Connect with us

ព័ត៌មានជាតិ

អាម៉េរិកបញ្ជាក់ជាថ្មីថាខ្លួនកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានការណ៍វិវត្តព្រំដែនកម្ពុជា-ថៃ

បានផុស

នៅ

សហរដ្ឋអាម៉េរិកបានបញ្ជាក់ថា ខ្លួនកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការវិវត្តនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានកោតសរសើរកម្ពុជាដែលបន្តប្តេជ្ញាដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការទូត។ ការបញ្ជាក់នេះ ត្រូវបានលើកឡើងក្នុងជំនួបសម្តែងការគួរសមរវាងលោកស្រី Aleksandra Zittle ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំហររបស់សហរដ្ឋអាម៉េរិកក្នុងការបន្តតាមដានការវិវត្តនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ខណៈស្ថានភាពនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនក្នុងតំបន់មួយចំនួននៅតែមានភាពផុយស្រួយ។ នេះដោយសារតែយោធាថៃ បន្តធ្វើសកម្មភាពខុសច្បាប់រំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជា ទោះបីមានបទឈប់បាញ់ជាធរមានក៏ដោយ។

ជាមួយគ្នានេះ ពលរដ្ឋខ្មែរប្រមាណ ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាននៅឡើយ ដោយសារលំនៅឋាន និងតំបន់រស់នៅមួយចំនួនត្រូវបានយោធាថៃព័ទ្ធកាន់កាប់ តាមរយៈការរាយលួសបន្លា និង ការដាក់ទូកុងតឺន័រជាដើម។

សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា បានទម្លាយឱ្យដឹងពីជំនួបនោះថា លោក ប្រាក់ សុខុន បានជម្រាបជូនលោកស្រី Aleksandra Zittle អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់សារជាថ្មីថា កម្ពុជាបន្តប្រកាន់ជំហរដោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ លោកក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាម៉េរិក ដែលបានគាំទ្រសន្តិភាព ស្ថិរភាព និងការចូលរួមប្រកបដោយស្ថាបនាក្នុងតំបន់ ព្រមទាំងជំនួយហិរញ្ញវត្ថុដែលបានផ្តល់ដល់កម្ពុជា។

ជាការឆ្លើយតប ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ លោកស្រីបានបញ្ជាក់សាជាថ្មីនូវការ យកចិត្តទុកដាក់ខ្ពស់ របស់សហរដ្ឋអាម៉េរិក ចំពោះស្ថានការណ៍វិវត្ត និងបានកោតសរសើរចំពោះការប្តេជ្ញា ចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការទូត។ តាមរយៈជំនួបនេះ ភាគីទាំងពីរបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុងការរក្សាកិច្ចសន្ទនាយ៉ាងជិតស្និទ្ធ និងបន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជំរុញផលប្រយោជន៍ទៅវិញទៅមក និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់គ្នាលើការលើកកម្ពស់ភាពជាដៃគូយូរអង្វែង រវាងកម្ពុជា-សហរដ្ឋអាម៉េរិក និងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ដើម្បីជាផលប្រយោជន៍ទៅ វិញទៅមក។ លើសពីនេះ ភាគីទាំងពីរបានកត់សម្គាល់ចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនងកម្ពុជា- សហរដ្ឋអាម៉េរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការពង្រីកពាណិជ្ជកម្ម និងវិនិយោគ កំណើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាទៀងទាត់ និងការពង្រឹងកិច្ចសហការលើវិស័យនានាជាច្រើនរួមមានកិច្ចសហប្រតិបត្តិការការពារជាតិ ឧក្រិដ្ឋកម្មឆ្លងដែន ការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិរក្សមរតកវប្បធម៌។

គួរជម្រាបថា សហរដ្ឋអាម៉េរិក បានដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញឱ្យភាគីកម្ពុជា និងថៃចូលតុចរចា ស្វែងរកដំណោះស្រាយយសន្តិវិធី រហូតមានបទឈប់បាញ់ ដែលត្រូវបានរៀបចំឡើងកាលពីខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម