Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី៖ ការវិនិយោគលើស្ត្រី និងក្មេងស្រី គឺជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ

បានផុស

នៅ

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកឡើងថា ការវិនិយោគលើស្ត្រី និងក្មេងស្រី គឺជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងការអភិវឌ្ឍនៅកម្ពុជា» នៅទីស្នាក់ការធនាគារពិភពលោកប្រចាំកម្ពុជា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ ពិធីនេះ មានការចូលរួមពីលោកស្រី Tania Meyer ប្រធានធនាគារពិភពលោកប្រចាំកម្ពុជា និងលោកស្រី Towfiqua S. Hoque អ្នកតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ។

លោកស្រីបានគូសបញ្ជាក់ថា នៅពីក្រោយកិច្ចអភិវឌ្ឍនៅកម្ពុជា តែងតែមានស្ត្រីចូលរួមយ៉ាងសកម្ម និងជំរុញពីខាងក្រោយ ដែលនេះបានបង្ហាញតាមរយៈការចូលរួមក្នុងការកសាងសហគមន៍ឡើងវិញ ក្រោយមានជម្លោះជាដើម។ លោកស្រី បានសង្កត់ធ្ងន់ថា នៅពេលស្ត្រីទទួលបានឱកាសស្មើភាពក្នុងការអប់រំ ការងារ និងការចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្ត នោះសេដ្ឋកិច្ចនឹងរីកចម្រើនលឿន សហគមន៍កាន់តែមានភាពរឹងមាំ និងជំនាន់ក្រោយទទួលបានអត្ថប្រយោជន៍យ៉ាងទូលំទូលាយផងដែរ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីមន្ត្រីក្រសួងកិច្ចការនារី បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រគោលនយោបាយ ក៏ដូចជាកម្មវិធីនានា ដែលលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនឱកាសសម្រាប់ស្ត្រី និងក្មេងស្រី ក្នុងការអភិវឌ្ឍសមត្ថភាព និងការចូលរួមជាអ្នកដឹកនាំនៅគ្រប់វិស័យ ដើម្បីរួមចំណែកកសាងសង្គមកម្ពុជាមួយដែលមានភាពរឹងមាំ បរិយាបន្ន និងចីរភាព។

ឆ្លៀតក្នុងឱកាសនេះ លោកស្រី អ៊ឹង កន្ថាផាវី ក៏បានអញ្ជើញចូលរួមឆ្លើយសំណួរ និងផ្លាស់ប្ដូរបទពិសោធលើប្រធានបទទាក់ទងនឹងសមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំស្ត្រី ជាមួយអង្គពិធីទាំងមូលផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម