Connect with us

ព័ត៌មានជាតិ

ទំនប់អាងកំពីងពួយ ក្លាយជា​ទីប្រជុំ​ជន​លក់ដូរ​ដ៏មមាញឹក ខណៈទេសចរ​ទៅកម្សាន្តឥតដាច់​​ជារៀងរាល់ថ្ងៃ

បានផុស

នៅ

ទំនប់អាងកំពីងពួយ បានក្លាយជាទីផ្សារដ៏ធំដែលជាប្រភពរកចំណូលរបស់ប្រជាពលរដ្ឋ​ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។ ចាប់ពីម៉ោង ២:០០​ នាទីរសៀល អាជីវករបានចាប់ផ្តើមរៀបចំលក់ដូររហូតដល់ម៉ោងប្រមាណចន្លោះពីម៉ាង ០៩ ដល់ម៉ោង​ជាង ១០ យប់ ខណៈទេសចរបាននាំគ្នា​មក​កម្សាន្ត​ឥតដាច់​ពីថ្ងៃ​រសៀលរហូតដល់យប់។

បច្ចុប្បន្ន​នេះ ខ្នងទំនប់អាងកំពីងពួយបានក្លាយជាទីផ្សារដ៏ធំមួយសម្បូរទៅដោយគ្រឿងបរិភោគចម្រុះ​មានទាំងដាក់ស្លាកប៉ាណូ​ធំៗ និងមានកញ្ចុះប្រកស្បូវសម្រាប់ទទួលភ្ញៀវបរិភោគអាហារជាលក្ខណះគ្រួសារផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋក្នុងមូលដ្ឋាន​និយាយថា ក្រោយទំនប់អាងកំពីងពួយលេចចេញជា​រូបរាង ពួកគាត់​អាចរក​ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបានប្រសើរជាងមុន​ តាមរយ:ការច្នៃម្ហូបអាហារសម្រាប់តម្រូវការដល់ភ្ញៀវមកកម្សាន្ត។

ពលរដ្ឋ​បន្តថា ក្រៅពីពលរដ្ឋក្នុងមូលដ្ឋាន ក្នុងតំបន់ទេសចរណ៍នេះ​ឃើញ​​មានប្រជាពលរដ្ឋមកពីតំបន់ឆ្ងាយៗ​ក៏​មក​​បើក​លក់ដូរ ក្នុងនោះក៏​មានអាជីវករមកពីក្រុងបាត់ដំបងជាច្រើន​ផងដែរ។

អ្នកស្រី ស៊ុន សុផាត ដែលមានទីលំនៅក្នុងភូមិព្រៃផ្តៅស្ថិតនៅចម្ងាយប្រមាណជាង ៤ គីឡូម៉ែត្រពីអាងកំពីងពួយ​បានប្រាប់​ថា នៅក្នុងភូមិអ្នកស្រីមានអ្នកទៅលក់ដូរច្រើនគួរសម អ្នកខ្លះក៏មិនមែនជាអ្នកលក់ដូរក្នុងភូមិ ក៏បាន​បង្កើតមុខរបរថ្មី​ ដើម្បីយកទៅលក់លើខ្នងទំនប់ក្នុងការរកចំណូលទ្រទ្រង់ជីវភាពគ្រួសារ។

ស្ត្រីរូបនេះបានអះអាងថា ការលក់ដូររបស់អ្នកស្រី​ក្នុងមួយថ្ងៃអាចរកចំណូលបានចន្លោះពី ២៥ ដល់ ៣០ មុឺនរៀល ខណះជ្រូកខ្វៃលក់ក្នុងមួយចានតម្លៃ ២ មុឺនរៀល។

ស្រ្តី​រូបនេះ​បានសម្តែងអារម្មណ៍​រីករាយ ដោយសារមើលឃើញកម្រិតជីវភាពក្នុងគ្រួសារបានប្រសើរជាងគ្រាមុន ខណះរយះពេលខ្លីតែអ្នកស្រីនិងស្វាមីបានរកចំណូលបានសេសសល់ខ្លះក្នុងគ្រួសារ សម្រាប់ជាទុនបំរុងក្នុងរដូវដាំដុះស្រូវវស្សានៅពេលខាងមុខ។

លោក ស្រេង សុខា អភិបាលស្រុកបាណន់​ខេត្តបាត់ដំបងបាន​បញ្ជាក់ថា ការលក់ដូរបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋលោកមិនហាមឃាត់នោះទេ តែលោកសុំឲ្យមានសណ្តាប់ធ្នាប់និងអនាម័យល្អ រង់​ចាំការរៀបចំសាងសង់ផ្សារសហគមន៍រួចរាល់ អាជីវករទាំងអស់អាចចូលលក់បានហើយទុកខ្នងទំនប់ជាកន្លែងដើរកម្សាន្ត។

លោក ហម អរុណ មន្រ្តីមន្ទីរទេសចរណ៍​ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា រមណីយដ្ឋានអាងកំពីងពួយនឹងមានការរៀបចំបន្ថែមមួយចំនួនទៀតដើម្បីឲ្យមានសណ្តាប់ធ្នាប់ជាងនេះមានដូចជា ចំណត​រថយន្ត និងម៉ូតូ ធ្វើរោងអង្គុយលេងកម្សាន្ត និងផ្សារសហគមន៍ជាដើមផង។

តាមគោលការរដ្ឋបាលខេត្តផ្តោតទៅលើការរៀបចំសណ្តាប់ធ្នាប់ និងអនាម័យល្អ មុននឹងឈានដល់ការបង្កើត​ឲ្យមានចំណតរថយន្ត និងរោងអង្គុយកម្សាន្ត និងបង្កើតជាផ្សារសហគមន៍នៅទីនោះ។

លោកបន្តថា ការបង្កើតចំណតរថយន្តនិងផ្សារសហគមន៍ រដ្ឋបាលខេត្តកំពុងសិក្សាលើទីតាំងណាមួយឲ្យបានសមរម្យ ជាមុន ដើម្បីកុំឲ្យមានការប៉ះពាល់ទីតាំងកម្សាន្តរបស់ភ្ញៀវ។

ការបង្កើតផ្សារសហគមន៍ នៅតំបន់អាងកំពីងពួយនេះជាការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ របស់ប្រជាសហគមន៍នៅតំបន់នោះឲ្យកាន់តែប្រសើរឡើង ខណះការដាក់តាំងលក់គឺជាផលិតផលរបស់ប្រជាសហគមន៍នៅតំបន់នោះផ្ទាល់ ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រចាំថ្ងៃពលរដ្ឋ​ឲ្យកាន់តែប្រសើជាងគ្រាកន្លងទៅ៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម