Connect with us

ព័ត៌មានជាតិ

កម្ពុជា តវ៉ាផ្លូវការចំពោះសកម្មភាពថ្មីរបស់ថៃ រំលោភអធិបតេយ្យភាពតាមព្រំដែន

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការបន្ថែមម្តងទៀត ប្រឆាំងនឹងសកម្មភាពបន្តរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ បន្ទាប់ពីបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មាន សកម្មភាពរំលោភត្រូវបានរាយការណ៍នៅតំបន់ជាច្រើន រួមមាន តំបន់បឹងត្រកួន ដែលត្រូវបានសង្កេតឃើញមានផ្សែងហុយចេញពីទីតាំងចំនួនបី សន្មត់ថាជាផ្ទះកំពុងឆេះ ក្នុងតំបន់លំនៅដ្ឋានរបស់កម្ពុជា ដែលបច្ចុប្បន្នស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់។

នៅតំបន់អូរទឹកចោល ស្ថិតក្នុងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធថៃ ត្រូវបានរាយការណ៍ថាបានបន្តសកម្មភាពឈូសឆាយដីធ្លី និងសាងសង់ផ្លូវ ព្រមទាំងសំណង់បេតុងផ្សេងៗ លាតសន្ធឹងពីតំបន់ប្រាសាទខ្នារ ទៅកាន់តំបន់ប្រាសាទតាក្របី ក្នុងទឹកដីកម្ពុជា។

បន្ថែមពីនេះ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ កងកម្លាំងថៃ រួមជាមួយមន្ត្រីពាក់ព័ន្ធ បានធ្វើសកម្មភាពវាស់វែង និងបែងចែកដីចំនួន៣កន្លែង ដល់ប្រជាពលរដ្ឋថៃ នៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ស្ថិតចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧។

រាជរដ្ឋាភិបាលកម្ពុជាបានសង្កត់ធ្ងន់ថា កម្ពុជាមិនទទួលយកការកំណត់ខ្សែព្រំដែន ឬការទាមទារទឹកដីណាមួយ តាមការអះអាងឯកតោភាគីរបស់ភាគីថៃឡើយ ហើយសកម្មភាពទាំងនេះ មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជា ក្នុងការកំណត់ព្រំដែនអន្តរជាតិ។

ជាមួយគ្នានេះ កម្ពុជាបានអំពាវនាវឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពឯកតោភាគីទាំងអស់ និងអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងពាក់ព័ន្ធ ដើម្បីបន្ថយភាពតានតឹង លើកកម្ពស់ទំនុកចិត្ត សន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អ តាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយវិវាទព្រំដែនតាមវិធីសាស្ត្រសន្តិភាព ស្របច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ខណៈរក្សាជំហរមិនអនុញ្ញាតឱ្យមានការផ្លាស់ប្តូរខ្សែព្រំដែនដោយកម្លាំងឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម