Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា៖ វគ្គបំប៉នជំនាញនីតិវិធីសួរចម្លើយ បានពង្រឹងសមត្ថភាពនគរបាលទេសចរណ៍

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ លើកឡើងថា វគ្គបំប៉នជំនាញនីតិវិធីសួរចម្លើយ គឺបានពង្រឹងសមត្ថភាព និងចំណេះដឹងវិជ្ជាជីវៈដល់មន្ត្រីនគរបាលទេសចរណ៍ ក្នុងការអនុវត្តនីតិវិធីសួរចម្លើយឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងគោលការណ៍វិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងខណៈលោកឧត្តមសេនីយ៍ឯក អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញនីតិវិធីសួរចម្លើយ ដល់មន្ត្រីនគរបាលទេសចរណ៍ កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។ វគ្គបំប៉នជំនាញនីតិវិធីសួរចម្លើយ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

ថ្លែងក្នុងពិធីបិទវគ្គបំប៉ននេះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សិក្ខាកាមទាំងអស់ដែលបានចូលរួមសិក្សាដោយយកចិត្តទុកដាក់ និងទទួលបានលទ្ធផលល្អប្រសើរ។ លោកក៏បានលើកសរសើរ និងអរគុណដល់គ្រូឧទ្ទេសទាំងអស់ដែលបានខិតខំឆ្លៀតពេលវេលាដ៏មានតម្លៃក្នុងការបង្ហាត់បង្រៀន ចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងដល់សិក្ខាកាម។

លោកឧត្តមសេនីយ៍ឯក ក៏បានណែនាំឱ្យសិក្ខាកាមទាំងអស់ យកចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គបំប៉ននេះ ទៅអនុវត្តជាក់ស្តែងក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលការណ៍ច្បាប់ និងក្រមវិជ្ជាជីវៈនគរបាលជាតិ ដើម្បីចូលរួមចំណែកក្នុងការរក្សាសុវត្ដិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ជាពិសេសលើកកម្ពស់មុខមាត់វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែល្អប្រសើរ។

ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា គូសបញ្ជាក់ថា វគ្គបំប៉ននេះថ្វីត្បិតតែមានរយៈពេលខ្លី ក៏ប៉ុន្តែបានពង្រឹងសមត្ថភាព និងចំណេះដឹងវិជ្ជាជីវៈដល់មន្ត្រីនគរបាលទេសចរណ៍ ក្នុងការអនុវត្តនីតិវិធីសួរចម្លើយឱ្យបានត្រឹមត្រូវស្របទៅតាមច្បាប់ និងគោលការណ៍វិជ្ជាជីវៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងដោះស្រាយករណីពាក់ព័ន្ធនឹងភ្ញៀវទេសចរ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងទំនុកចិត្តដល់ភ្ញៀវជាតិ និងអន្តរជាតិដែលមកទស្សនាកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម