Connect with us

ព័ត៌មានជាតិ

នគរបាលថៃសុំកម្ពុជាលើកពេលកិច្ចប្រជុំបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងការជួញដូរមនុស្សលើកទី២

បានផុស

នៅ

នគរបាលភូមិន្ទថៃ ស្នើសុំអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃកម្ពុជា លើកពេលកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការ សកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងការជួញដូរមនុស្សលើកទី២ ដែល គ្រោងធ្វើនៅថ្ងៃទី១៣ ខែតុលា  នៅទីតាំងស្រុកកំរៀង ខេត្តបាត់ដំបង ដោយពុំទាន់បានកំណត់កាល បរិច្ឆេទថ្មីនៅឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ចេញនៅថ្ងៃទី១១ ខែតុលា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការ សកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងការជួញដូរមនុស្ស ធ្វើឡើងស្របតាមស្មារតីនៃកិច្ចប្រជុំពិសេស GBC នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលភាគីទាំងពីរត្រូវជួបប្រជុំ ដើម្បីពិភាក្សារៀបចំបង្កើតក្រុមការងាររួម ធ្វើផែនការ សកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងការជួញដូរមនុស្ស។

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងពីរបានជួបប្រជុំគ្នាលើកទី១ តាមការគ្រោងទុក ដែលធ្វើឡើងនៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ដោយបានឯកភាពគ្នាកំណត់យក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ រៀបចំកិច្ចប្រជុំលើកទី២ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការ សកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងការជួញដូរមនុស្ស ដែលរៀបចំសេចក្តីព្រាងដោយភាគីកម្ពុជា ប្រព្រឹត្តទៅនៅស្រុកកំរៀង ខេត្តបាត់ដំបង ប៉ុន្តែត្រូវបានភាគីថៃជូនដំណឹងស្នើសុំលើកពេល។

អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាអះអាងថា ដើម្បីអនុវត្តឱ្យបានពេញលេញស្របតាមស្មារតីនៃកិច្ចប្រជុំ GBC កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តទំនាក់ទំនងជាប់ជាប្រចាំជាមួយភាគីថៃ ទាំងតាមយន្តការបុគ្គល ទំនាក់ទំនង និងយន្តការផ្លូវការ រហូតឈានដល់ការកំណត់យកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីរៀបចំ កិច្ចប្រជុំលើកទី២នេះ ប៉ុន្តែនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួល ការជូនដំណឹងពីនគរបាលភូមិន្ទថៃ ស្តីពីការស្នើសុំលើកពេលកិច្ចប្រជុំនេះម្តងទៀត ដោយពុំទាន់បានកំណត់ កាលបរិច្ឆេទថ្មីនៅឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម