ព័ត៌មានជាតិ
ភ្នំពេញនឹងទទួលជំនួយកាមេរ៉ាសម្គាល់ទម្រង់មុខមនុស្សពីចិនជិត៥០០គ្រឿងដើម្បីលើកកម្ពស់សន្តិសុខ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស សុខា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយចិនលើអនុវត្តន៍គម្រោងអភិវឌ្ឍន៍នគរបាលវៃឆ្លាត ដែលនឹងបំពាក់ប្រព័ន្ធដំណើរការ និងវិភាគវីដេអូ នៅរាជធានីភ្នំពេញ។ តាមគម្រោងនេះចិននឹងផ្ដល់កាមេរ៉ាដែលអាចសម្គាល់ទម្រង់មុខមនុស្ស និងស្លាកលេខយានយន្ត ៤៨៧គ្រឿង ដើម្បីបំពាក់នៅរាជធានីភ្នំពេញ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះធ្វើនៅក្រសួងមហាផ្ទៃកម្ពុជាកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ រវាងរដ្ឋមន្ត្រីមហាផ្ទៃលោក ស សុខា និងអគ្គលេខាធិការនៃមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខនិងសមាហរណកម្មអនុវត្តន៍ច្បាប់មេគង្គ-ឡានឆាង លោក យូ ស៊ាវវិន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា បានគូសបញ្ជាក់ថា ការដាក់ឱ្យដំណើរការប្រព័ន្ធ «នគរបាលវៃឆ្លាត» នេះគឺជាការអនុវត្តជាក់ស្ដែងនៃគោលនយោបាយសន្តិសុខរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
គម្រោងអភិវឌ្ឍន៍នគរបាលឆ្លាតវៃនេះនឹងមកជាមួយមជ្ឈមណ្ឌលបញ្ជាការដែលមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រង និងឆ្លើយតបចំពោះស្ថានភាពអាសន្នបានទាន់ពេលវេលាមួយទៀតផងដែរ។

អគ្គលេខាធិការនៃមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខនិងសមាហរណកម្មអនុវត្តន៍ច្បាប់មេគង្គ-ឡានឆាង លោក យូ ស៊ាវវិន បានសន្យាថាចិននឹងបន្តពង្រីកវិសាលភាពនៃការបំពាក់កាមេរ៉ា និងបណ្ដុះបណ្ដាលមន្ត្រីនគរបាលកម្ពុជាលើផ្នែកបច្ចេកវិទ្យាឌីជីថល សំដៅរួមចំណែកក្នុងការពង្រឹងវិស័យសន្តិសុខនៅកម្ពុជាបន្ថែមទៀត។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលោកបណ្ឌិត ប៉ា ច័ន្ទរឿន បានបង្ហាញការយល់ឃើញថាការបំពាក់ប្រព័ន្ធកាមេរ៉ាទំនើបនេះអាចជួយសម្រួលដល់ការងាររបស់នគរបាលរៀបចំសណ្ដាប់ធ្នាប់ កាត់បន្ថយបទល្មើស ងាយស្រួលស្វែងរកជនសង្ស័យ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ទោះជាយ៉ាងណាលោកក៏បានបង្ហាញក្ដីបារម្ភផងដែរ ទាក់ទងសិទ្ធិសេរីភាព និងឯកជនភាពរបស់ប្រជាពលរដ្ឋ ហើយប្រសិនជាការគ្រប់គ្រងខ្វះចន្លោះណាមួយទិន្នន័យដែលនគរបាលមានអាចធ្លាក់ទៅជនទី៣ ដែលអាចបង្កបញ្ហាបាន។
លោកថា៖ «សម្រាប់ខ្ញុំៗមិនយល់ទាស់ទេចំពោះការប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ា AI ដើម្បីបង្កើនកិច្ចការងារធានាសន្តិសុខសង្គម ប៉ុន្ដែដូចខ្ញុំបានលើកអ៊ីចឹងថាឧបករណ៍អេឡិចត្រូនិក AI នេះជាអាវុធមុខ២ សំខាន់យើងត្រូវបានប្រើប្រាស់វាឱ្យបានត្រឹមត្រូវ»។

លោកបានផ្ដល់អនុសាសន៍ថា ក្នុងពេលដែលមានរៀបចំនេះរដ្ឋាភិបាលគួរបង្កើតច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋ និងត្រូវធានាពីតម្លាភាព គណនេយ្យភាពរបស់នគរបាលដោយមិនត្រូវប្រើប្រាស់ដើម្បីគំរាមកំហែងឬកៀបសង្កត់ដល់ការអនុវត្តន៍សិទ្ធិរបស់ប្រជាជននោះទេ ជាមួយគ្នានេះការដាក់ស្លាកសញ្ញាឱ្យពលរដ្ឋដឹងថាមានបំពាក់កាមេរ៉ាចាប់ផ្ទៃមុខក៏សំខាន់ផងដែរ។ អ្វីដែលសំខាន់នោះគឺរដ្ឋត្រូវធានាថា ប្រព័ន្ធគ្រប់គ្រងកាមេរ៉ាចាប់ផ្ទៃមុខ និងស្លាកលេខយានយន្តនេះមិនត្រូវស្ថិតក្រោមការគ្រប់គ្រងពីបរទេសណាមួយឡើយ ដើម្បីធានានូវអធិបតេយ្យភាពទិន្នន័យ និងសន្តិសុខជាតិទាំងមូលផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


