងក៏ត្រូវសមត្ថកិច្ចបង្ក្រាបបាន៦ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធ២៣នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្មេងទំនើង និងជនងប់ល្បែងទាំងនោះ នគរបាលបានអនុវត្តវិធានការច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនពួកគេទាំងអស់នោះទៅតុលាការ ខណៈជនសង្ស័យមួយចំនួនទៀត សមត្ថកិច្ចបានកំណត់អត្តសញ្ញាណរួចជាស្រេច និងកំពុងស្វែងរកចាប់ខ្លួន។

គួរបញ្ជាក់ថា ករណីក្មេងទំនើង និងល្បែងស៊ីងសងខុសច្បាប់ ដែលកម្លាំងនគរបាលជាតិ ចុះបង្ក្រាបបាននោះ ភាគច្រើនមានក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពត តាកែវ ត្បូងឃ្មុំ ស្វាយរៀង ក្រចេះ បាត់ដំបង និងខេត្តពោធិ៍សាត់។

បើតាមលោក ទូច សុឃៈ លទ្ធផលនៃការបង្ក្រាបនេះ បញ្ជាក់យ៉ាងច្បាស់ថា ក្នុងកាលៈទេសៈណាក៏ដោយ អាជ្ញាធរ និងកម្លាំងនគរបាលមានសមត្ថកិច្ច នៅតែបន្តបង្ក្រាបដោយមិនដកដៃ គ្រប់បទល្មើសក្នុងសង្គម ទាំងបទល្មើសល្បែងស៊ីសងខុសច្បាប់ និងក្មេងទំនើង។

គួរកត់សម្គាល់ថា ក្នុងរយៈពេល២សប្ដាហ៍ នៃខែមករា កម្លាំងនគរបាល បានបង្ក្រាបក្មេងទំនើងចំនួន៣៨ករណី ដោយឃាត់ខ្លួនមនុស្ស១២៨នាក់ និងបានបង្ក្រាបករណីល្បែងស៊ីសងចំនួន១១ករណី ឃាត់ខ្លួនជនងប់ល្បែងចំនួន៣២នាក់បញ្ជូនទៅតុលាការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម