ព័ត៌មានជាតិ
បទយកការណ៍៖ ការងាររោងចក្រក្នុងស្រុកកែប្រែផ្នត់គំនិតពលករខ្មែរមកពីថៃពីស្ថានភាពការងារនៅកម្ពុជា
«នៅកម្ពុជាល្អច្រើនជាង(ថៃ) យើងអស់តែផ្ទះជួល និងទិញបាយហូបខ្លួនឯង យើងឈឺអីទៅ យើងទៅពេទ្យមាន ប.ស.ស. អត់អស់លុយស្រួល។ ហើយនៅប្រទេសយើងៗអត់ភ័យខ្លាចថាប៉ូលិសចាប់អីអ៊ីចឹងណាយើងចង់ទៅណាក៏បាន។ (តើចង់ទៅថៃវិញទេ?) អត់ទេ!បង ខ្ញុំអត់ចង់ទៅទៀតទេ» ។

នេះជាការលើកឡើងរបស់អ្នកស្រី អៀម អេម ជាអ្នកខេត្តបាត់ដំបង ធ្លាប់ជាអតីតពលករខ្មែរនៅប្រទេសថៃ បច្ចុប្បន្នជាកម្មកររោងចក្រមួយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ អ្នកស្រីបានឱ្យដឹងថាបន្ទាប់ពីចូលកម្ពុជាក្នុងអំឡុងខែកក្កដា អ្នកស្រីពុំមានការងារច្បាស់លាស់ធ្វើទេ រហូតដល់ពេលមួយដែលអ្នកស្រីទទួលបានព័ត៌មានពីលេខទំនាក់ទំនងរកការងាររបស់ក្រសួងការងារ ១២៩៧ ដោយបានហៅទូរស័ព្ទរៀបរាប់ពីការលំបាកស្វែងរកការងារ និងការខ្វះខាតឯកសាររបស់ខ្លួន ក្រោយមកក៏ត្រូវបានក្រសួងការងារផ្គូផ្គងការងារជូនអ្នកស្រីបានមកធ្វើការនៅរោងចក្រនេះតែម្ដង។
អ្នកស្រី អៀម អេម៖ «ក្រសួងរៀបចំបានល្អ! ហើយខ្ញុំអរគុណគាត់ទៀត គាត់បានជួយខ្ញុំឱ្យមក គាត់ជួយជួលបន្ទប់អីឱ្យខ្ញុំស្នាក់នៅ បើសិនជាអត់មានគាត់ខ្ញុំអត់បានមកធ្វើការនៅរោងចក្រនេះទេ»។
មិនត្រឹមតែអ្នកស្រី អៀម អេម ទេដែលបានការងារនៅរោងចក្រនេះ ស្វាមីរបស់គាត់ដែលធ្លាប់ជាអតីតពលករមកពីថៃដូចគ្នាក៏បានចូលធ្វើការជាមួយប្រពន្ធគាត់ដែរ។ អ្នកស្រីបានឱ្យដឹងក្នុងមួយខែ២នាក់ប្ដីប្រពន្ធអាចទទួលចំណូលបានជាង៦០០ដុល្លារ ដែលអាចឱ្យពួកគាត់អាចទ្រទ្រង់ជីវភាពបាន និងសល់លុយផ្ញើទៅឱ្យកូនស្រីនៅឯស្រុកផងដែរ។

អ្នកស្រីបន្ថែមថា៖ «មកធ្វើនៅទីនេះខ្ញុំសប្បាយចិត្តព្រោះបើកលុយបានច្រើន! បើយើងគិតជាថ្ងៃថៃបានច្រើនជាងហើយវាក៏អស់ច្រើនដូចគ្នា។ នៅថៃយើងត្រូវធ្វើការរាល់ថ្ងៃទើបបាន។ នៅនេះ(កម្ពុជា)យើងបានឈប់ថ្ងៃអាទិត្យ ហើយបានឈប់ថ្ងៃបុណ្យទៀត បើនៅថៃថ្ងៃបុណ្យអត់ឈប់ទេ»។
អាចថាជាភាពចៃដន្យមួយរបស់អ្នកស្រី និងស្វាមីដោយសារតែបានការងារនៅរោងចក្រ Ventura ដែលជាដៃគូររបស់ក្រសួងការងារក្នុងកម្មវិធីរៀនដេរបានលុយ ដែលធ្វើឱ្យអ្នកស្រីនិងស្វាមីទទួលបានកម្រៃតាំងពីថ្ងៃដំបូងនៅពេលចូលរៀន បូករួមទាំងការជូនដំណើរ បន្ទប់ស្នាក់នៅ និងអាហារហូបចុកដោយឥតគិតថ្លៃផងដែរក្នុងអំឡុងពេលនៃការរៀននោះ។ កម្មវិធីនេះចាប់ផ្ដើមនៅខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ខាងមុខដែលនឹងផ្ដល់ជូនដល់មនុស្សចំនួន២៣០០នាក់។
អ្នកនាំពាក្យក្រសួងការងារលោក ស៊ុន មេសា បានឱ្យដឹងថារហូតមកដល់ចុងខែមករាមានអតីតពលករខ្មែរពីប្រទេសថៃប្រមាណជាង៥០០នាក់ហើយដែលស្ថិតក្នុងគម្រោងនេះ ក្នុងនោះជិត១០០នាក់បានការងារនៅរោងចក្រ Ventura នេះ។

អតីតពលករខ្មែរនៅប្រទេសថៃម្នាក់ទៀតដែលស្ថិតក្នុងគម្រោងនេះគឺលោក ម៉ែន កូឡូណែល អាយុ៤៦ឆ្នាំ ធ្លាប់ធ្វើការនៅថៃដល់ទៅ២៦ឆ្នាំជាកម្មករសំណង់ បច្ចុប្បន្នបានផ្លាស់ប្ដូរអាជីពថ្មីជាកម្មកររោងចក្រកាត់ដេរ។ លោកស្ទើរតែមិនសង្ឃឹមថារោងចក្រទទួលលោកចូលរៀននិងធ្វើការផងដោយសារលោកមានវ័យចំណាស់ដែរ តែដោយសារការសម្របសម្រួលពីក្រសួងការងារ និងទទួលការបណ្ដុះបណ្ដាលនោះធ្វើឱ្យលោកបានទទួលការងារយ៉ាងពេញចិត្តនៅទីនេះ។
លោកថា៖ «កាលខ្ញុំមកស្រុកខ្មែរ៣ខែ ខ្ញុំរកការងារធ្វើអត់បានក៏ខ្ញុំទាក់ទងទៅក្រសួង ក៏គាត់ទាក់ទងមកថាគាត់ចាំរកការងារឱ្យធ្វើព្រោះការងារមានច្រើន តែគាត់ឱ្យមកធ្វើនៅរោងចក្រសិនមក។ ខ្ញុំថារោងចក្រខ្ញុំអត់សូវចេះធ្វើទេមេ! គាត់ថាមកធ្វើសិនមកដើម្បីបានស្គាល់ការងារ ព្រោះយើងអត់ដែលបានធ្វើនៅក្នុងស្រុកផង។ […] មកធ្វើបាន១ខែជាងមកដូចជាមានការសប្បាយចិត្តខ្លះដែរ ព្រោះកន្លះខែគាត់បើកលុយម្ដង អ៊ីចឹងយើងក៏ថាហូបគ្រប់គ្រាន់អ៊ីចឹងណា។ យើងអត់ខ្វះបើថាមួយខែបើកម្ដងទៅយើងអាចខើចមុខខើចក្រោយចុងខែអី ដល់កន្លះខែអាចទប់បានអ៊ីចឹងទៅវាម៉ាល្មម រស់ទៅអត់អីទេ! យូរៗទៅទម្លាប់ដូចតែគេហើយ គេនៅរាប់ពាន់នាក់គេនៅបានរឿងអីយើងនៅមិនបាន»។

ក្រោយបានការងារលោកក៏បានណែនាំអតីតពលករពីថៃ៤-៥នាក់ទៀតបានចូលធ្វើការជាមួយគ្នាផងដែរ។ លោកបានផ្ញើសារជូនអតីតពលករខ្មែរនៅថៃដែលមិនទាន់បានការងារធ្វើសូមធ្វើការទំនាក់ទំនងមកក្រសួងការងារ ឬលេខទូរស័ព្ទ១២៩៧ដើម្បីទទួលបានការងារធ្វើ។
លោក កូឡូណែល សង្ឃឹមថានាពេលខាងមុខប្រសិនជាមានរោងចក្រកាត់ដេរបើកនៅខេត្តបាត់ដំបង លោកប្រហែលនឹងទៅធ្វើនៅទីនោះវិញព្រោះក្នុងខេត្តកំណើត។
ប្រធានផ្នែកធនធានមនុស្សនៃរោងចក្រ Ventura កញ្ញា ជ័យ ប៊ុនផលលាភ បានឱ្យដឹងថាកញ្ញាគាំទ្រដល់គម្រោងរបស់ក្រសួងការងារដែលជំរុញដល់អតីតពលករចំណាកស្រុកឱ្យចូលមកធ្វើការតាមរោងចក្រនានាក្នុងប្រទេស។ កញ្ញាបន្ថែមថាគម្រោងនេះក៏ស្របពេលដែលរោងចក្រកញ្ញាកំពុងរកបុគ្គលិកបន្ថែមដែលត្រូវការដល់ទៅជាង១ពាន់នាក់ផងដែរ។ កញ្ញាសំណូមពរដល់អតីតពលករខ្មែរដែលត្រលប់ពីប្រទេសថៃដែលនៅមិនទាន់មានការងារធ្វើសូមទាក់ទងទៅកាន់ក្រសួងការងារដើម្បីទទួលបានឱកាសការងារក្នុងស្រុក។

កញ្ញាថា៖ «សូមជឿថាស្រុកខ្មែរយើងអត់ខ្ចះការងារធ្វើទេ ហើយនៅពេលដែលបងប្អូនអត់មានជំនាញខាងយើងក៏មានបង្រៀនដល់ពួកគាត់ទៀត។ អ៊ីចឹងសូមបងប្អូនជឿទុកចិត្តលើរាជរដ្ឋាភិបាលក៏ដូចជារោងចក្រផ្ទាល់ព្រោះអីចំណូលដែលយើងរកបាននៅទីនេះក្នុងស្រុកក៏អត់ចាញ់នៅក្រៅស្រុកដែរ»។
ប្រធានសហភាពពលកម្មជាតិកម្ពុជាលោក សំ សឿន មានប្រសាសន៍ថាស្ថានភាពការងារនៅកម្ពុជាកាន់តែប្រសើរជារៀងរាល់ឆ្នាំ ជាមួយប្រាក់ចំណូលសមរម្យ និងលក្ខខន្តការងារកាន់តែល្អ។ លោកបន្ថែមថា បើពិនិត្យលើស្ថានភាពទាំងនេះធៀបទៅនឹងការងារនៅប្រទេសថៃគឺកម្ពុជាល្អប្រសើរជាងច្រើន។
លោកបន្ថែមថា៖ «ប្រាក់ឈ្នួលមិនខុសគ្នាប៉ុន្មានទេតែធ្វើការនៅកម្ពុជាទទួលបាននូវរបបថែទាំងសុខភាពតាមរយៈ ប.ស.ស. ប្រាក់សោធននិវត្តន៍ បងប្អូនទៅថៃគឺគ្មានប្រាក់សោធននិវត្តន៍ទេ បងប្អូនចាស់ទៅត្រលប់មកកម្ពុជាវិញគឺគ្មានប្រាក់ទ្រទ្រង់ជីវិតទេ។ តែចំពោះកម្មករកម្ពុជាគាត់ធ្វើការ ទោះគាត់បាត់បង់កាយសម្បទាក្ដី គាត់ចូលនិវត្តន៍ក្ដីមានប្រាក់សោធននិវត្តន៍សម្រាប់ទ្រទ្រង់ជីវភាពរស់នៅកាន់តេប្រសើរនៅពេលដែលគាត់បាត់បង់សមត្ថភាពការងារឬចូលនិវត្តន៍ បងប្អូនក៏អាចទៅព្យាបាលជំងឺដោយមិនបង់ប្រាក់ពេលដែលចូលនិវត្តន៍»។

