Connect with us

ព័ត៌មានជាតិ

អគ្គនាយករង​គយ ​ឆ្លើយតប​​​ភាព​យឺតយ៉ាវ​​ក្នុង​ការ​​រត់​ឯកសារ​បែបបទ នាំ​ទំនិញ​ចេញចូល​ប្រទេស​កម្ពុជា

បានផុស

នៅ

ក្នុង​វេទិកា​គយ​ និង​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​ លោក សែ សុឃន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បាន​ឆ្លើយតប​ការ​សាកសួរ​ពី​ភាព​យឺតយ៉ាវក្នុងការ​រត់ឯកសារ និង​និតិវិធី​ក្នុង​ការ​នាំ​ទំនិញ​ចេញ​ចូល​ប្រទេស​កម្ពុជា។

លោក សែ សុឃន​ បាន​​ពន្យល់​ពី​នីតិវិធី​មួយ​ចំនួន​ពាក់ព័ន្ធ​ក្នុង​ការ​ស្នើសុំសេវា​សាធារណៈ​ក្នុង​ការ​នាំ​ទំនិញ​ចេញ​ចូល​ប្រទេស​កម្ពុជាមាន​​ដូចជា លិខិតអនុញ្ញាតគយ ការផ្ទៀងផ្ទាត់ដើម​កំណើតទំនិញ (CO) ការ​ផ្ទៀងផ្ទាត់​តម្លៃគិតពន្ធគយ និង​ការស្នើសុំគោលការណ៍លើកទឹកចិត្តរបស់ SME។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សែ សុឃន បញ្ជាក់ថា ការស្នើសុំលិខិតអនុញ្ញាតគយ ការផ្ទៀងផ្ទាត់​ដើមកំណើត​ទំនិញ ឬ​ការ​ទាមទារ​តម្លៃ​ពន្ធ​គយ ត្រូវ​បានកំណត់​ក្នុងប្រកាស​។

ទោះជា​យ៉ាង​ណា ជារឿយៗមានការយឺតយ៉ាវបង្កឡើង​ដោយសារ​មូលហេតុចម្បងៗមួយចំនួន ​ដែល​លោក​ពន្យល់​លម្អិត​ដូច​ខាង​ក្រោម។

១. ការស្នើសុំលិខិតអនុញ្ញាតគយ

បញ្ហា​ខ្វះឯកសារភ្ជាប់៖ ទោះបីជាប្រកាសកំណត់ឱ្យបញ្ចប់ក្នុងរយៈពេល ២ ថ្ងៃ​ក៏ដោយ ប៉ុន្តែ​ជា​រឿយ​ៗ​អ្នក​ស្នើសុំ​មិន​បាន​ភ្ជាប់​មក​ជាមួយនូវលិខិតអនុញ្ញាតពីក្រសួង ឬស្ថាប័ន​ដែល​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះ​ឡើយ។ ហេតុនេះ​មន្ត្រីគយ​ត្រូវ​រក្សាទុក (Hold) ក្នុង​ប្រព័ន្ធ ហើយ​តម្រូវ​ឱ្យអ្នក​ស្នើសុំ​ទៅ​យក​លិខិត​អនុញ្ញាត​​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ទើបអាចបន្តនីតិវិធីបាន។

២. ការផ្ទៀងផ្ទាត់វិញ្ញាបនបត្រដើមកំណើតទំនិញ (CO)

​កម្ពុជា​អនុវត្ត​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជាមួយចិន តម្រូវ​ឱ្យមាន​ច្បាប់ដើម CO ដែល​មាន​ត្រា​ក្រហម ហើយ​ច្បាប់ចម្លង (Duplicate Copy) ក៏​ត្រូវ​មាន​ត្រា​ក្រហម​ដែរ។ ប៉ុន្តែ​អ្នករត់ការមួយចំនួន​មិនបាន​យក​​ច្បាប់ចម្លងពណ៌ក្រហម​មក​ទេ គឺ​បែរ​ជា​ថត​តាម​ទូរសព្ទឬ​យក​ច្បាប់​ថតចម្លង​សខ្មៅ​មក​ឱ្យមន្ត្រី​គយ​​ទៅវិញ ដែលខុស​ពីគោលការណ៍​ចែងក្នុងកិច្ចព្រមព្រៀង។

នៅពេល​មន្ត្រីគយ​បដិសេធនិង​ពន្យល់ពីមូលហេតុ អ្នករត់ការ​ជារឿយៗ​មិនបាន​ប្រាប់ការ​ពិត​ទៅ​ក្រុមហ៊ុន​ឡើយ ដោយ​គ្រាន់តែប្រាប់ថា ដាក់​ឯកសារ​ទៅ​ច្រើន​ថ្ងៃ​ហើយ​តែ​គយ​មិន​ព្រម​ចេញ​ឱ្យ។

ត្រង់ចំណុចនេះ លោក សែ សុឃន បញ្ជាក់​ថា ទិសដៅ​ទៅថ្ងៃមុខ គយ​អាស៊ាន​កំពុងជំរុញការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្ម​តាមរយៈ E-Verification (ការ​ផ្ទៀងផ្ទាត់​តាម​អេឡិចត្រូនិក) ដែល​នឹងជួយឱ្យដំណើរ​ការកាន់តែលឿន និង​ច្បាស់លាស់​ជាង​មុន។

បន្ត​ចុចអាន៖ តាំង​ពី​ឆ្នាំ ២០០៨ គយ​បាន​អនុវត្ត​ការ​ធ្វើ​ទំនើបកម្ម​ និង​កិច្ចសម្រួលការធ្វើពាណិជ្ជកម្មនៅកម្ពុជា

៣. ការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ

​​ការផ្ទៀងផ្ទាត់តម្លៃ​គិត​ពន្ធគយ ចាំបាច់ត្រូវមានឯកសារយោងច្បាស់លាស់ដូចជា វិក្កយបត្រ (Invoice), លិខិត​ឥណទាន (LC – Letter of Credit), និង​កិច្ចសន្យាទិញលក់ (Sales Contract) ជាដើម។ លោក សែ សុឃន បញ្ជាក់។

​នៅពេលមន្ត្រីគយមានការសង្ស័យ និងស្នើសុំឯកសារបន្ថែម (ដូចជា Sales Contract) ក្រុមហ៊ុន ឬអ្នក​រត់​ការ​​មិនបាន​បង្ហាញ​ ហើយ​ក៏សុំដក​ឯកសារ​​ទៅ​​វិញ។ ប៉ុន្តែបែរ​ជា​ទៅ​រាយការណ៍​ប្រាប់​ក្រុមហ៊ុន​ថា គយ​មិនព្រម​ចេញ​ឯកសារ​ឱ្យ​ទៅវិញ ដោយ​លាក់បាំង​រឿង​ដែល​គយ​ទាមទារ LC ឬ Sales Contract។

៤. ការស្នើសុំគោលការណ៍លើកទឹកចិត្តរបស់ SME

ពាក់ព័ន្ធ​ការស្នើសុំគោលការណ៍លើកទឹកចិត្តរបស់ SME លោក សែ សុឃន​ បញ្ជាក់​ថា ប្រសិនបើ SME ចូល​ក្នុងប្រព័ន្ធ​ត្រឹមត្រូវ និង​មានឯកសារគ្រប់គ្រាន់ ក្នុងរយៈពេល ១ ថ្ងៃ ត្រូវតែចេញឱ្យ ព្រោះមានការ​បង្កើត Channel Telegram សម្រាប់​ពិនិត្យ​រវាង​សាខា​និង​អគ្គនាយកដ្ឋាន។

​លោក សែ សុឃន លើកឡើង​មូលហេតុកន្លងមក​យឺតយ៉ាវដោយសារ​ម្ចាស់ SME មួយចំនួន​នៅមិនទាន់យល់​ដឹងពី​នីតិវិធី​ច្បាស់​លាស់។ ពួកគាត់មក​សុំកា​រលើក​ទឹកចិត្ត​គយ ដោយ​មានភ្ជាប់តែ​លក្ខន្តិកៈ​ក្រុមហ៊ុន​ដែល​ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ប៉ុណ្ណោះ។

នៅពេលមន្ត្រីគយសួររកបណ្ណ​ចុះបញ្ជីការ​នៅក្រសួង​ឧស្សាហកម្ម ឬ​ការ​ចុះ​បញ្ជី​ពន្ធដារ ពួកគាត់​គ្មាន​ឯកសារ​​បង្ហាញ ក៏ដក​ពាក្យ​ត្រឡប់ទៅវិញ ហើយ​ទៅ​និយាយ​ខាង​ក្រៅ​ថា “មក​សុំគយ​ពិបាក​ណាស់ អក្សរ​លើ​​ក្រដាស​មើល​ទៅងាយ​ស្រួល តែ​មក​ធ្វើ​ពិត​ប្រាកដ​គឺ​មិន​ចេញ​ឱ្យ ដោយមិន​បាន​និយាយ​ថា​មក​ពីខ្លួន​ឯង​ខ្វះឯកសារពន្ធដារ ឬ​ឯកសារ​ក្រសួង​ឧស្សាហកម្ម​នោះ​ឡើយ។

លោក សែន សុឃន បន្ត​ថា ប្រសិនបើម្ចាស់​អាជីវកម្ម ឬ SME ចូលក្នុងប្រព័ន្ធ យល់ដឹង​ពីនីតិវិធី និង​រៀបចំ​ឯកសារ​តម្រូវ​បាន​ត្រឹមត្រូវច្បាស់​លាស់​នោះ ការផ្តល់សេវានឹងត្រូវបញ្ចប់ក្នុងរយៈពេល ១ ទៅ ២ ថ្ងៃ​យ៉ាង​យូរ។

ភាព​យឺតយ៉ាវភាគច្រើន​គឺកើតឡើងដោយសារកំហុសឆ្គង ឬ​ការខ្វះខាត​ឯក​សារ​ពី​ខាង​ភាគី​អ្នក​ស្នើ​សុំផ្ទាល់។ លោក​បន្ថែម៕

បន្ត​ចុចអាន៖ តើ​សហគ្រាស​ក្នុង​ស្រុក​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ពន្ធ​អ្វី​ខ្លះ ពេល​ចុះ​បញ្ជី​ចូល​ក្នុង​ប្រព័ន្ធ?

បន្តចុចអាន៖ ពន្ធដារ​សម្រួល​នីតិវិធី រៀបចំ​យុទ្ធសាស្ត្រ​កំណែ​ទម្រង់ ​លើក​ទឹកចិត្ត​ជាច្រើន​ជំរុញ SME ចូល​ក្នុង​ប្រព័ន្ធ​ពន្ធដារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម