ព័ត៌មានជាតិ
ក្រសួងការងារ ជំរុញការអនុវត្តផែនការមេ សុវត្ថិភាពការងារ ឱ្យកាន់តែមានប្រសិទ្ធភាព
ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពស់ខ្ពង់របស់លោក ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី ដើម្បីវាយតម្លៃលទ្ធផលពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧។

កម្មវិធីនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធនិម្មិត ZOOM ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមមាន ក្រសួង ស្ថាប័ន អង្គការ និងដៃគូអភិវឌ្ឍន៍ ជាពិសេសសមាគមនិយោជក និងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត។

ថ្លែងក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា សិក្ខាសាលានាពេលនេះមានសារៈសំខាន់បំផុតក្នុងការតាមដាន និងបូកសរុបលទ្ធផលការងារដែលបានអនុវត្តអស់រយៈពេល ៣ឆ្នាំកន្លងមក ក៏ដូចជាការប្រមូលធាតុចូលដើម្បីដោះស្រាយបញ្ហាប្រឈមនានាឱ្យកាន់តែមានប្រសិទ្ធភាព។ ការងារសុវត្ថិភាព និងសុខភាពការងារនេះ គឺជាផ្នែកមួយមិនអាចខ្វះបាននៃ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលផ្តល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើង សំដៅប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ក្នុងស្មារតីជំរុញការអនុវត្តផែនការមេលើកទី៣ លោកជំទាវបានលើកឡើងពីយុទ្ធសាស្ត្រគន្លឹះចំនួន ៦ ដែលក្រសួងកំពុងយកចិត្តទុកដាក់ ដោយក្នុងនោះរួមមាន ការរៀបចំក្របខ័ណ្ឌច្បាប់ និងគោលនយោបាយឱ្យស្របតាមបទដ្ឋានអន្តរជាតិ ការបង្កើតហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទាំងថ្នាក់ជាតិ និងសហគ្រាស ការពង្រឹងការអនុវត្តច្បាប់តាមរយៈអធិការកិច្ចការងារ ការបង្កើនកិច្ចសហការរវាងនិយោជកនិងកម្មករនិយោជិត ការលើកកម្ពស់បរិយាកាសការងារក្នុងសហគ្រាសខ្នាតតូចនិងមធ្យម និងការលុបបំបាត់ពលកម្មកុមារ ព្រមទាំងការបង្ការជំងឺផ្សេងៗនៅកន្លែងធ្វើការ។ លោកជំទាវបានមានប្រសាសន៍បន្ថែមថា ក្រសួងកំពុងពន្លឿនការកសាងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ក្រោមការជួយជ្រោមជ្រែងពីជំនាញការនៃសាធារណរដ្ឋកូរ៉េ និងអង្គការ ILO ដើម្បីធានាបាននូវបរិយាកាសការងារល្អ និងបង្កើនផលិតភាពការងារ។ ក្រៅពីការរៀបចំច្បាប់ ក្រសួងក៏បានដាក់ចេញនូវកម្មវិធីគាំទ្រជាក់ស្តែងជាច្រើនដើម្បីដោះស្រាយបញ្ហាឱ្យដល់មូលដ្ឋាន។

ជាមួយគ្នានេះ លោកជំទាវ បានរំលេចនូវយន្តការប្រកួតប្រជែងពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» និងកម្មវិធីកែលម្អរបៀបធ្វើការជាច្រើនទៀតដូចជា កម្មវិធី WISH សម្រាប់អ្នកធ្វើការតាមផ្ទះ កម្មវិធី WISE សម្រាប់សហគ្រាស កម្មវិធី WIND សម្រាប់តាមភូមិដ្ឋាន និងកម្មវិធីដទៃទៀតដែលគ្របដណ្តប់ទាំងផ្នែកសំណង់ យុវជន និងការគ្រប់គ្រងកាកសំណល់។ កម្មវិធីទាំងនេះត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថាគ្មានកម្មករនិយោជិតណាម្នាក់ត្រូវបានបោះបង់ចោល ទោះបីជាពួកគេស្ថិតក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធក៏ដោយ។

ដើម្បីឱ្យការអនុវត្តការងារបន្តទៅមុខដោយជោគជ័យ លោកជំទាវបានផ្តល់អនុសាសន៍ឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ បន្តកសាងសមត្ថភាពមន្ត្រីអធិការកិច្ចឱ្យមានជំនាញច្បាស់លាស់ និងត្រូវបង្កើតប្រព័ន្ធរាយការណ៍ទិន្នន័យសុវត្ថិភាពការងារឱ្យបានរឹងមាំសម្រាប់ជាមូលដ្ឋានក្នុងការដាក់ចេញគោលនយោបាយនាពេលអនាគត៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