លោកថាជំរុញដល់អតីតពលករទាក់ទងមកក្រសួងការងារដើម្បីទទួលបានការងារ ទទួលចំណូលក្នុងស្រុក ចាយក្នុងស្រុក បង្កើនចំណូលក្នុងស្រុកជាជាងទៅធ្វើការឱ្យបរទេស យកលុយចាយបង្កើនសេដ្ឋកិច្ចបរទេសដែលមើលងាយកម្ពុជានោះ។
បន្ទាប់ពីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ និងការមាក់ងាយពីប្រជាជនថៃលើពលរដ្ឋខ្មែរនៅប្រទេសថៃនោះ ពលករចំណាកស្រុកជាង៩៥ម៉ឺននាក់បានត្រលប់ចូលកម្ពុជាវិញ ក្នុងនោះមានកុមារចន្លោះពី៥ទៅ៦ម៉ឺននាក់ និងមនុស្សអាយុ៤៥ឆ្នាំឡើងជាង២៥ម៉ឺននាក់។ តាមរបាយការណ៍ក្រសួងការងាររហូតមកដល់ខែធ្នូ ឆ្នាំ២០២៥ ក្រសួង និងស្ថាប័នឯកជនក្នុងស្រុកបានសម្របសម្រួលរកការងារ និងផ្ដល់ការងារជូនអតីតពលករខ្មែរបានចូលធ្វើការប្រមាណ៦២ម៉ឺននាក់ហើយ។

អ្នកនាំពាក្យក្រសួងការងារលោក ស៊ុន មេសា បានឱ្យដឹងថាបញ្ហាប្រឈមដែលធ្វើឱ្យពលករចំណាកស្រុកផ្សេងទៀតមិនទាន់អាចរកការងារធ្វើបាននោះគឺមិនបានទទួលព័ត៌មាន និងលេខទូរស័ព្ទទាក់ទងមកក្រសួង ខណៈមួយចំនួនពិបាកសម្របខ្លួនទៅនឹងរបៀបរបបការងារនៅកម្ពុជាដោយសារពួកគេទៅធ្វើនៅថៃយូរឆ្នាំមកហើយ ពុំមានជំនាញ និងខ្លះទៀតពុំមានឯកសារគ្រប់គ្រាន់សម្រាប់ស្វែងរកការងារនោះទេ។ យ៉ាងណាក្ដីលោកថាបញ្ហាទាំងនេះគឺអាចដោះស្រាយបានប្រសិនជាអតីតពលករទាំងនោះទាក់ទងមកក្រសួង។
លោកបន្ថែមថា ជាការងារទៅមុខទៀតក្រសួងនៅតែបន្តជួយសម្របសម្រួលដល់អតីតពលករ បណ្ដុះបណ្ដាលជំនាញបច្ចេកទេស រៀបចំវេទិកាការងារ ផ្សព្វផ្សាយពីការឱកាសការងារក្នុងស្រុកជាបន្តទៀតដើម្បី ជំរុញការងារក្នុងស្រុក និងទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់របស់ពលរដ្ឋ។

លោកថា៖ «ឆ្នាំ២០២៦ យើងនឹងបន្តវេទិការបស់យើងដដែលយើងនឹងធ្វើ៦៦លើកបន្ថែមទៀតក្នុងឆ្នាំ២០២៦ ដែលយើងគ្រោងជំហាននេះត្រឹមខែឧសភា ២០២៦ ដើម្បីបន្តស្រូបទាញបងប្អូនអតីតពលករមួយចំនួនដែលពួកគាត់មិនទាន់សម្រេចចិត្តនៅក្នុងការស្វែងរកការងារធ្វើឬមិនទាន់សម្រេចចិត្តក្នុងការធ្វើការងារនៅក្នុងស្រុកឬក៏ប្រកបរបរអាជីវកម្មនិងបង្កើតរបរដោយខ្លួនឯងនេះជាវិធានការចាំបាច់នឹងសំខាន់ៗដែលយើងបានដាក់ចេញ»។
ត្រលប់ទៅអ្នកស្រី អៀម អេម វិញដោយបានឆ្លើយយ៉ាងពេញចិត្តចំពោះការងារដែលកំពុងធ្វើបច្ចុប្បន្ន អ្នកស្រីរំពឹងថាតាមរយៈចំណូលដែលមានភាពនឹងនពីការងារដែលទទួលបាននេះ នឹងជួយឱ្យស្ថានភាពគ្រួសាររបស់អ្នកស្រីរីកចម្រើន កូនស្រីរបស់អ្នកស្រីបានរៀនសូត្របានខ្ពង់ខ្ពស់។
អ្នកស្រី អៀម អេម៖ «ជួយយើងបានច្រើនដែរ បានខ្ញុំផ្ញើឱ្យកូនរៀន កូនបានចូលរៀនអង់គ្លេសបានអីដែរណាបង។ ខ្ញុំចង់ឱ្យកូនខ្ញុំរៀនឱ្យចប់»៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


