Connect with us

ព័ត៌មានជាតិ

ក្នុងវិបត្តិសាំងឡើងថ្លៃ៖ កម្ពុជាសម្រេចផ្ដល់ប្រាក់សោហ៊ុយធ្វើដំណើរបន្ថែម១ម៉ឺនរៀលសម្រាប់កម្មករនិយោជិត

បានផុស

នៅ

ក្រោយកិច្ចប្រជុំពិសេសរបស់ក្រសួងការងារ ជាមួយនឹងតំណាងនិយោជក និងតំណាងសហជីព លើការដោះស្រាយផលលំបាករបស់កម្មករនិយោជិត ដែលកំពុងជួបវិបត្តិតម្លៃប្រេងឥន្ទនៈ គឺភាគីទាំងអស់បានឯកភាពផ្ដល់ប្រាក់សោហ៊ុយបន្ថែមចំនួន ២.៥០ដុល្លារក្នុងមួយខែ ជាបណ្ដោះអាសន្នសម្រាប់ថ្លៃធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងនៅក្រោយបញ្ចប់កិច្ចប្រជុំនេះ ថា ប្រាក់សោហ៊ុយបន្ថែមនេះនឹងចាប់អនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ បន្ថែមពីលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ដែលសហគ្រាស ក្រុមហ៊ុន និងរោងចក្រ កំពុងអនុវត្ត រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលមករកប្រក្រតីភាពវិញ។

គួរឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដឹកនាំដោយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំបន្ទាន់ដើម្បីពិនិត្យលទ្ធភាពសម្រួលបន្ទុកចំណាយថ្លៃធ្វើដំណើរជាលក្ខណៈបណ្តោះអាសន្នរបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរ និងកាបូប ក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសកល។

តំណាងភាគីកម្មករនិយោជិត បានសម្ដែងការអរុណដល់សម្តេចធិបតី ហ៊ុន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានចាត់វិធានការជាបន្តបន្ទាប់ក្នុងការធានានូវការចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈ ក៏ដូចជាកាត់បន្ថយពន្ធអាករលើការនាំចូលប្រេងឥន្ធនៈនានា ដើម្បី កាត់បន្ថយតម្លៃលក់រាយប្រេងឥន្ធនៈ សំដៅកាត់បន្ថយចំណាយសោហ៊ុយធ្វើដំណើររបស់ប្រជាពលរដ្ឋ រួមទាំងកម្មករនិយោជិត ក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសកលពេលនេះ។

ភាគីកម្មករនិយោជិត ក៏អរគុណដល់ភាគីនិយោជក ដែលបានឆ្លើយតបជាវិជ្ជមាន និងជាលក្ខណៈពិសេស ដោយបានចូលរួមបន្ថែមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រាលបន្ទុកចំណាយក្នុងកាលៈទេសៈដ៏លំបាកនេះ។

តែយ៉ាងណា តំណាងភាគីកម្មករនិយោជិត បានអំពាវនាវឱ្យកម្មករនិយោជិតទាំងអស់ឱ្យប្រើប្រាស់មធ្យោបាយធ្វើដំណើររួម ឬរថយន្តក្រុង ដែលផ្តល់ដោយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយចំណាយថ្លៃធ្វើដំណើរទៅធ្វើការ ឬរស់នៅប្រចាំថ្ងៃ ជាពិសេសក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម