Connect with us

ព័ត៌មានជាតិ

កម្ពុជាបង្កើតច្បាប់ស្ដីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ទន្ទឹមនឹងការបោសសម្អាតឧក្រិដ្ឋជនទ្រង់ទ្រាយធំ

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងយុត្តិធម៌ បានរៀបចំនូវសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះឱ្យសម្រេចបានតាមការគ្រោងទុក។ នេះបើតាមការឲ្យដឹងដោយក្រសួងយុត្តិធម៌នៅថ្ងៃទី១១  ខែកុម្ភៈ និងបញ្ជាក់ថា ច្បាប់នេះ ទទួលបានគោលការណ៍បង្កើតពីសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំជាមួយក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា, ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី, គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ព្រមទាំងអង្គភាពនគរបាលយុត្តិធម៌ ដើម្បីប្រមូលធាតុចូលបន្ថែមផ្នែកបច្ចេកទេស សំដៅធានាភាពគ្រប់ជ្រុងជ្រោយនៃសេចក្តីព្រាងច្បាប់នេះ និងធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយជាលទ្ធផល អង្គប្រជុំបានឯកភាពជារួមលើសេចក្តីព្រាងច្បាប់នេះ។

ក្រសួងយុត្តិធម៌ ឱ្យដឹងតាមរយៈបណ្ដាញសង្គមផ្លូវការថា ÷”ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា  នឹងបង្កើតបានជាក្របខ័ណ្ឌគតិយុត្តមួយដ៏សំខាន់ និង ច្បាស់លាស់បន្ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ, ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល។ បន្ថែមពីនេះ ច្បាប់នេះ ក៏ត្រូវបានរៀបចំឡើង ស្របតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលកម្ពុជាបានចុះហត្ថលេខានាពេលកន្លងមក។“។


រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនល្បឿនក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយក្នុងនោះ  បានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដឹកនាំដោយសម្ដេច ហ៊ុន ម៉ាណែត ផ្ទាល់។

សម្ដេច ហ៊ុន ម៉ាណែត នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៦ បានអំពាវនាវឱ្យពលរដ្ឋខ្មែរ គ្រប់និន្នាការ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរសំដៅលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃនៃកម្ពុជាលើឆាកអន្តរជាតិ។

បន្ទាប់មក សកម្មភាពបង្ក្រាបបទល្មើសទ្រង់ទ្រាយធំ បន្តលេចឡើងជាបន្តបន្ទាប់ ក្នុងនោះបង្ក្រាបបានទីតាំងទ្រង់ទ្រាយតូច និងទ្រង់ទ្រាយធំ តួយ៉ាងនៅដើមខែកុម្ភៈ សមត្ថកិច្ចបង្ក្រាបបានជនសង្ស័យពាក់ព័ន្ធជាង២ពាន់នាក់ នៅខេត្តស្វាយរៀង និងថ្មីៗនេះ ឃាត់ខ្លួនជាង៨រយនាក់នៅខេត្តព្រះសីហនុ។

ក្រោយពីការឃាត់ខ្លួន  អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ក៏បានបណ្ដេញជនបរទេសពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងនោះទៅកាន់ប្រទេសកំណើតផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានគូសបន្ទាត់ក្រហមនៃប្រតិបត្តិការបោសសម្អាតខ្នាតធំ(XXL) ផ្ដាច់ដង្ហើមចុងក្រោយបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺត្រឹមកំឡុងខែមេសា ឆ្នាំ២០២៦ ដោយត្រូវបោសសម្អាតទីតាំងប្រព្រឹត្តបទល្មើសឆបោកអនឡាញ ឱ្យអស់ពីលទ្ធភាព និងឱ្យស្អាត៕

ដោយ/ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម